សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ ផ្តល់ការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ
17, Feb 2024 , 10:20 pm        
រូបភាព
ភ្ញៀវអន្តរជាតិមកទស្សនាព្រះបរមរាជវាំង ថៃនៅទីក្រុងបាងកក ។ រូបភាព ៖ Reuters
ភ្ញៀវអន្តរជាតិមកទស្សនាព្រះបរមរាជវាំង ថៃនៅទីក្រុងបាងកក ។ រូបភាព ៖ Reuters
ថៃបានចំណាយប្រាក់ចំនួន ៥០លានបាត ប្រហាក់ប្រហែលនឹង ១,៣៨លានដុល្លារ លើ​ជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ភ្ញៀវទេសចរ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤។ នេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានសុវត្ថិភាព និងបង្កើនទំនុកចិត្តដល់ភ្ញៀវ ទេសចរ ដែលទៅកម្សាន្តនៅថៃ។

 
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ក្រសួងទេសចរណ៍ និងកីឡា (MOTS) និងវិទ្យាស្ថានជាតិ វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ (NIEM) បានប្រកាសរួមគ្នាផ្តល់ជំនួយចំនួន ៥០ លានបាត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរក្នុងប្រទេសថៃ។ 
 
កម្រិតថ្លៃធានារ៉ាប់រងអតិបរមា មានចំនួន ១លានបាត (២,៧៦ម៉ឺនដុល្លារ) សម្រាប់ភ្ញៀវម្នាក់ ក្នុងករណីដែលជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត​។ ក្នុងករណីការព្យបាលរបួសដែល គ្រោះថ្នាក់ដោយចៃដន្យទទួលបាន ៥០ម៉ឺនបាត(១,៣៨ម៉ឺនដុល្លារ) និង៣០ម៉ឺនបាត (ជាង៨ពាន់ដុល្លារ) ប្រសិនបើមានគ្រោះថ្នាក់រហូតដល់ពិការភាព។ 
 
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក Sudawan Wangsupakijkosol បាននិយាយថា ភ្ញៀវ ទេសចរនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ការចំណាយលើការព្យាបាល ក្នុង ករណីមានឧបទ្ទវហេតុ ឬគ្រោះថ្នាក់។ វិធានការចុងក្រោយនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ធានាសុវត្ថិភាព និង បង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តនៅថៃ។ វិធានការនេះ ក៏ត្រូវបានរំពឹងដែរថា នឹងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
 
ការឧបត្ថម្ភសាច់ប្រាក់ទាំងនេះ នឹងត្រូវផ្តល់ជូនភ្ញៀវទេសចរនៅក្នុងករណីជាក់លាក់​នីមួយៗ ប៉ុន្តែនឹងត្រូវបដិសេធការទូទាត់ ប្រសិនបើឧបទ្ទវហេតុនេះកើតចេញពីការធ្វេស​ប្រហែសរបស់អ្នកទេសចរ ឬបំពានច្បាប់ដោយចេតនា។
 
លក្ខខណ្ឌ​សម្រាប់​ភ្ញៀវ ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ​នេះ​ គឺ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ដែល​មាន​សុពលភាព​ចូល​មក​​ថៃ ​នៅ​ចន្លោះ​ថ្ងៃ​ទី១ ខែ​មករា ដល់​ថ្ងៃ​ទី៣១ ខែ​សីហា តាម​ទិដ្ឋាការ​ទេសចរណ៍ ឬ​ក្នុង​គោលបំណង​ទេសចរណ៍​ធម្មតា។ 
 
ក្រសួងទេសចរណ៍ បានអនុវត្តប្រព័ន្ធសុវត្ថិភាពទេសចរណ៍ថៃ(TTS)។ មុនពេលមកដល់ថៃ អ្នកទេសចរអាចបំពេញព័ត៌មាននេះ ដើម្បីចុះឈ្មោះព័ត៌មានតាមអ៊ីនធឺណិត។ រដ្ឋាភិបាល នឹងពឹងផ្អែកលើព័ត៌មានដែលបានប្រកាសនៅលើ TTS ដើម្បីពិនិត្យ និងសម្រេចថាតើ អ្នក ទេសចរ មានសិទ្ធិស្នើសុំការគាំទ្រ ឬអត់? ការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកធ្វើដំណើរ ត្រូវបានអនុវត្ត ដោយអនុលោមតាមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ថៃ។  
 
ដើម្បីស្នើសុំគម្រោងធានារ៉ាប់រង ពាក់ព័ន្ធពិការភាពរបស់រដ្ឋាភិបាលថៃ អ្នកដំណើរអាច​ដាក់ ពាក្យនៅការិយាល័យកីឡា និងទេសចរណ៍ទូទាំងប្រទេស ឬមជ្ឈមណ្ឌលគាំទ្រការធ្វើ ដំណើរនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង។ ភ្ញៀវក៏អាចដាក់ពាក្យតាម រយៈ​អ៊ីមែល .th ឬផ្ញើសំបុត្រតាមប្រៃសណីយ៍ទៅកាន់ MOTS ។
 
ទន្ទឹមនេះ ប៉ូលិសទេសចរណ៍ថៃ ក៏កំពុងដំណើរការគំនិតផ្តួចផ្តើមថ្មី និងអនុវត្តបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរបន្ថែមទៀត ដូចជាការបង្រ្កាបការក្លែងបន្លំ និងការអនុវត្ត ច្បាប់យ៉ាងតឹងរ៉ឹងដែរ៕ 

Tag:
 ថៃ
  ទេសចរ
  ទិដ្ឋាការ
  ធានារ៉ាប់រង
© រក្សាសិទ្ធិដោយ thmeythmey.com