សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គូស្វាមីភរិយាចំនួន១២០០គូ បានរៀបការរួមគ្នានៅថ្ងៃបុណ្យនៃក្តីស្រឡាញ់
15, Feb 2024 , 5:29 pm        
រូបភាព
គូស្នេហ៍​ថើប​គ្នា​ក្នុង​ពិធី​មង្គលការ​ដ៏​ធំ​មួយ​នៅជាយក្រុង​ម៉ិកស៊ីកូ ​។ រូបថត ៖ AFP
គូស្នេហ៍​ថើប​គ្នា​ក្នុង​ពិធី​មង្គលការ​ដ៏​ធំ​មួយ​នៅជាយក្រុង​ម៉ិកស៊ីកូ ​។ រូបថត ៖ AFP
គូស្វាមីភរិយាប្រហែល ១២០០គូបានរៀបការនៅជាយទីក្រុងម៉ិកស៊ីកូក្នុងព្រឹត្តិការណ៍បុណ្យនៃក្តីស្រឡាញ់ប្រពៃណីក្នុងតំបន់ Nezahualcoyotl។

 
គូស្នេហ៍​ជាច្រើន​ជំនាន់​បាន​រៀបចំ​ពិធី​មង្គលការ​នៅ​តំបន់ Nezahualcoyotl កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ។ ប្រពៃណីប្រចាំឆ្នាំនេះត្រូវបានគេហៅថា matrimonio colectivo ឬអាពាហ៍ពិពាហ៍សមូហភាព។ 
 
មនុស្សមួយចំនួនជ្រើសរើសការរៀបការរបៀបនេះដើម្បីសន្សំថ្លៃចំណាយបានមួយផ្នែក។  Rosalin Ruiz អាយុ ២៨ ឆ្នាំបាននិយាយថា អាពាហ៍ពិពាហ៍ធម្មតាមានតម្លៃថ្លៃណាស់។ នាងបានរៀបការជាមួយមិត្តប្រុសរបស់នាង Ricardo Reyes អាយុ ៣០ឆ្នាំ។
 
សំឡេង​អបអរសាទរ​​បាន​បន្លឺ​ឡើង​នៅ​ក្នុង​រោងការដ៏ធំ ពេលដែល​ Sonia Cruz ប្រធាន​ការិយាល័យ​អត្រានុកូលដ្ឋាន​របស់​រដ្ឋ​បាន​បញ្ជាក់ថា​ការ​រៀបការ​របស់​គូស្នេហ៍​គឺ​ស្រប​ច្បាប់ ហើយ​បាន​អញ្ជើញ​ឲ្យពួកគេ​​ថើបគូស្នេហ៍របស់ខ្លួន។
 
ការរៀបចំពិធីនៅឆ្នាំនេះ ត្រូវបានឧបត្ថម្ភដោយការិយាល័យអភិបាលក្រុងក្នុងតំបន់ ដោយមានការប្រគល់អំណោយដូចជា ទូរទស្សន៍ និងកៅអីដៃដល់គូស្វាមីភរិយាដែលភ្ជាប់ពាក្យយូរបំផុតចំនួន៣គូនៅ Nezahualcoyotl។ 
 
លោកស្រី Dona Rosa ដែលបានភ្ជាប់ពាក្យយូរបំផុតនៅ Nezahualcoyotl បាននិយាយថា ៖« វាជាការរំលឹកថា ស្នេហាអាចស្ថិតស្ថេរពេញមួយជីវិត។ យើងមានមោទនភាពដែលឃើញគូស្នេហ៍វ័យក្មេងជាច្រើនដើរតាមគន្លងរបស់យើង»។ នេះបើតាមសារព័ត៌មាន BBN Breaking។ 
 
ពិធីមង្គលការដ៏ធំមួយប្រព្រឹត្តិនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ក៏បានប្រារព្ធនៅប្រទេសនីការ៉ាហ្គាដែរ ដោយមានគូស្នេហ៍ចំនួន ២០០គូបានរៀបការនៅតំបន់ Xolotlan នៃទីក្រុង Managua៕ 

Tag:
 រៀបការ
  គូស្វាមីភរិយា
© រក្សាសិទ្ធិដោយ thmeythmey.com