ជាតិ
មេភូមិបង្កោង បេ្ដជ្ញាបន្តប្រពៃណីចាប់ត្រីតាមទំនៀមបុរាណមិនឱ្យដាច់
17, Feb 2024 , 9:00 am        
រូបភាព
ពិធីចាប់ត្រីនៅភូមិបង្កោងនាថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៤។
ពិធីចាប់ត្រីនៅភូមិបង្កោងនាថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៤។
សៀមរាប៖ ពិធីចាប់ត្រីរបស់អ្នកភូមិបង្កោង ជាផ្នែកមួយនៃពិធីឡើងមាឃ​ឬឡើងអ្នកតា ដែលជាទំនៀមរបស់ពលរដ្ឋនៅតំបន់អង្គរ។ ពិធីនេះត្រូវបានអ្នកភូមិបង្កោង បន្តធ្វើពីដូនតាមក គឺរាល់ឆ្នាំនារដូវឡើងមាឃ អ្នកភូមិតែងកំណត់យកថ្ងៃមួយដើម្បីចុះចាប់ត្រីនៅក្នុងត្រពាំងបឹង។

 
 
អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង តែងរៀបចំពិធីចុះចាប់ត្រីក្នុងបឹងបុរាណមួយកន្លែង​ ស្ថិតនៅដីវាលខាងជើងភូមិបន្ដិច។ បើមើលពីលើមក បឹងនេះមានរាងដូចបារាយណ៍នៅតំបន់អង្គរដែរ​តែវាមានទំហំតូចបន្ដិច ហើយតាមមាត់បឹងមានដុះដើមឈើតូចធំពណ៌ខៀវស្រងាត់។


 សាលាឆទានដែលអ្នកភូមិបង្កោងរៀបចំពិធីឡើងមាឃ។
 
នៅឆ្នាំនេះ ទំនៀមចាប់ត្រីកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ដែលត្រូវនឹងថ្ងៃទី២កើត ខែមាឃ។ មុនពិធី មេភូមិបានពិភាក្សាជាមួយចាស់ទុំក្នុងភូមិ និងយកថ្ងៃមួយ ដើម្បីចុះចាប់ព្រមគ្នាតែម្ដង ដោយមិនឱ្យអ្នកណាចុះចាប់មុន ឬក្រោយឡើយ។ ថ្ងៃធម្មតា បឹងបុរាណក្នុងភូមិបង្កោង ត្រូវបានថែរក្សា យាមកាម មិនឱ្យមានការនេសាទឡើយ ទាល់តែផុតថ្ងៃដែលគេរៀបពិធីនេះរួច ទើបមានការ​នេសាទ​ធម្មតា ហើយអ្នកភូមិពីក្រៅក៏មានសិទ្ធិចុះមករកខ្លះដែរ។
 
មេភូមិបង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ក្រោយពីលោកឡើងជាមេភូមិបង្កោង ចាប់ពីឆ្នាំ២០០៧មក លោកបានរៀបចំអភិរក្សបឹងបុរាណក្នុងភូមិនេះជាប់រហូតមក ដោយមុនមានពិធី ចុះចាប់ត្រី គឺមិនអនុញ្ញាតឱ្យមានការចុះនេសាទឡើយ។ យ៉ាងណា ពីឆ្នាំ២០១៧មក លោក ពេជ្រ ឃិន ឃើញនិន្នាការនេះផ្លាស់ប្ដូរបន្ដិច គឺក្នុងពិធីចាប់ត្រីរួម មានអ្នកភូមិជិតៗមកចូលរួមដែរ ដែលវាខុសពីគោលការណ៍កន្លងមក។ 
 

សម្លនំបញ្ចុកដែលអ្នកភូមិបង្កោងយកមកប្រគេនព្រះសង្ឃនាថ្ងៃឡើងមាឃ។
 
ទោះមានបញ្ហានេះក្ដី តែលោក ពេជ្រ ឃិន មិនមានចិត្តចង្អៀតចង្អល់នឹងរឿងនេះឡើយ គ្រាន់តែលោកយល់ថា ថ្នាក់ដឹកនាំភូមិមួយៗដែលមានបឹងឬត្រពាំងស្រាប់ គួរចាប់ផ្តើមរៀបចំពិធីដូច​ភូមិលោកដែរ។ លោក ពេជ្រ ឃិន លើកឡើងដូច្នេះថា៖« ធម្មតាភូមិនីមួយៗ សុទ្ធតែមានត្រពាំង មានបឹងអីគ្រប់ភូមិទាំងអស់ ហេតុអ្វីភូមិគេមិនធ្វើសម្រាប់ប្រជាជនគេ សម្រាប់យើងធ្វើបាន ហេតុអ្វីរត់មកចូលជាមួយយើង យើងក៏ចេះមានជំហរមួយដ៏រឹងប៉ឹងថា យើងគ្រប់គ្រងតំបន់យើង ចេះថែរក្សាដើម្បីប្រជាពលរដ្ឋយើង ដើម្បីឱ្យប្រជាពលរដ្ឋយើងយល់ថា អ្វីមួយសម្រាប់ប្រជាពលរដ្ឋយើង ឱ្យមានភាពរីកចម្រើនក្នុងភូមិរបស់យើង»។
 
ជាទំនៀមពីបុរាណ ដែលលោក ពេជ្រ ឃិន មិនដឹងថាកកើតពីពេលណានោះដែរ។ ពិធីចាប់ត្រីនេះ ធ្វើឡើងក្រោយរដូវច្រូតកាត់ ដែលពីដើមឡើយពលរដ្ឋពឹងតែរបរកសិកម្មមួយមុខនេះ។ ពិធីនេះបង្ហាញពី ភាពសាមគ្គីគ្នារវាងអ្នកភូមិ ភាពអបអរក្រោយប្រមូលផលស្រូវស្រែរួច ហើយដែលត្រីដែលចាប់បាន អ្នកភូមិយកទៅធ្វើម្ហូបអាហាររៀងៗខ្លួន និងទុកមួយចំណែកដើម្បីធ្វើសម្លនំបញ្ចុក​សម្រាប់ពិធីនៅថ្ងៃបន្ទាប់។ 
 

មេភូមិបង្កោង លោក ពេជ្រ ឃិន នាពិធីចាប់ត្រីនៅត្រពាំងបឹងនាថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៤។
 
យកត្រីរួម មកធ្វើពិធីឡើងមាឃនៅសាលាឆទាន
 
លោកអាចារ្យ ឌឿន ឈ្លឿយ ដែលកំពុងរៀបចំពិធីនៅសាលាឆទានភូមិបង្កោង នៅថ្ងៃទី១២ កុម្ភៈ ប្រាប់ថា បឹងអភិរក្សនេះ មានតាំងពីដើមមក ដែលពីដើមគេទុកសម្រាប់តែឱ្យអ្នកភូមិបង្កោង​ប៉ុណ្ណោះ​ចុះចាប់ត្រី តែសព្វថ្ងៃមានការផ្លាស់ប្ដូរ និងលាយឡំអ្នកភូមិដដៃខ្លះ។ លោកបន្តថា នេះជាទំនៀម​ដែលដើម​ឡើយ​ហៅថា ខ្លះហៅថាឡើងអ្នកតា តែក្រោយមកក៏ហៅពិធីឡើងមាឃ ដ្បិតគេធ្វើនៅថ្ងៃ៣កើត ខែមាឃ។ 
 
លោក ឌឿន ឈ្លឿយ បន្ថែមថា៖« ដើមឡើយ៣កើត ខែមាឃ ឡើងរៀបចំពិធីដែលចាស់បុរាណហៅថា​ឡើងអ្នកតា ដល់សព្វថ្ងៃហៅពាក្យឡើងអ្នកតាវាដូចធ្ងន់ពេក រកអ្នកតាឡើងមិនឃើញ ម្ល៉ោះហើយ​មានន័យ​ថាឡើងមាឃ។ ៣កើត ខែមាឃ ត្រូវតែបូជាដល់ម្ចាស់ស្រុក ម្ចាស់ភូមិ នាំគ្នាធ្វើនំបញ្ចុក ស្រុះស្រួល​មូលមតិគ្នានាំគ្នាធ្វើចង្ហាន់ប្រគេនលោក ហើយដាក់បាត្រឧទ្ទិសញាតិទាំងអស់ ឱ្យបានរួចផុត​ពីទុក្ខវេទនា»។


ពិធីពូនភ្នំស្រូវរបស់អ្នកភូមិបង្កោង

ក្នុងកម្មវិធីនោះដែរ ក៏មានពិធីពូនភ្នំស្រូវ និងពិធីពូនភ្នំខ្សា់ផងដែរ។ នៅថ្ងៃឡើងរោង ដែលត្រូវនឹង​ថ្ងៃ៣កើត ខែមាឃ ចាស់ទុំបានរៀបចំពិធីសាសនានៅកន្លែងយកខ្សាច់មួយក្បែរភូមិ ដែលមានអាចារ្យ​ចូលរួមផង។  ក្រោយពិធីសុំរួចរាល់ អ្នកភូមិខ្លះកើបខ្សាច់ដាក់តាមចាន ខ្លះក៏ដាក់ថង់ យកមកពូនភ្នំខ្សាច់​នៅកន្លែងពិធី ដែលគេរៀបចំនៅជិតសាលាឆទាន។ ចំណែកពូនភ្នំស្រូវវិញ គេរៀបចំដាក់តាមទិសទាំងបួន ដោយអ្នកភូមិនាំគ្នាយកស្រូវពីផ្ទះម្នាក់បន្ដិចៗ ដាក់តាមការ៉ុង ដែលគេរៀបតាមទិសទាំងនោះ។ 


 
មេភូមិបង្កោង លោក ពេជ្រ ឃិន ប្រាប់ថា ត្រីរួមដែលបានពីការចាប់ត្រីរួមក្នុងត្រពាំងបឹង​ឆ្នាំនេះ​សរុបប្រមាណ២០០គីឡូក្រាម ដែលអ្នកភូមិយកមកប្រោសទុកសម្រាប់ធ្វើម្ហូបរួមគ្នា ក្នុងកម្មវិធី​នៅសាលាឆទាន។ នៅថ្ងៃទី៣ នៃកម្មវិធី ដែលត្រូវនឹងថ្ងៃ៤កើត ខែមាឃ ពលរដ្ឋមានក្មេងមានចាស់ បានយកសម្លនំបញ្ចុក ខ្លះស្លសម្លប្រហើរ ខ្លះសម្លការី ដាក់តាមចានស្រាក់ ឬចានឆ្នាំង ឬថង់ ជាដើម​មកជុំគ្នានៅសាលាឆទាន។ 
 
ក្រោយព្រះសង្ឃឆាន់រួច អ្នកភូមិក៏រៀបចំហូបជុំគ្នានៅរោងពិធី។ កម្មវិធីបង្ហើយនៅពេលថ្ងៃត្រង់ គេអ្នកភូមិរៀបចំត្រីរួមដែលចាប់បានក្នុងបឹង ធ្វើបាយសម្ល ហូបជុំគ្នាជាកិច្ចបញ្ចប់។ អ្នកភូមិស្រីប្រុស ចាស់ក្មេង ជួយគ្នាធ្វើនេះធ្វើនោះ ប្រុសៗដាំបាយ ជួយចិតបន្លែ ចំណែកស្រីៗ ធ្វើត្រី ធ្វើគ្រឿង និងខ្លះរៀបចំចានឆ្នាំងតាមអ្វីដែលអាចធ្វើបាន។ ទំនៀមអ្នកភូមិបង្កោងនេះ បើរាប់ទាំងពិធីចាប់ត្រី គឺពិធីឡើងមាឃ គេធ្វើរយៈពេល៣ថ្ងៃតែម្ដង ដែលឆ្នាំនេះគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ។
 


ចង់រៀបចំកញ្ចប់ទស្សនាសម្រាប់ភ្ញៀវទេសចរ
 
ទាក់ទងនឹងពិធីចាប់ត្រីនេះដែរ អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានបង្ហាញអារម្មណ៍រីករាយ​ចំពោះកិច្ចពិធីនេះ​ ដែលលោកថា ជាមរតករបស់អ្នកភូមិបង្កោង ក៏ដូចជាអ្នកភូមិតំបន់អង្គរ។ លោកថា នេះជាទំនៀម ប្រពៃណីដ៏ល្អមួយ ហើយវាក៏អាចក្លាយជា​កញ្ចប់ទេសចរណ៍តាមរដូវកាលមួយដ៏ល្អផងដែរ។ 
 
លោក សូរ ប្លាតុង លើងឡើងដូច្នេះថា៖« នេះជាស្រុកដែលសម្បូរមានវប្បធម៌ប្រពៃណីច្រើន យើងត្រូវគាស់រំលើងអ្វីដែលមាន កាលមុនមានហើយតែក្នុងលក្ខខណ្ឌតូច គ្រាន់ជាប្រពៃណីជាការបន្ត វេនវប្បធម៌ប្រពៃណី តែពេលនេះត្រូវរៀបចំផ្សព្វផ្សាយចូលរួមពិធីនេះឱ្យ​ទៅជាពិធីទាក់ទាញទេសចរ​ថែមទៀតនាពេលខាងមុខ ដើម្បីឱ្យគេមកទស្សនាស្រុកយើង និងអាចរកចំណូលចូលសហគមន៍»។
 


ត្រង់ចំណុចនេះ អភិបាលស្រុកប្រាសាទបាគង ចង់ឱ្យទេសចរមកទស្សនាត្រពាំងបឹងនៅភូមិបង្កោង មិនមែនមួយឆ្នាំម្ដងទៀតទេ តែបង្កើតអ្វីប្លែក និងថ្មី ដើម្បីឱ្យទេសចរមករាល់ថ្ងៃតែម្ដង។ លោក សូរ ប្លាតុង បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយមេភូមិបង្កោងខ្លះៗ ដើម្បីរៀបចំបរិស្ថាន និងដើមឈើនៅជុំវិញ ក៏ដូចជារៀបចំពិធីព្រលែងកូនត្រីជាដើមនៅបឹងបុរាណខាងលើ។ ជាមួយគ្នានោះ រដ្ឋបាលស្រុកក៏នឹង​គិតគូរ ស្នើសុំទៅអាជ្ញាធរជាតិអប្សរា ដើម្បីស្ដារបឹងនេះទៅតាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវ ខណៈដែលបឹងមានស្ថានភាពរាក់។  
 
បារម្ភខ្លាចបាត់ទំនៀមបុរាណ
 
ជុំវិញគម្រោងរៀបចំខាងលើនេះ លោក ពេជ្រ ឃិន ថាលោកមិនទាន់យល់ស្របបែបណានៅឡើយ ដ្បិតលោកយល់ថា ការណ៍រៀបចំដូច្នោះអាចនឹងបាត់បង់ប្រពៃណីរបស់ម្ចាស់ស្រុកទៅវិញ។ ដូចករណី ព្រលែងត្រីចូលបឹង លោក ពេជ្រ ឃិន យល់ថា៖« មិនមានគម្រោងដាក់ត្រីបន្ថែមទេ ព្រោះត្រីស្រែវាស៊ីអស់ ធ្លាប់មានទម្លាប់ដាក់ហើយ។ និងពុំមានគម្រោងពង្រីកបឹងធំជាងនេះទេ ចង់តែថែរក្សាទំនៀមទម្លាប់​ពីដើមមក​ប៉ុណ្ណាឱ្យមានតែប៉ុណ្ណឹង»។
 
នរវិទូ អាំង ជូលាន ដែលសិក្សាស៊ីជម្រៅជុំវិញប្រពៃណី ទំនៀមទម្លាប់ពលរដ្ឋនៅតំបន់អង្គរ បានលើកឡើងថា ទំនៀមចាប់ត្រីនៅភូមិបង្កោង ជាពិធីពិសេសដែលនៅតំបន់អង្គរហាក់មានតែ​ភូមិបង្កោងតែប៉ុណ្ណោះ តែនៅបន្តធ្វើ។ លោកថា ទំនៀមនេះក៏មាននៅខេត្តត្បូងឃ្មុំដែរ តែលោកជឿថា ពីសម័យដើមពិធីនេះមានធ្វើយ៉ាងទូលំទូលាយ។ ក្រោយៗមកទំនៀមនេះ ក៏បាត់បង់សឹងទាំងអស់ 
 
ក្នុងនាមអ្នកស្រឡាញ់វប្បធម៌ ប្រពៃណីមួយរូប លោក អាំង ជូលាន ចង់ឱ្យអ្នកភូមិបង្កោង បន្តថែរក្សា ទំនៀមនេះឱ្យបានល្អតាមដែលអាចទៅបាន។ តាមការស្រាវជ្រាវរបស់លោកនរវិទូ ភូមិបង្កោង ជាភូមិឋានបុរាណមួយដែលមានតាំងពីយូរយារមកហើយ ក្នុងនោះសិលាចារឹកសតវត្សទី៩ មានសរសេរពីឈ្មោះភូមិនេះ​ ដែលសរសេរថា «វកោង»។ ក្រោយមកអ្នកភូមិហៅថា «បកោង»​និងត្រូវបានគេសរសេរ «បង្កោង» ជាប់ដល់សព្វថ្ងៃនេះ៕
 
 
 
 

Tag:
 ពាក្យគន្លឹះ៖ ពិធីបុណ្យចាប់ត្រី
  ភូមិបង្កោង
  ឡើងមាឃ
  ឡើងអ្នកតា
© រក្សាសិទ្ធិដោយ thmeythmey.com