ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការអប់រំ​នាំកូន​អ្នក​នេសាទ មិន​ឱ្យ​ជាប់ប្រលាក់​តែក្លិន​មច្ឆា
17, Feb 2024 , 7:00 pm        
រូបភាព
កុមារា១រូប កំពុងចែវទូកជាមួយសម្លាញ់ ២រូបទៀត ចេញពីសាលាបឋមសិក្សាព្រែកទាល់ ដែលស្ថិតនៅភូមិ ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ រូបថត៖ ឈន សុផាត
កុមារា១រូប កំពុងចែវទូកជាមួយសម្លាញ់ ២រូបទៀត ចេញពីសាលាបឋមសិក្សាព្រែកទាល់ ដែលស្ថិតនៅភូមិ ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ រូបថត៖ ឈន សុផាត
ព្រែកទាល់ បាត់ដំបង៖ «ធ្វើ​ម្តេច​រូប​អូន​ជាកូន​ស្រីអ្នកនេសាទ ជាផ្កាមិន​ស្អាត​ប្រលាក់ ជាប់ក្លិនមច្ឆា»។ ទិដ្ឋភាពនេះ ពិតជាអាច​មាន​ដូច​ការ​រៀបរាប់​របស់​កវី​​ គង្គ ប៊ុនឈឿន ក្នុង​បទ «កូន​ស្រីអ្នក​នេសាទ» ដែល​បក​ស្រាយ​ដោយរាជិនី​សំឡេងមាស រស់ សេរីសុទ្ធា។ ប៉ុន្តែឆ្នាំ​២០២៤ ទៅហើយ កូន​ស្រីអ្នកនេសាទ ក៏ដូចជា​កូន​អ្នក​ទន្លេទូទៅ​រឹងមាំណាស់ ពួកគាត់​ក្លាយជា​ធន​ធាន​មនុស្សដ៏សំខាន់​នៅ​ក្នុង​សហគមន៍ នាពេលបច្ចុប្បន្ន។

 
 
នាបេសកកម្ម​មួយ​នៅ​ខេត្ត​សៀមរាប ក្រុមអ្នក​សារព័ត៌មានខ្មែរ និង​មន្ត្រីអង្គការ​ជាង​២០នាក់ ក្នុងនោះ​រួម​ទាំង​ក្រុម​ការងារ​សារព័ត៌មានឌីជីថលថ្មីៗផងដែរនោះ ត្រូវណែនាំឱ្យ​ទៅ​ស្គាល់តំបន់​អ្នក​នេសាទ នាភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង។
 
ចេញពីសណ្ឋាគារ ភីគ អេលីត ប៊ូទិក នាម៉ោង​៦ព្រឹក រថយន្តបាន​ឆ្ពោះ​ទៅកាន់ភូមិត្រពាំងច្រាំង ឃុំកែវពណ៌ ស្រុកពួក ដោយ​ឆ្លងកាត់ផ្លូវកៅស៊ូផង ប៉េតុងផង ដីហុយផង និងជង្ហុក​ច្រើនផង ឡានក៏បានចូលទៅដល់​ច្រាំង​ទឹក​តាមផ្លូវតូចមួយ។ 
 
នៅភូមិ​ត្រពាំងច្រាំង កាណូត​​មួយគ្រឿង​​កំពុង​រង់​ចាំទទួលក្រុម​អ្នក​សារព័ត៌មាន​រួច​ជា​ស្រេច ហើយនៅម៉ោង​ជិត​៨ ជល​យាននេះ បាន​ចេញ​ដំណើរបន្ត​ឆ្ពោះទៅ​កាន់​តំបន់ព្រែក​ទាល់​។ នៅលើ​ផ្ទៃទឹក​ដ៏ធំល្វឹងល្វើយ អ្នក​បញ្ជា​កាណូត បត់​ឆ្វេង បត់​ស្តាំ ជាមួយ​នឹង​ចង្កូតដែល​កែច្នៃពី​រថយន្ត Hyundai ដោយ​ចាំ​បាច់មើល Google Map នោះឡើយ ព្រោះគាត់ជាអ្នក​ទន្លេស្រាប់ ដោយ​ស្គាល់​ផ្លូវ​ទឹក​ច្បាស់ជាងផ្លូវគោក។
 
ដំណើរ​ជាង​១ម៉ោង ទិដ្ឋភាពជាច្រើន បាន​ដក់ជាប់ក្នុង​ក្រសែភ្នែក​អ្នក​សារព័ត៌មាន ជាពិសេស​ផ្ទះ​បណ្តែត​ទឹក សកម្មភាពនៃពិធី​បុណ្យសាសនា អាពាហ៍ពិពាហ៍នៅ​លើ​ទឹក​ជាដើម។ ម៉ោង​៩ កាណូត បាន​ទៅ​ដល់​សាលាបឋម​សិក្សាព្រែកទាល់ ដែលនៅទីនោះ មាន​គ្រូ និង​សិស្សជាច្រើននាក់​កំពុង​រង់ចាំស្វាគមន៍។
 

 
ពិតជា​ភ្ញាក់ផ្អើល​នៅពេល​ដែលខ្ញុំបាន​ឃើញអគារ​សិក្សាកម្ពស់​៣ជាន់​មួយ​នៅ​បឹងទន្លេសាប។​ ជាថ្ងៃសម្រាកចុង​សប្តាហ៍​ តែលោកនាយកសាលា បានឱ្យសិស្សមកសម្អាតទីធ្លាសាលា។ នាពេលឃើញអ្នកសារព័ត៌មានជាង២០នាក់ និងមន្រ្តីអង្គការប្រហែល១០នាក់ទៀត កុមារា កុមារី បានដើរមកឈរមើលទាំងរីករាយ។ 
 
លោក វន ពិសី នាយកសាលាបឋមសិក្សាព្រែកទាល់ បានបង្ហាញពីបន្ទប់សិក្សា បណ្ណាល័យ និងសកម្មភាពសាលា ដល់អ្នកសារព័ត៌មាន និងមន្រ្តីអង្គការ។ នៅលើអគារសាលាកម្ពស់៣ជាន់ មានបន្ទប់លក់នំចំណីមួយ សម្រាប់សិស្ស ដោយសារ នាខែទឹកឡើង អ្នកលក់ មិនអាចលក់នំចណីនៅខាងក្រោមបានទេ។ 
  

 
«អគារនេះ កើតឡើងតាមរយៈសប្បុរសជនទាំងអស់ ដែលជាភ្ញៀវទេសចរ។ សហគមន៍ថតសាលាកំពុងទ្រុឌទ្រោម បង្ហាញទេសចរ ដើម្បីរៃអង្គាសថវិកា។ ចំណាយពេលរៃអង្គាសរយៈពេល៥ឆ្នាំ ទើបបានលុយគ្រប់គ្រាន់។ អគារទាំងមូល ត្រូវបានចំណាយថវិកាសាងសង់អស់ ១៤ម៉ឺនដុល្លារ។» លោក វន ពិសី ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ។ 
 
ចូលដល់ថ្នាក់រៀនមួយ អ្នកគ្រូបន្ទប់ថ្នាក់ កំពុងរៀបចំអាហារចែកជូនសិស្ស ដែលឧបត្ថម្ភដោយអង្គការ អេតអេអាក់ស្យុង។ សិស្សានុសិស្ស ពិសារអាហារយ៉ាងរីករាយ ប៉ុន្តែអាហារ ដែលឧបត្ថម្ភនេះ មិនគ្រប់គ្រាន់សម្រាប់គ្រប់ថ្នាក់សិក្សានៅបឋមសិក្សាព្រែកទាល់នោះឡើយ។ 
 
ស្មាច់ ប្រៀបដូចឡានទំនើប ម៉ូតូទំនើបសម្រាប់អ្នកទន្លេ


 
រស់នៅលើទឹកពីមួយជំនាន់ បន្តមកមួយជំនាន់ អ្នកភូមិបណ្ដែតទឹកភាគច្រើន  មិនចង់ចាកចេញទៅរស់នៅលើគោកនោះទេ។ ចាប់កំណើតលើជលាស័យ រហូតធំធាត់ពេញវ័យ អ្នកស្រុកទន្លេ បើកភ្នែក និងបិទភ្នែក ឃើញតែទឹក និងការនេសាទប៉ុណ្ណោះ។ អ្នកទន្លេ តែងតែធ្វើដំណើរទៅគ្រប់ទិសទីតាមទូក។
 
«ស្មាច់» ប្រៀបដូចម៉ូតូទំនើប ឡានទំនើប​ និងស្ពានរាប់គីឡូម៉ែត្រ សម្រាប់ចម្លងអ្នកទន្លេ ដែលអ្នករស់នៅលើគោក ហៅថា «ទូក»។ អ្នកដីគោក​ អាចមានម៉ូតូច្រើនគ្រឿងក្នុងគ្រួសារសម្រាប់ធ្វើដំណើររៀងៗខ្លួន តែថា អ្នកស្រុកទន្លេ មិនមាន «ស្មាច់» ច្រើនគ្រឿង សម្រាប់ធ្វើដំណើរនោះទេ។ 
  

 
សិស្សានុសិស្ស ជិះទូកតូចៗទៅសាលារៀន ហើយ​សិស្សខ្លះ មានឪពុកម្ដាយជូនទៅសាលា និងខ្លះទៀត ត្រូវសុំអាស្រ័យដំណើរជាមួយមិត្តភ័ក្រ។ សិស្សានុសិស្ស នៅសហគមន៍បណ្ដែលទឹក មិនមានភាពងាយស្រួល ដូចអ្នកនៅលើ​ដីនោះទេ។ ពេលខ្លះទូកដ៏តូចទាំងនោះ ត្រូវជួបរលកធំៗទៀតផង។ ដើម្បីទទួលបានចំណេះដឹង និងចាកចេញពីរបរនេសាទ កុមារា កុមារី ទាំងនេះ ត្រូវតស៊ូ ពុះពារគ្រប់យ៉ាង។ 
 
រលកជីវិតជាសិស្ស លើផ្ទៃជលាស័យ
រស់នៅភូមិបណ្តែតទឹកលើបឹងទន្លេសាប យ៉ុម សុជាតា តែងធ្វើដំណើរដោយទូកជាមួយបងប្អូនជីដូនមួយ ដើម្បីមកសាលា។ សុជាតា មានទម្លាប់ក្រោកនាម៉ោង៤ ភ្លឺ ដាំបាយ និងបរិភោគបាយ ដើម្បីអង្គុយមើលមេរៀន និងចាំទូកទៅសាលា។  
  

 
សុជាតា ជាកូនកំព្រាឪពុក និងមានម្តាយធ្វើសន្តិសុខ។ យុវតីវ័យ ១៣ឆ្នាំរូបនេះ គឺជាកូនពៅក្នុងគ្រួសារ បើទោះមានតែម្តាយជាអ្នកផ្គត់ផ្គង់ តែបងៗរបស់ សុជាតា មានឱកាសសិក្សាដល់ថ្នាក់ទី១១ និងទី៨។ ក្មេងស្រី ដែលកំពុងសិក្សាថ្នាក់ទី៧រូបនេះ មានបំណងសិក្សាឱ្យបានខ្ពស់ ដូចបងៗ។
 
«ធំឡើងខ្ញុំចង់មានការងាធ្វើ មានមុខរបរល្អធ្វើ ហើយមកចិញ្ចឹមម្តាយខ្ញុំវិញ។ ខ្ញុំចង់ធ្វើជាគ្រូបង្វឹកខាងតេក្វាន់ដូ។» យុវតី យ៉ុម សុជាតា ចង់ឱ្យសាលារបស់គេ មានទីតាំងសម្រាប់ហាត់តេក្វាន់ដូ ដូចសាលា នៅលើគោកដែរ។
 
ទូកតូច រលកធំ ធ្វើឱ្យអ្នកគ្រូ ភិតភ័យរាល់ថ្ងៃ
មិនលំបាកតែសិស្សទេ លោកគ្រូ អ្នកគ្រូ ក៏យ៉ាប់យឺនដូចគ្នា។ ម៉េង សៀវអ៊ី, សំណាង រ័ត្នថា និង កៃ ស្រីសុខ ជាគ្រូស្ម័គ្រចិត្តនៅសាលាបឋមសិក្សាព្រែកទាល់។ អ្នកគ្រូវ័យក្មេងទាំង៣នេះ ក៏តែងតែញាប់ញ័រអារម្មណ៍ម្ដងៗផងដែរ នាពេលជិះទូក ទៅ និងចេញពីសាលារៀន។ 
 
នៅពេលមានកប៉ាល់ធំៗ បើកឆ្លងកាត់ ទូកយ៉ាងតូច ត្រូវប្រឈមនឹងរលក ដែលអាចនឹងលិច។ ពេលខ្លះ ទឹកសាចមកលើទូក ធ្វើឱ្យទទឹកសម្ភារៈ និងសម្លៀកបំពាក់របស់អ្នកគ្រូថែមទៀតផង។ ប៉ុន្តែរឿងរ៉ាវទាំងនេះ ហាក់បីដូចជា ធម្មតាទេសម្រាប់អ្នកទន្លេ។ ផ្ទុយទៅវិញ អ្នកគ្រូ សំណាង រ័ត្នថា មិនមែនជាអ្នកទន្លេឡើយ។ ការណ៍នេះ អ្នកគ្រូតែងតែភ័យខ្លាចជាទីបំផុត។
  

 
«ខ្ញុំ មានអារម្មណ៍ថាប្លែកដែរ។ ខ្ញុំ មិនធ្លាប់រស់នៅលើទឹក ដូច្នេះពិបាក នាពេលដំបូងៗ។ នៅលើគោកចង់ទៅណា គ្រាន់តែជិះម៉ូតូទៅ តែនៅទីនេះ ពិបាក។ ហើយគ្មានផ្សារ គ្មានអ្វីទេ! ដូចខ្ញុំអ៊ីចឹង ខ្ញុំ គ្មានកាណូតប្រើផ្ទាល់ខ្លួនទេ។ ពេលមកដំបូង ចង់រត់ទៅស្រុកវិញដែរ។» អ្នកគ្រូ រ័ត្នថា រំលឹកអារម្មណ៍ដំបូងៗ នាពេលបានមករស់នៅលើទឹក ដល់អ្នកសារព័ត៌មានឌីជីថលថ្មីៗ។ 
 
ជាការពិត ទោះបីមានឧបសគ្គរាប់មិនអស់ក៏ដោយ កុមារ កុមារី លោកគ្រូ អ្នកគ្រូ មិនរួញរាបន្តិចឡើយ ដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួន។ រស់នៅលើទឹក​ ជាប្រពៃណីបន្តជំនាន់មក ប៉ុន្តែមិនមែន អ្នកជំនាន់ក្រោយ ចង់បន្តរបរនេសាទនេះរហូតនោះទេ ពោល គឺពួកគេ ក៏ចង់មានអនាគតត្រចះត្រចង់ និងមើលឃើញពិភពលោក បានឆ្ងាយជាងនេះផងដែរ។ ដូច្នេះហើយ ការអបរំ នៅសហគមន៍បណ្ដែតទឹក បឹងទន្លេសាប គឺពិតជាសំខាន់ណាស់ ដើម្បីអនាគតកម្ពុជា និយាយជារួម និងអនាគត អ្នកទន្លេ និយាយដោយឡែក៕ 

Tag:
 បទយកការណ៍
  ព្រែកទាល់
  ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com