កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិកសមាគមបាល់ទាត់កូរ៉េខាងត្បូង ណែនាំឱ្យបញ្ចប់លោក Klinsmann ពីតំណែង
16, Feb 2024 , 9:29 am        
រូបភាព
មន្ត្រីជាន់ខ្ពស់ក្នុងសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA ) បានណែនាំឱ្យ​បញ្ចប់តំណែងលោក Jurgen Klinsmann ដែលជាគ្រូបង្វឹកក្រុមកូរ៉េខាងត្បូង។  ​មន្ត្រីរូបនោះបានអះអាងថា​ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ គឺចាំបាច់ខ្លាំង បន្ទាប់ពីក្រុមបានធ្លាក់ចេញពីពាន Asian Cup និងទំនាស់របស់កីឡាករល្បីៗនៅក្នុងក្រុមរួចមក។


«យើងបានឈានដល់ការយល់ស្របថា Klinsmann នឹងមិនអាចអនុវត្តការដឹកនាំរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិសម្រាប់ហេតុផលផ្សេងៗ ហើយថាការផ្លាស់ប្តូរភាពជា អ្នក​ដឹកនាំនេះគឺជារឿងចាំបាច់បំផុត។»។ នេះបើតាមការលើកឡើងរបស់លោក Hwangbo Kwan សមាជិកគណៈកម្មាធិការសមាគមបាល់ទាត់កូរ៉េខាងត្បូង។
 
យ៉ាងណាក៏ដោយ គណៈកម្មាធិការមិនទាន់មានការសម្រេចចិត្ត​ណាមួយនៅឡើយ ប៉ុន្តែបញ្ហា​នឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សាសមាគម KFA ដើម្បីត្រួតពិនិត្យ និង​សម្រេចចិត្ត​ចុងក្រោយ។
 
ក្រោយកិច្ចប្រជុំរយៈពេល ៣ ទៅ ៤ ម៉ោងបានបញ្ចប់ លោក ​Hwangbo បានបញ្ជាក់ថា គណៈកម្មាធិការបានសម្រេចចិត្តរួចរាល់ហើយ សម្រាប់តំណែងរបស់លោក Klinsmann ចំពោះភាពបរាជ័យនៃការដឹកនាំ នា អំឡុងការប្រកួតដ៏ខកចិត្ត សម្រាប់កូរ៉េខាងត្បូងក្នុង ពេលប្រជែងពានរង្វាន់ Asian Cup 2024។
 
លោក Hwangbo បន្តថា៖«ការរៀបចំយុទ្ធសាស្ត្រធ្លាក់ចុះ ហើយមានមតិដែលថា Klinsmann ការតាំងចិត្តស្វែងរកទេពកោសល្យថ្មីសម្រាប់ក្រុមរបស់គាត់ បានបរាជ័យ​ហើយគាត់ក៏បរាជ័យ ក្នុងការបញ្ចៀសបញ្ហា និងដោះស្រាយជម្លោះផ្ទៃក្នុង ឬអារម្មណ៍​ក្នុងចំណោមសមាជិកក្នុងក្រុម ពីភាពជាអ្នកដឹកនាំរបស់គាត់។ មានការពិនិត្យឡើងវិញ ដែលថាគាត់ហាក់​មិនអើពើនឹងសាធារណជនកូរ៉េខាងត្បូង​សម្រាប់ការកាន់តំណែងដ៏ខ្លី​របស់លោក ដែលធ្វើឱ្យមានការបាត់បង់ទំនុកចិត្តលើលោក។»។
 
លោក Klinsmann​ ចាប់ផ្តើមរងសម្ពាធខ្លាំងឡើង ក្រោយពេល​កូរ៉េខាងត្បូង ត្រូវហ្សក​ដានី ទម្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ កាលពី​សប្តាហ៍មុន ទោះបីជាក្រុមមានកីឡាករល្បីៗលំដាប់ពិភពលោក ចូលលេងក៏ដោយ​៕

Tag:
 កូរ៉េខាងត្បូង
  Jurgen Klinsmann
© រក្សាសិទ្ធិដោយ thmeythmey.com