ជាតិ
បំពងសំឡេងរំខាននៅខេត្តព្រះសីហនុ ប្រឈមពិន័យអន្តរការណ៍ ហើយអាចឈានដល់ការផ្តន្ទាទោស លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបថត រដ្ឋបាលខេត្ត
× លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានជម្រាបទៅម្ចាស់អាជីវកម្មមណ្ឌលទេសចរណ៍មនុស្សពេញវ័យទាំងអស់ ពិសេសនៅតាមឆ្នេរអូរឈើទាល ឱ្យអនុវត្តតាមកម្រិតស្តង់ដារសំឡេងអតិបរមា។ ករណីល្មើស រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។
ក្នុងលិខិត លោក គួច ចំរើន បានបញ្ជាក់ពីការចាត់តាំងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត ក្នុងការវាស់សំឡេងជាក់ស្តែង ហើយពិនិត្យឃើញថា អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យមួយចំនួន មានការបំពងសំឡង លឺៗ លើសកម្រិតស្តង់ដារ កំណត់មានចាប់ពី ៧៩.៦ដេស៊ីបែល (dB(A)) ដល់ ៩០.២ដេស៊ីបែល (dB(A))។
លោកអភិបាលខេត្ត បានលើកឡើងថា ការមិនគោរពស្តង់ដារសំឡេង បានធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន ជាពិសេសនៅតាមឆ្នេរអូរឈើទាល។
ជាមួយគ្នានេះ លោក គួច ចំរើន បានតម្រូវឱ្យម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យទាំងអស់ អនុវត្តតាមកម្រិតកំណត់ស្តង់ដារសំឡេងអតិបរមា ដោយចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច គឺស្តង់ដារសំឡងអតិបរមា ៧៥ដេស៊ីបែល (dB(A)), ពីម៉ោង៦ល្ងាចដល់ម៉ោង៨យប់ ៧០ដេស៊ីបែល (dB(A)) និងចាប់ពីម៉ោង៨យប់ដល់៦ព្រឹក គឺ៥០ដេស៊ីបែល (dB(A)) ជាអតិបរិមា។
«បើម្ចាស់អាជីវកម្មទាំងអស់ មិនអនុវត្តតាមការកំណត់ខាងលើ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ដោយត្រូវទទួលពិន័យអន្តរការណ៍ ឬផ្តន្ទាទោសដោយយោង ទៅតាមមាត្រា២០ មាត្រា២១ មាត្រា២២ មាត្រា២៣ និងមាត្រា២៥ ជំពូកទី៩ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ»។ នេះជាសារព្រមានពីសំណាក់លោកអភិបាលខេត្ត។
ការពិន័យជាអន្តរការណ៍ មានពី៥សែនទៅ១លានរៀល ហើយករណីពុំរាងចាល អ្នកប្រព្រឹត្តប្រឈមផ្ទន្ទាទោសពី១លានទៅ៥លានរៀល ឬផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់៣ខែ ឬទោសទាំងពីរនេះ។ ក្នុងច្បាប់ដដែល បើការប្រព្រឹត្តបង្កឱ្យមានគ្រោះថ្នាក់ដល់រាងកាយ ឬជីវិតមនុស្ស ទ្រព្យសម្បត្តិឯកជន សាធារណៈ ដល់បរិស្ថាន ធនធានធម្មជាតិ ត្រូវផ្តន្ទាទោសពិន័យពី១០លានទៅ៥០លានរៀល ឬផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ឬទោសទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com