ជាតិ
សម្តេច ហ៊ុន ម៉ាណែត បង្កើតគណៈបញ្ជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
15, Feb 2024 , 8:59 pm        
រូបភាព
លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (ខាងឆ្វេង) និង លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (ខាងឆ្វេង) និង លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបង្កើតគណៈបញ្ជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានលោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប្រធាន និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអនុប្រធាន។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលចេញថ្ងៃទី ១៤កុម្ភៈ។

 
បើគិតទាំងប្រធាន និងអនុប្រធាន គណៈបញ្ជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានសមាជិកទាំងអស់ ១៩នាក់។ គណៈបញ្ជាការនេះ មានភារកិច្ចដឹកនាំបញ្ហា និងចាត់តាំង អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល។
 
លោក ស ថត អគ្គ​ស្នងការនគរបាលឃាតិ ទទួលបន្ទុកជា​ប្រធាន​លេខាធិការដ្ឋាន, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជា​ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ, លោក ប្រាក់ សំអឿន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធានគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល។
 
គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ដឹកនាំ​ដោយ​លោក កង សុខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមាន​អនុគណៈកម្មការ​៣ គឺអនុគណៈកម្មការ​បណ្តាខេត្ត​ជាប់ព្រំដែនភាគឦសាន ដែលមាន​លោក ប៊ុនប៉ា ម៉ារីលុច អគ្គ​ស្នងការរងនគរបាលជាតិជាប្រធាន, អនុគណៈកម្មការតាម​ច្រកទ្វារព្រំដែន ក្រោមការដឹកនាំ​របស់​លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអនុគណៈកម្មការបង្ការ ទប់ស្កាត់ និង​បង្ក្រាបគ្រឿងញៀនតាម​បញ្ញើ​ប្រៃសណីយ៍ដែល​ដឹកនាំ​ដោយ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។
 
គណៈកម្មការទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មការផ្គត់ផ្គង់ ដឹកនាំ​ដោយ លោក កេត សោផាន់ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី, លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញ​វត្ថុ ជាប្រធានគណៈកម្មារផ្គត់ផ្គង់៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com