កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូងបញ្ចប់លោក Klinsmann ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ
16, Feb 2024 , 2:59 pm        
រូបភាព
ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Jurgen Klinsmann នាថ្ងៃទី១៦ ខែកុម្ភៈ ក្រោយដឹកនាំក្រុមធ្លាក់ចេញពី Asian Cup 2023 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបរាជ័យក្នុងការគ្រប់គ្រងស្ថានភាពផ្ទៃក្នុងរបស់សមាជិកក្រុម។



លោក Chung Mong-gyu ប្រធានសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រកាសពីការសម្រេចចិត្តបញ្ចប់តំណែងរបស់លោក ​Klinsmann នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់សមាគមដែលធ្វើឡើងមិនដល់រយៈពេល ២៤ម៉ោងផងនោះ។ 
 
«បន្ទាប់ពីមានការពិនិត្យឡើងវិញដ៏ទូលំទូលាយនៃអនុសាសន៍ យើងបានសម្រេចចំនួនផ្លាស់ប្តូរគ្រូបង្វឹកក្រុមជម្រើសជាតិ។ នៅពេលនិយាយពីការដឹកនាំអ្វីដែលល្អបំផុតក្នុងក្រុមជម្រើសជាតិ ការគ្រប់គ្រងកីឡាករ និងទម្លាប់ការងាររបស់លោក Klinsmann មិនបានធ្វើតាមការរំពឹងទុករបស់យើងទៅលើគ្រូជម្រើសជាតិ ហើយមិនបានបង្ហាញពីភាពជាអ្នកដឹកនាំផងដែរ។

យើងបានសម្រេចចិត្តថា Klinsmann ទំនងជាមិនធ្វើឱ្យមានភាពប្រសើរឡើង ក្នុងនាមជាគ្រូបង្វឹក បើនិយាយពីសមត្ថភាព និងក្រមសីលធម៌របស់គាត់។»។ ប្រធានសមាគម KFA បាននិយាយបែបនេះក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ។
 
ដឹកនាំក្រុមបានតែមួយឆ្នាំ ពេលនេះលោក Klinsmann ត្រូវបាត់បង់ការងារកំពូល ការសម្រេចចិត្តនេះ ត្រូវបានប្រធានសមាគម KFA បញ្ជាក់ថា ជាការធ្វើតាមអនុសាសន៍ ណែនាំដោយគណៈកម្មាធិការជាតិរបស់ KFA ក្រោមហេតុផលថា បុរសវ័យ ៥៩ឆ្នាំ មិនបានបំពេញមុខងារជាគ្រូបង្វឹកតាមអ្វីដែលខ្លួនបានសន្យា ព្រមទាំងរឿងហេតុផ្សេងៗកើតមានក្នុងផ្ទៃក្នុងក្រុមកន្លងមក។
 
ក្នុងព្រឹត្តិការណ៍ Asian Cup 2023 កូរ៉េខាងត្បូងរបូតឱកាសសម្រេចក្តីស្រម៉ៃប្រជែងពានក្រោយទន្ទឹងរង់ចាំ ៦៤ឆ្នាំ ដោយត្រូវបានហ្សកដានី ទម្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០។ 
 
ហេតុផលសំខាន់មួយទៀតដែលធ្វើឱ្យក្រុមប្រកួតចាញ់ ព្រោះតែមុនការប្រកួតមកដល់ក្រុមកីឡាករវ័យក្មេងក្នុងក្រុមដែលរួមមាន Lee Kang-in បានមានជម្លោះជាមួយកីឡាករវ័យចំណាស់ក្នុងក្រុមទៅលើបញ្ហាការលេងវាយកូនឃ្លីលើតុ ហើយបណ្តាលឱ្យប្រធានក្រុម Heung Min Son របួសម្រាមដៃ។
 
ពេលប្រកួតទល់ហ្សក់ដានី ប្រព័ន្ធលេងរបស់កូរ៉េខាងត្បូងហាក់លែងមានប្រសិទ្ធិភាពស្របពេលដែលកីឡាករមានស្មារតីមិនល្អប្រសើរបន្ទាប់ពីមានទំនាស់៕

Tag:
 Jurgen Klinsmann
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com