អន្តរជាតិ
អ៊ុយក្រែន​ត្រូវការ​លុយ ៤៨៦​ពាន់​លាន​ដុល្លារ​ដើម្បី​កសាងសេដ្ឋកិច្ច​ឡើង​វិញ
16, Feb 2024 , 1:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
តាមការសិក្សារួមគ្នាមួយដោយធនាគារពិភពលោក (WB) អង្គការសហប្រជាជាតិ (UN) គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលអ៊ុយក្រែន ការកសាងសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីជិត ២ឆ្នាំមកនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយ ៤៨៦ពាន់លានដុល្លារដែល ស្មើនឹង ២,៨ ដងនៃសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំ ២០២៣។

 
ធនាគារពិភពលោក (WB) បានលើកឡើងក្នុងរបាយការណ៍ថា ការប៉ាន់ប្រមាណដែលបានចេញផ្សាយ នៅថ្ងៃទី១៥​ ខែកុម្ភៈ បានចាប់ផ្តើមតាំងពីការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់បរិមាណនៃការខូចខាតផ្ទាល់ចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ផលប៉ះពាល់លើជីវិត និងជីវភាពរស់នៅ របស់ប្រជាជន និងការចំណាយដើម្បីសាងសង់ឡើងវិញឱ្យ​ប្រសើរ​ជាង​មុន។
 
ការប៉ាន់ប្រមាណការចំណាយ ដើម្បីកសាងសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេល ១០ឆ្នាំនេះ គឺកើនឡើងពី ការប៉ាន់ប្រមាណកាលពីឆ្នាំមុខខែមីនាចំនួនត្រឹម ៤១១ ពាន់លានដុល្លារ ជាមួយនឹងតម្រូវការ លំនៅដ្ឋានដែលនាំមុខគេក្នុងបញ្ជីចំនួន ៨០ពាន់លានដុល្លារ ឬ ១៧ភាគរយ, តម្រូវការដឹកជញ្ជូនចំនួន ៧៤ ពាន់លានដុល្លារ ឬ ១៥ ភាគរយ និងពាណិជ្ជកម្ម និងឧស្សាហកម្មមានចំនួន ៦៧,៥ ពាន់លានដុល្លារ ឬ ១៤ ភាគរយ។
 
«ចំនួន ៤៨៦ពាន់លានដុល្លារ ជាចំនួនដ៏ច្រើនសម្បើម ហើយជាការពិតណាស់ វាឆ្លុះបញ្ចាំង ពីតម្រូវការពិតប្រាកដ»។ ប្រធានធនាគារពិភពលោកប្រចាំតំបន់អឺរ៉ុបខាងកើត លោក Arup Banerji បានលើកឡើងបែបនេះ រួចបន្តកត់សម្គាល់ថាអត្រាខ្ពស់នៃការខូចខាតនៅក្នុងខែដំបូង នៃសង្រ្គាមបានថយចុះយ៉ាងខ្លាំង។
 
របាយការណ៍ដដែលបង្ហាញថា ការខូចខាតដោយផ្ទាល់ពីសង្គ្រាមបានកើនឡើងដល់ ជិត ១៥២ ពាន់លានដុល្លារជាមួយនឹងការខាតបង់ដែលប្រមូលផ្តុំនៅក្នុងតំបន់ដូចជា Donetsk, Kharkiv, Luhansk, Zaporizhzhia, Kherson និង ទីក្រុងកៀវ។ ការរំខានដល់ ទិន្នផលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការចំណាយទាក់ទងនឹងសង្រ្គាមផ្សេងទៀត ដូចជា ការសម្អាតកម្ទេចកម្ទីទំនងជានឹងបន្ថែម ៤៩៩ ពាន់លានដុល្លារបន្ថែមទៀត។
 
ទន្ទឹមនេះ ការខាតបង់ ដែលគួរឱ្យភ្ញាក់ផ្អើលគឺលំនៅដ្ឋានប្រហែល ២លានយូនីតដែលស្មើ ប្រហែល ១០ ភាគរយនៃ លំនៅដ្ឋានសរុបរបស់អ៊ុយក្រែន ផ្លូវល្បឿនលឿន និងផ្លូវជាតិផ្សេង ទៀតប្រវែង ៨,៤០០ គីឡូម៉ែត្រ និងស្ពានជិត ៣០០ កន្លែង។
 
ដើម្បីគ្របដណ្តប់លើការជួសជុល ស្តារ និងកសាងឡើងវិញជាបន្ទាន់បំផុតនៅឆ្នាំ ២០២៤ អ៊ុយក្រែនត្រូវការថវិកាចំនួន ១៥ ពាន់លានដុល្លារដែលក្នុងនោះប្រហែល ៥,៥ ពាន់លាន ដុល្លារត្រូវបានបំពេញរួចហើយតាមរយៈថវិការដ្ឋ និងជំនួយពីម្ចាស់ជំនួយ។ ការប៉ាន់ប្រមាណ ថ្មីនេះមិនរាប់បញ្ចូលតម្រូវការកសាងឡើងវិញដែលបានបំពេញរួចហើយតាមរយៈថវិការដ្ឋ អ៊ុយក្រែន ឬតាមរយៈដៃគូ និងការគាំទ្រអន្តរជាតិឡើយ។ 
 
ឯកសារខាងលើបានកត់សម្គាល់ថា គិតត្រឹមខែធ្នូ ប្រជាជនអ៊ុយក្រែនប្រហែល ៥,៩ លាននាក់នៅតែភៀសខ្លួននៅខាងក្រៅប្រទេស បើធៀបនឹង ៨,១ លាននាក់ដែលបាន រាយការណ៍នៅក្នុងការវាយតម្លៃតម្រូវការចុងក្រោយក្នុងឆ្នាំ ២០២៣។ ចំនួនជនភៀសខ្លួន ក្នុងប្រទេសក៏ធ្លាក់ចុះប្រហែលត្រឹម ៣,៧ លាននាក់ ធៀបនឹង ៥,៤ លាននាក់នៅនិទាឃរដូវ  (ខែមីនាទៅខែមេសា) ឆ្នាំ ២០២៣៕

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  WB
© រក្សាសិទ្ធិដោយ thmeythmey.com