កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ត្រូវដកឈ្មោះចេញពី Al Ittihad ក្នុងជំនួបសំខាន់ ACL ចំពេលមានជម្លោះនឹងគ្រូបង្វឹក
17, Feb 2024 , 8:20 pm        
រូបភាព
Karim Benzema គ្មានឈ្មោះក្នុងបញ្ជីកីឡាករក្រុមត្រូវប្រកួតក្នុងពានរង្វាន់ AFC Champions League អំឡុងពេលក្រុម Al Ittihad ប្រកួតត្រឹមលទ្ធផល ០-០ ទល់ក្រុម Navbahor របស់អ៊ីរ៉ង់ ចំពេលដែលទំនាក់ទំនងរវាងខ្សែប្រយុទ្ធសញ្ជាតិបារាំងជាមួយគ្រូបង្វឹកលោក Marcelo Gallardo ល្អក់កករ។ នេះបើតាមប្រភពបានប្រាប់ទៅកាន់ទូរទស្សន៍ ESPN។

បើតាមកាសែត ESPN ការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ លោក Gallardo មិនបានគិតថា Benzema អាចចូលលេងបានឬក៏អត់នោះឡើយ បន្ទាប់ពីកីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ បានវិលត្រឡប់មកជំរំហ្វឹកហាត់នៅទីក្រុងឌូបៃយឺតពេល ក្រោយសម្រាករដូវរងារបានបញ្ចប់។ 
 
មូលហេតុនៃភាពយឺតយ៉ាវការហ្វឹកហាត់ត្រូវបានបកស្រាយ ព្រោះតែ Benzema បានជាប់គាំងនៅក្នុងប្រទេសម៉ូរីស ដោយសារតែមានព្យុះបោកបក់ខ្លាំង។ តែយ៉ាងណាសម្រាប់ការប្រកួត Benzema អះអាងថា រូបគេបានត្រៀមខ្លួនរួចរាល់ ព្រមទាំងអាចចូលលេងបាន។
 
ការប្រកួតរវាង Al Ittihad ទល់នឹងក្រុម Navbahor គឺជាការប្រកួតជើងទីមួយវគ្គ ១៦ក្រុម នៃពានរង្វាន់ AFC Champions League តំបន់ខាងលិច។ ការប្រកួតនោះ Benzema គ្មានវត្តមានជាមួយក្រុមឡើយនៅពេលវិលត្រឡប់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន ពេលក្រុម Al Ittihad យកឈ្នះក្នុងលទ្ធផល ៣-០ មុនពេលប្រកួតស្មើក្នុងពានរង្វាន់ក្លិបកំពូលទ្វីបអាស៊ីក្នុងសប្តាហ៍នេះ។
 
អវត្តមានរបស់តារាបាល់ទាត់បារាំង បានកើតឡើងក្រោយពេលដែលរូបគេមានជម្លោះជាមួយនឹងលោក Gallardo ជុំវិញការមកហ្វឹកហាត់យឺតពេល។
 
អតីតប្រធានក្រុម Real Madrid បានចុះកិច្ចសន្យាលេងឱ្យ ​Al Ittihad កាលពីដើមរដូវកាល ២០២៣-២៤ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ ទោះកន្លងមករូបគេមានភាពជោគជ័យគួរសមនៅលើទីលាន ដោយរកបាន ១៥គ្រាប់ ពីការលេង ២៤ប្រកួត តែយ៉ាងណាកីឡាវ័យ ៣៦ឆ្នាំ ហាក់មិនសប្បាយចិត្តឡើយក្នុងការបន្តលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត។
 
អំឡុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាល Benzema ក៏សម្លឹងមើលការផ្ទេរទៅកាន់ក្លិបថ្មីផងដែរ ប៉ុន្តែក្លិប Al Ittihad បដិសេធអនុញ្ញាតឱ្យរូបគេ វិលត្រឡប់ទៅតំបន់អឺរ៉ុបវិញឡើយ៕

Tag:
 (Karim Benzema
  AFC Champions League)
© រក្សាសិទ្ធិដោយ thmeythmey.com