អន្តរជាតិ
លោកត្រាំរងពិន័យប្រាក់ ៣៥០លានដុល្លារពីបទបំបោងទំហំទ្រព្យខ្ចីលុយធនាគារ
17, Feb 2024 , 4:00 pm        
រូបភាព
លោកដូណាស់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក
លោកដូណាស់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក
តុលាការក្នុងក្រុងញូវយ៉ក នៅថ្ងៃទី១៦ ខែកុម្ភៈ បានសម្រេចឱ្យលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកបង់ប្រាក់ពិន័យចំនួន ៣៥៤,៩លានដុល្លារ និងហាមឃាត់រកស៊ីក្នុងក្រុងញូវយ៉ករយៈពេល ៣ឆ្នាំ ក្រោមបទចោទបំប៉ោងទំហំទ្រព្យសម្បត្តិ ដើម្បីខ្ចីលុយធនាគារ។

 
ចៅក្រមក្នុងក្រុងញូវយ៉ក លោក Arthur Engoron នៅថ្ងៃទី១៦ ខែកុម្ភៈ បានចេញសេចក្តីសម្រេចឱ្យលោកដូណាល់ ត្រាំ បង់ពិន័យ ៣៥៤,៩លានដុល្លារ និងហាមឃាត់មហាសេដ្ឋីរូបនេះ ធ្វើជាមន្រ្តី ឬនាយកក្នុងក្រុមហ៊ុននានា នៅទីក្រុងញូវយ៉ក រយៈពេល ៣ឆ្នាំ។ 
 
ការពិន័យក្នុងរដ្ឋប្បវេណីបែបនេះ ធ្វើឡើងក្រោមបទចោទគ្រួសារលោកត្រាំ បានបំប៉ោងទ្រព្យសម្បត្តិ ៣,៦ពាន់លានដុល្លារក្នុងមួយឆ្នាំ រយៈពេលលើសពី១ទសវត្សរ៍ ដើម្បីខ្ចីលុយធនាគារឱ្យទទួលបានកម្ចីដ៏ល្អមួយ។ នេះបើតាមបទចោទ ដែលដាក់ដោយអគ្គរដ្ឋអាជ្ញាក្នុងក្រុងញូវយ៉ក លោកស្រី Letitia James។ 
 
យ៉ាងណាមិញ លោកត្រាំ មិនបានទទួលស្គាល់កំហុសឡើយ និងចាត់ទុកមានលក្ខណៈនយោបាយ ដែលធ្វើដោយបក្សប្រជាធិបតេយ្យ។ លោកត្រាំ ត្រូវបានរំពឹងថា​ នឹងដាក់បណ្ដឹងតវ៉ាចំពោះសេចក្តីសម្រេចខាងលើ។ 
 
សេចក្តីសម្រេចនេះ ធ្វើឡើងមុនពេលការបោះឆ្នោតប្រធានាធិបតីនឹងមកដល់នៅខែវិច្ឆិកា ខណៈលោកត្រាំបានរងបទចោទព្រហ្មទណ្ឌចំនួន ៤ផ្សេងទៀត ក្នុងនោះមានការផ្តល់ប្រាក់ទៅតារាអាសៈអាភាសផងដែរ៕

Tag:
 (អាម៉េរិក)
© រក្សាសិទ្ធិដោយ thmeythmey.com