ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ នៅកោះពេជ្រ (រាប់ពីឆ្វេង) លោក សូ វិសុទ្ធី អ្នកនាំពាក្យក្រសួងប្រៃសណីយ៍, លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងលោក ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ .JPG
× វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នឹងត្រូវធ្វើឡើងពីថ្ងៃទី១១-១៣មីនា។ នារយៈពេល៣ថ្ងៃនេះ ក៏មានការរៀបចំពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត។
គោលដៅនៃការប្រារព្ធវេទិការដ្ឋាភិបាលឌីជីថល គឺបង្ហាញពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ព្រមទាំងចែករំលែកនូវប្រធានបទសំខាន់ៗពីវាគ្មិនជាតិ-អន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ជាមួយគ្នានេះ ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍ និងគុណប្រយោជន៍នៃការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា។ បើតាមលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិព័រណ៍នេះ ក៏មានបង្ហាញនូវការផ្តល់សេវាសាធារណៈដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័ន សេវាកម្មទូរសព្ទនិងអ៊ីនធឺណិត សេវាប្រៃសណីយ៍ សេវាហ្វិនតិច (Fintech) និងសេវាធុរកិច្ចថ្មីឌីជីថល (Digital Startups) ជាដើម។
លោក សុខ ពុទ្ធិវុធ បន្តរៀបរាប់នៅក្នុងសន្និសីទកាសែតស្តីពីវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៅក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី១៦កុម្ភៈ វេទិកានេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមទីភ្នាក់ងារនានារបស់រដ្ឋាភិបាល ចែករំលែកឧត្តមានុវត្តន៍ក្នុងបរិវត្តកម្មឌីជីថល។ ជាពិសេស គឺកំណត់នូវបញ្ហាប្រឈមក្នុងការអនុវត្តដំណោះស្រាយឌីជីថល លើកកម្ពស់សេវាកម្មផ្ដោតលើពលរដ្ឋជាគោល និងគោលនយោបាយជំរុញលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុវត្ថិភាពសាយប័រ និងឯកជនភាពទិន្នន័យនៅក្នុងវិស័យសាធារណៈ។
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍រូបនេះ បានបញ្ជាក់ថា ៖ « វេទិកានេះ មានគោលបំណងស្វែងរកបច្ចេកវិទ្យាដែលកំពុងលេចធ្លោ លើកទឹកចិត្តដល់នវានុវត្តន៍ និងសម្របសម្រួលបណ្តាញទំនាក់ទំនងរវាងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ព្រមទាំងកៀរគរភាគីពាក់ព័ន្ធក្នុងស្រុក-អន្តរជាកតិដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល»។
វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤នេះ គឺមានកិច្ចពិភាក្សាថ្នាក់រដ្ឋឌីជីថលអាស៊ាន ដែលចែករំលែកនូវគោលនយោបាយ និងការអនុវត្តនៃការធ្វើបដិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ក្រៅពីនេះ ក៏មានពិភាក្សាលើទិដ្ឋភាពទូទៅនៃគោលនយោបាយពាក់ព័ន្ធនឹងបរិវត្តន៍កម្មឌីជីថលនៅកម្ពុជា, ឃ្នាស់បច្ចេកវិទ្យាក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តន៍កម្មឌីជីថល, ការចាប់យកសេវាកម្មសាធារណៈឌីជីថល, ការកសាងមូលដ្ឋានគ្រឹះ និងទំនុកចិត្តរដ្ឋាភិបាលឌីជីថល, ការជំរុញបដិវត្តន៍កម្មឌីជីថលប្រកបដោយបរិយាបន្ន រួមទាំងការពិភាក្សាគ្នាលើតម្លៃកំណើន និងឱកាសនៃការបង្កើតខ្លឹមសារដើមនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានលើសង្គម។
ក្នុងវេទិកាប្រចាំឆ្នាំលើកទី៤នេះ នឹងមានជំនាញលើវ័សយបច្ចេកវិទ្យាប្រមាណ១០០នាក់ចូលរួម ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធគ្នាទៅវិញទៅមក។ ក្រៅពីក្នុងតំបន់អាស៊ាន ក៏មានអ្នកជំនាញមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា នឹងចូលរួមក្នុងវេទិកានេះ ផងដែរ។ លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ គឺបើកឱ្យសាធារណជនចូលរួមដោយសេរី។ ជាពិសេស សារធារណជន នឹងមានឱកាសប្រើប្រាស់សាកល្បងនូវឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងចុងក្រោយ ទាំងទទួលបានសេវាផ្នែកបច្ចេកវិទ្យាឌីជីថល ពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាតិ និងអន្តរជាតិ ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com