កីឡាជាតិ
ជាតិ
ជានាយកបច្ចេកទេស FFC ថ្មី លោក Ichikawa នឹងទទួលខុសត្រូវការអភិវឌ្ឍថ្នាល យុវជន និងជម្រើសជាតិ
16, Feb 2024 , 10:39 am        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
លោក Shigeaki Ichikawa នឹងចូលកាន់តំណែងជានាយក​បច្ចេកទេស​ថ្មីរបស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ជំនួសតំណែង​ លោក Kazunori Ohara ដែលទើបចាកចេញនៅបំណាច់ខែមករា នេះ។ លោក កែវ សារ៉េត អគ្គលេខាធិការ FFC អះអាងថា សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA)​ ជាអ្នកណែនាំកម្ពុជាជ្រើសយកលោក Ichikawa សម្រាប់មើលការខុសត្រូវការអភិវឌ្ឍក្រុមថ្នាល យុវជន និងពិសេសក្រុមជម្រើសជាតិឈុតធំ។

 
តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ FFC នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ លោក Ichikawa បានជួបលោក សៅ សុខា ប្រធាន FFC រួមជាមួយលោក ខៀវ សាម៉េត អនុប្រធាន និងលោក កែវ សារ៉េត អគ្គលេខាធិការ FFC ដើម្បីពិភាក្សាគ្នាអំពីដំណើរការងារជានាយក​បច្ចេកទេសថ្មីនេះ។
 
ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាម លោក កែវ សារ៉េត​ បញ្ជាក់ថាលោក Ichikawa ដែលធ្លាប់ជានាយកបច្ចេកទេសក្នុងក្រុម FC Gifu ស្ថិតក្នុងក្រុង Gifu ប្រទេសជប៉ុន នឹងចូលកាន់តំណែងនាយកបច្ចេកទេស FFC នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។
 


ជុំវិញការតែងតាំងនាយកបច្ចេកទេសថ្មីនេះ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបរាប់ថា៖«សហព័ន្ធកីឡាបាល់ទាត់ជប៉ុនជាអ្នកចង្អុលបង្ហាញឱ្យ FFC ជ្រើសរើសលោក Ichikawa ដ្បិតបុរសរូបនេះ ត្រូវបានទទួលស្គាល់អំពីជំនាញបាល់ទាត់នៅប្រទេសជប៉ុនរួចមកហើយ»។
 
ក្នុងតួនាទីជានាយកបច្ចេកទេសថ្មីរបស់ FFC អ្នកជំនាញបាល់ទាត់ជប៉ុនរូបនេះ នឹងទទួលខុសត្រូវលើគំរូការរៀបចំការអភិវឌ្ឍថ្នាល និងយុវជន របស់កម្ពុជា ការរៀបចំសិខាសាលាផ្សេងៗទាក់ទង់នឹងបាល់ទាត់ រួមទាំងការរៀបចំវគ្គបណ្តុះបណ្តាលគ្រូ។ លើសពីនេះទាក់ទងនឹងក្រុមជម្រើសជាតិឈុតធំ ​លោក Ichikawa ក៏មានសិទ្ធិជជែកជាមួយគ្រូបង្គោលផ្ទាល់ ក្នុងការរៀបចំកម្មវិធីហ្វឹកហាត់ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យក្រុមមានការរីកចម្រើនលឿន។
 
ពាក់ព័ន្ធនឹងកិច្ចសន្យា លោក កែវ សារ៉េត​ បន្ថែមថា សហព័ន្ធកម្ពុជា នឹងធ្វើការជាមួយសហព័ន្ធជប៉ុន លើកិច្ចសន្យារបស់លោក Ichikawa នៅរៀងរាល់មួយឆ្នាំម្តង ដោយមើលលើសមត្ថភាពដឹកនាំ ចក្ខុវិស័យ និងបែបផែនច្បាស់លាស់។ នេះមានន័យថា បើលោក Ichikawa ធ្វើការងារបានល្អ FFC នឹងផ្តល់កិច្ចសន្យាបន្ត។
 
វត្តមានលោក Ichikawa នឹងត្រូវជំនួសលោក Kazunori Ohara ដែលធ្លាប់ទទួលបន្ទុកជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ លោក Ohara បានចាកចេញពីនាយក​បច្ចេកទេស​ FFC ក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់គ្រប់គ្រងការងារនេះតាំងពីឆ្នាំ ២០១៥មក។ ទាំងលោក Ichikawa និង Ohara សុទ្ធតែត្រូវបាន JFA បញ្ជូនមកកម្ពុជាដូចគ្នា៕

Tag:
 FFC
© រក្សាសិទ្ធិដោយ thmeythmey.com