កីឡាជាតិ
ជាតិ
ទូតបារាំង​​៖«ការរត់បណ្តាក់ជុំវិញពិភពលោក»នៅកម្ពុជា ​គឺបង្ហាញ​តម្លៃនិងស្មារតីកីឡា​អូ​ឡាំពិក និងប៉ារ៉ាឡាំពិក
16, Feb 2024 , 4:59 pm        
រូបភាព
លោក Jacques Pellet រត់បណ្ដាក់
លោក Jacques Pellet រត់បណ្ដាក់
ភ្នំពេញ៖ នៅសល់១៦១ ថ្ងៃទៀត ប្រទេសបារាំង នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក លើក​ទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងបារីស និងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក លើកទី១៧។ ក្រសួងអឺរ៉ុប និង​ការបរទេសបារាំង បណ្តាញការទូត រួមគ្នាអបអរព្រឹត្តិការណ៍ ដោយរៀបចំឲ្យ​មានការ​រត់​បណ្តាក់ជុំវិញពិភពលោក នៅលើទ្វីបទាំង៥ ក្នុងរយៈពេល២៤ម៉ោង។ ស្ថានទូតបារាំង​នៅ​កម្ពុជា សហការក្រសួងអប់រំ យុវជន និងកីឡា ​រៀបចំ​ព្រឹត្តិការណ៍«ការ​រត់​បណ្តាក់ជុំវិញ​ពិភព​លោក» លើកទី៣នៅកម្ពុជា នាព្រឹកថ្ងៃទី១៦កុម្ភៈនេះ នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក ។



ស្ថានទូតបារាំងប្រចាំកម្ពុជារៀបចំព្រឹត្តិការណ៍ «រត់បណ្តាក់ជុំវិញពិភពលោក» ជាផ្នែកមួយ​ចែក​រំលែកគុណតម្លៃនៃព្រឹតិ្តការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ក៏ដូចជាអបអរកីឡា​នៅ​ជុំវិញ​ពិភពលោកដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទូតបារាំងប្រចាំកម្ពុជា គោលដៅ នៃការរត់បណ្ដាក់នេះ គឺដើម្បីបូកចម្ងាយរត់ របស់អ្នកចូលរួមម្នាក់ៗ ក្នុងរយៈពេល ៤៥នាទី ហើយទទួលបានចម្ងាយវែងបំផុតតាម ដែលអាចធ្វើបាន។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះ ក៏ជាការស្វែងយល់ពីស្មារតីកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក អាចជំរុញឲ្យមានអ្នកចូលរួម បាន​ដល់កម្រិតណា។
 
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet

ក្នុងពេល​ចូលរួមរត់បណ្តាក់នៅព្រឹកនេះ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំ កម្ពុជា បានឆ្លៀតផ្ដល់បទ​សម្ភាសដល់អ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ថា​សារៈសំខាន់ នៃពិធីនេះ គឺដើម្បីអបអរតម្លៃ នៃ​សាមគ្គីភាព ហើយស្ថានទូតបារាំងនៅលើពិភពលោក ​បានរៀបចំព្រឹត្តិការណ៍នេះ។
 
​គួរបញ្ជាក់​ដែរថា ការបើកការប្រកួតកីឡាអូឡាំពិក លើកទី៣៣ នឹងចាប់ផ្ដើម​ជាផ្លូវការ ពីថ្ងៃ​ទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ និងកីឡាប៉ារ៉ាឡាំពិក លើកទី១៧ ចាប់ពី​ថ្ងៃ​ទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕

មនុស្ស ២០០នាក់ចូលរួមរត់បណ្ដាក់

មនុស្ស ២០០ នាក់ចូលរួមរត់បណ្ដាក់

Tag:
 ការរត់បណ្តាក់ជុំវិញពិភពលោក
  កីឡាអូឡាំពិក
  ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com