សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួមចុះកិច្ចព្រមព្រៀងស្តីពីច្រករបៀងពាណិជ្ជកម្មឆ្លងទ្វីប
15, Feb 2024 , 6:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ( ឆ្វេង) និងប្រមុខដឹកនាំអេមីរ៉ាតអារ៉ាប់រួម Mohamed Bin Zayed ។ រូបភាព​៖ X/ @narendramodi
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ( ឆ្វេង) និងប្រមុខដឹកនាំអេមីរ៉ាតអារ៉ាប់រួម Mohamed Bin Zayed ។ រូបភាព​៖ X/ @narendramodi
ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី១៣ ខែកុម្ភៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍ច្រករបៀងពាណិជ្ជកម្មឆ្លងទ្វីប។ គម្រោងនេះ នឹងជួយតភ្ជាប់ឥណ្ឌាជាមួយអឺរ៉ុបតាមរយៈបណ្តាប្រទេសនៅមជ្ឈិមបូព៌ាដោយតាមរយៈផ្លូវសមុទ្រ និងផ្លូវដែក។

 
ក្រសួងការបរទេសឥណ្ឌាបាននិយាយថា កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះត្រូវបានសម្រេចក្នុងអំឡុងដំណើរទស្សនកិច្ចលើកទី៧ របស់នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ទៅកាន់អេមីរ៉ាតអារ៉ាប់រួម។ យ៉ាងណាមិញ ភាគីអេមីរ៉ាតអារ៉ាប់រួមមិនទាន់បានប្រកាសអំពីខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងនេះទេ។
 
គម្រោងសាងសង់ច្រករបៀងពាណិជ្ជកម្មថ្មីរវាង ឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប ត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវបានគេដាក់ឈ្មោះថា game changer ។ មេដឹកនាំនៃបណ្តាប្រទេសឥណ្ឌា អាម៉េរិក អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុបបានរួមគ្នាបង្ហាញច្រករបៀងសេដ្ឋកិច្ចដ៏ធំនេះនៅថ្ងៃទី ៩ ខែកញ្ញាខាងក្រៅកិច្ចប្រជុំកំពូល G20 ។
  
ច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ាលាតសន្ធឹងពីឥណ្ឌាឆ្លងកាត់សមុទ្រអារ៉ាប់ទៅអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត មុនពេលតភ្ជាប់តាមរយៈហ្សកដានី និងអ៊ីស្រាអែលទៅកាន់អឺរ៉ុប។

គម្រោងថ្មីនេះនឹងមានច្រករបៀងពីរ។ ច្រករបៀងខាងកើតនឹងតភ្ជាប់ឥណ្ឌាជាមួយបណ្តាប្រទេសឈូងសមុទ្រ ហើយច្រករបៀងភាគខាងជើងនឹងតភ្ជាប់ឈូងសមុទ្រអារ៉ាប់ជាមួយអឺរ៉ុប។ ច្រករបៀងនឹងមានបណ្តាញផ្លូវទឹករហូតដល់ផ្លូវដែក ដើម្បីជួយសម្រួលដល់ការដឹកជញ្ចូនសម្រាប់ប្រទេសនានាជាសមាជិក។ គម្រោងនេះ​ និងមានការដាក់ពង្រាយបណ្តាញខ្សែកាបសម្រាប់តភ្ជាប់អគ្គិសនី និងឌីជីថល រួមទាំងបំពង់សម្រាប់ការនាំចេញអ៊ីដ្រូសែន។ 
 
មនុស្សជាច្រើនចាត់ទុកច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប ជាចេតនាដែលឥណ្ឌាប្រឆាំងនឹងគម្រោង BRI។ ទីក្រុងញូវដែលីបានប្រឆាំងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតារបស់លោក ស៊ី ជាយូរមកហើយដោយសារតែ BRI ឆ្លងកាត់ទឹកដីបាគីស្ថានមួយផ្នែកដែលឥណ្ឌាចាត់ទុកថាជាទឹកដីខ្លួន៕
 

Tag:
 ឥណ្ឌា
  ច្រករបៀង
  អេមីរ៉ាតអារ៉ាប់រួម
© រក្សាសិទ្ធិដោយ thmeythmey.com