អន្តរជាតិ
មេដឹកនាំអឺរ៉ុប រិះគន់វិមានក្រេមឡាំង ចំពោះករណីស្លាប់អ្នកប្រឆាំងដ៏សំខាន់នៅរុស្ស៊ី
17, Feb 2024 , 2:40 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
មេដឹកនាំអឺរ៉ុបជាបន្តបន្ទាប់បានរិះគន់វិមានក្រេមឡាំង ចំពោះករណីស្លាប់របស់លោក Alexei Navalny អ្នកនយោបាយប្រឆាំងវិមានក្រេមឡាំងដ៏សំខាន់ នៅថ្ងៃទី១៦ ខែកុម្ភៈ។ ទន្ទឹមនេះ ប្រជាជនរុស្ស៊ីនៅតំបន់អឺរ៉ុប ក៏បានប្រមូលផ្តុំគ្នា ធ្វើបាតុកម្មរិះគន់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីផងដែរ។

 
ជារឿងគួរឱ្យតក់ស្លុតមួយ លោក Alexei Navalny អ្នកនយោបាយប្រឆាំងវិមានក្រេមឡាំងដ៏ខ្លាំងម្នាក់ បានទទួលមរណភាពនៅក្នុងគុក Arctic Circle ក្រោយទើបង្ហាញមុខនៅសវនាការកាលពីពេលថ្មីៗ។ ការស្លាប់នេះ កើតមានក្រោយលោក Navalny បានបាត់បង់ស្មារតី ហើយក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។ 
 
បន្ទាប់ពីបាត់បង់អ្នកប្រឆាំងវ័យ ៤៧ឆ្នាំ មេដឹកនាំអឺរ៉ុបជាបន្តបន្ទាប់ បានរិះគន់វិមានក្រេមឡាំង ហើយចាត់ទុកលោកពូទីនជាអ្នកទទួលខុសត្រូវ។ 
 
«សហភាពអឺរ៉ុប ចាត់ទុករបបក្រុងមូស្គូ ជាអ្នកទទួលខុសត្រូវតែមួយគត់សម្រាប់ករណីស្លាប់នេះ»។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសរសេរលើបណ្តាញសង្គម X ច្បាស់ៗបែបនេះ ដោយបន្តចោទថា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាអ្នកទទួលខុសត្រូវតែមួយគត់។ ប្រមុខការទូតអឺរ៉ុប លោក Josep Borrell ក៏យល់ឃើញបែបនេះដែរ។ 
 
ចំណែកប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola បានលើកឡើងថា រុស្ស៊ី អាចដកសិទ្ធិសេរីភាព និងជីវិតរបស់លោក Navalny បានតាមរយៈការដាក់ក្នុងពន្ធនាគារ ប៉ុន្តែក្រុងមូស្គូ មិនអាចដកហូតសេចក្តីថ្លៃថ្នូរបស់អ្នកប្រឆាំងរូបនេះបានឡើយ។ 
 
ដោយឡែកប្រធានាធិបតីលីទុយអានី បានបង្ហាញក្តីមិនពេញចិត្តរបស់ខ្លួនថា លោក Navalny មិនបានស្លាប់នៅក្នុងពន្ធនាគារឡើយ ប៉ុន្តែគឺដោយសារភាពឃោរឃៅរបស់ក្រុងមូស្គូ ដែលមានបំណងបំបិទសំឡេងប្រឆាំងនៅក្នុងប្រទេស។ លើសពីនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានបង្ហាញក្តីសោកស្តាយ ហើយចាត់ទុកលោកពូទីន មិនខ្លាចអ្វីទាំងអស់ ក្រៅពីមតិរបស់ប្រជាជនខ្លួន។ 
 
ក្រៅពីមេដឹកនាំខាងលើ ថ្នាក់ដឹកនាំប្រទេសជាច្រើន បានរិះគន់ក្រុងមូស្គូ ដែលបានធ្វើឱ្យលោក Navalny ទទួលមរណភាព។ មិនត្រឹមតែថ្នាក់ដឹកនាំទេ ប្រជាជនរុស្ស៊ី នៅតាមបណ្តាប្រទេសអឺរ៉ុប ក៏បានចេញបាតុកម្ម ដើម្បីរិះគន់លោកពូទីនផងដែរ នៅតាមបណ្តាស្ថានទូតរុស្ស៊ី។ ប្រជាជនមួយចំនួន បានហៅលោកពូទីនថាជាឃាតករ និងទាមទារឱ្យមានការទទួលខុសត្រូវ។ 
 
សូមបញ្ជាក់ថា លោក Navalny ត្រូវបានតុលាការរុស្ស៊ីកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ ក្រោមបទចោទជ្រុលនិយម។ អ្នកប្រឆាំងដ៏សំខាន់រូបនេះ កន្លងមក ក៏ធ្លាប់ត្រូវបានគេដាក់ថ្នាំបំពុល ស្ទើរស្លាប់ស្ទើររស់ផងដែរ មុនពេលជាប់ពន្ធនាគារ៕ 

Tag:
 (អឺរ៉ុប
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com