អន្តរជាតិ
លោកប្រាបូវ៉ូ នៅតែមានលទ្ធផលនាំមុខក្នុងការរាប់សន្លឹកឆ្នោតជាក់ស្តែង
16, Feb 2024 , 4:19 pm        
រូបភាព
លោកប្រាបូវ៉ូ សីប៊ីយ៉ាន់តូ បេក្ខជនប្រធានាធិបតីឥណ្ឌូណេ។ រូបភាព AFP
លោកប្រាបូវ៉ូ សីប៊ីយ៉ាន់តូ បេក្ខជនប្រធានាធិបតីឥណ្ឌូណេ។ រូបភាព AFP
លោកប្រាបូវ៉ូ សីប៊ីយ៉ាន់តូ បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី នៅតែបន្តនាំមុខដ៏ច្រើនលើសលុបលើបេក្ខជន ២រូបទៀត ក្នុងការរាប់សន្លឹកឆ្នោតជាក់ស្តែង។



ទោះការបោះឆ្នោតបានរំលងផុត២ថ្ងៃហើយក្តី គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី (KPU) នៅតែបន្តរាប់សន្លឹកឆ្នោត ដោយសារចំនួនច្រើន។ ប្រជាជនឥណ្ឌូណេស៊ីលើសពី២០០លាននាក់ឯណោះ គ្រប់អាយុក្នុងការបោះឆ្នោត។ គិតត្រឹមម៉ោង ១០ព្រឹក នៅថ្ងៃទី១៦ ខែកុម្ភៈ ចំនួនលើសពី ៥០ភាគរយនៃលទ្ធផលបោះឆ្នោត ពីមណ្ឌលបោះឆ្នោតចំនួន ៨២ម៉ឺនកន្លែង ត្រូវបានរាប់រួច។
 
ក្នុងការរាប់សន្លឹកឆ្នោតជាក់ស្តែង លោកប្រាបូវ៉ូ សីប៊ីយ៉ាន់តូ បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី នៅតែមានសំឡេងនាំមុខបេក្ខជន២នាក់ទៀតដ៏ច្រើន។
 
«លោកប្រាបូវ៉ូ កំពុងនាំមុខជាមួយសន្លឹកឆ្នោត ៣០,៦៣លានសន្លឹក ឬ៥៦,៨២ភាគរយ។ ក្នុងចំនួននេះ អាចធ្វើឱ្យលោកប្រាបូវ៉ូ ឈ្នះការបោះឆ្នោតត្រឹមជុំទីមួយ»។ សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៦ ខែកុម្ភៈ។ 
 
ក្នុងចំណោមខេត្តចំនួន ៣៨ និងមណ្ឌលបោះឆ្នោតនៅបរទេស លោកប្រាបូវ៉ូ បាននាំមុខលើខេត្តចំនួន ៣៥រួចហើយ ខណៈលោក លោក Anies Baswedan នាំមុខ ៣ខេត្ត និងលោក Ganjar Pranowo ទទួលបានការនាំមុខមណ្ឌលបោះឆ្នោតនៅបរទេស។
 
ក្នុងលទ្ធផលដដែល លោក Anies Baswedan ប្រមូលការគាំទ្របាន ២៥,២ភាគរយ ឬ១៣,៥៩លានសន្លឹក ស្របពេលលោក Ganjar Pranowo ទទួលបានប្រមាណ ១៧,៩៨ភាគរយ ឬ ៩,៦៩សន្លឹកឆ្នោត។ 
 
តំបន់ដែលលោកប្រាបូវ៉ូនាំមុខមានដូចជា តំបន់ខេត្តជ្វាកណ្តាល, បាលី, ខេត្តជ្វាខាងលិច, ខេត្តជ្វាខាងកើត និងសូម៉ាត្រាខាងជើងជាដើម។ ចំណែកនៅក្នុងក្រុងហ្សាការតា លោក Anies បាននាំមុខលោកប្រាបូវ៉ូ ក្នុងសន្លឹកឆ្នោតគាំទ្រជាង ៨២ម៉ឺនសន្លឹក ទល់នឹងជាង ៨៦ម៉ឺនសន្លឹក៕

Tag:
 ឥណ្ឌូណេស៊ី
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com