ជាតិ
សង្គមជាតិ
ជប៉ុនផ្តល់ជំនួយ​ជិត៨៣ម៉ឺនដុល្លារ សម្រាប់ការសម្អាតមីន សង់​អគារ​សិក្សា និង​កែលម្អ​ប្រតិ​​​បត្តិ​​​ការ​កសិកម្ម
16, Feb 2024 , 2:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុន នឹងផ្តល់ថវិកាសរុប ៨២៨,៥៤៦ ដុល្លារ​ ដល់ស្ថាប័ន​​ចំនួន៣ ​សម្រាប់​ការ​បោស​សម្អាតមីននៅកម្ពុជា សាងសង់អគារសិក្សានៅ​ក្នុងស្រុកបវេល និងកែលម្អប្រតិបត្តិ ការ​ក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់​ស្ថានទូតជប៉ុន ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

 
​ក្រោម​គ្រោងការ​​​ណ៍​ជំនួយឥតសំណង សម្រាប់​​គម្រោង​ទ្រង់​ទ្រាយតូចសន្តិសុខមនុស្សជាតិ (​គូសាណូណិ)  កិច្ចសន្យា​​​​ផ្តល់ជំនួយនេះ ត្រូវបាន​ចុះហត្ថលេខា នាថ្ងៃទី១៥កុម្ភៈ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុនប្រចាំកម្ពុជា និង​តំណាងស្ថាប័ន​ទទួល​ជំនួយ​ទាំ​ង៣ ដែល​មាន​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មន្ទីរអប់រំ​ខេត្ត​បាត់ដំបង និងមន្ទីរ​កសិកម្ម​ខេត្តរតនគិរី។
 
បើតាមសេចក្តីប្រកាសព័ត៌មានដដែល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងទទួល​បានជំនួយ​ចំនួន ៥១៥,០៦០ ដុល្លារ សម្រាប់គម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន៣ ស្ថិត​នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា​។ ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់​ដើម្បី​ពន្លឿន និង​បង្កើនប្រសិទ្ធភាព នៃសកម្មភាពបោសសម្អាតមីន ដោយដំឡើងកម្មវិធីសម្រាប់ប្រព័ន្ធ​សកម្មភាពមីន ផ្អែកលើបញ្ញា​សិប្បនិម្មិត​(AI)​។ គ្រាប់មីននៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់កំពុងអភិវឌ្ឍន៍សម្រាប់កសិកម្ម កន្លែងទេសចរណ៍ និងតំបន់​សម្រាប់រោងចក្រខ្នាតធំៗ។ បច្ចុប្បន្ន គ្រាប់មីនត្រូវបានរកឃើញ ដោយសារការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ គម្រោងនេះមានគោលបំណងនាំមកនូវសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ក្នុងខេត្តទាំង៣ ដោយការលុបបំបាត់គ្រាប់មីនក្នុងផ្ទៃដីសរុប ០,៩៦គីឡូម៉ែត្រការ៉េ។
 

 
ថវិកាចំនួន ៨៨,៩០០ដុល្លារ នឹងត្រូវផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សម្រាប់​​សាងសង់អគារសិក្សា១ខ្នង ៥​បន្ទប់ ​បំពាក់​ដោយ​គ្រឿងសង្ហារឹម នៅសាលាបឋមសិក្សា​ពីងពង់ ក្នុងស្រុកបវេល​។ ​ ​អគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ នៅសាលានេះ បច្ចុប្បន្នមានមានសភាពទ្រុឌទ្រោម ដែលបង្កការលំបាកដល់ការសិក្សារបស់សិស្ស។ គម្រោង​នេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន។ 
 
ចំណែកឯមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី នឹងទទួលបានថវិកាចំនួន ១៥,០៦០ដុល្លារ សម្រាប់​គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តរតនគិរី។ ថវិកាជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឃ្លាំង ​កន្លែងសម្ងួត និង​ដំឡើង​ឧបករណ៍​វាស់​សំណើម និង​ម៉ាស៊ីនចាត់ថ្នាក់​សម្រាប់​សហគមន៍​កសិកម្ម​ចំនួន៤ ក្នុង​ខេត្តរតនគិរី។ គម្រោងនេះ ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ២០០នាក់ ដោយការពង្រឹងខ្សែសង្វាក់តម្លៃក្នុងការផលិតគ្រាប់ស្វាយចន្ទី ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។ 
 

 
នៅក្នុងពិធីចុះហត្ថលេខានេះដែរ លោក អិណុ  អាត់ស៊ូស៊ី  ឯកអគ្គរាជទូត​ជប៉ុនប្រចាំកម្ពុជា បានរំឭកថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បាននិងបន្តផ្តល់ជំនួយឥតសំណងគូសាណូណិ នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោង។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ 
 
«នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោងចំនួន ៦៩១ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។ លោក អិណុ  អាត់ស៊ូស៊ី បន្ថែមដូច្នេះ ជាមួយនឹងការប្តេជ្ញាបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម ដែលប្រទេសកម្ពុជាកំពុងប្រទះ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន៕

Tag:
 សម្អាតមីន
  អប់រំ
  ស្វាយចន្ទីរ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com