អន្តរជាតិ
ប្រទេស​ក្រិក​ទទួល​ស្គាល់ផ្លូវការ​លើ​​ការ​រៀបការ​របស់​អ្នក​មាន​ភេទ​ដូច​គ្នា
18, Feb 2024 , 8:30 am        
រូបភាព
អ្នកគាំទ្រការរៀបអាពាហ៍ពិពាហ៍របស់អ្នកមានភេទដូចគ្នាចូលរួមការដើរហែក្បួនមួយនៅទីលាន Syntagma ក្នុងទីក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកគាំទ្រការរៀបអាពាហ៍ពិពាហ៍របស់អ្នកមានភេទដូចគ្នាចូលរួមការដើរហែក្បួនមួយនៅទីលាន Syntagma ក្នុងទីក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ដោយ: VOA
រដ្ឋធានីអាថែន ប្រទេសក្រិក៖ សមាជិក​សភា​នៃ​ប្រទេស​ក្រិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍បាន​អនុម័ត​ដោយ​សំឡេង​លើសលប់​ លើ​ច្បាប់​ថ្មី​មួយ​ ដោយ​ទទួល​ស្គាល់តាម​ផ្លូវ​ច្បាប់​នូវការ​រៀបការ​អ្នកមាន​ភេទ​ដូច​គ្នា។

​ ​
ការ​អនុម័ត​ច្បាប់​នេះ​ត្រូវ​បាន​មើល​ឃើញថា​ ជា​ជ័យជម្នះ​មួយ​ សម្រាប់​សិទ្ធិ​សេរីភាព​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ខណៈ​​ច្បាប់​នេះ​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រដ្ឋាភិបាល​អភិរក្សនិយម​ បើ​ទោះ​បី​ជា​មាន​ការ​ប្រឆាំង​តវ៉ា​ពី​ព្រះវិហារ​គ្រិស្តសាសនានិកាយ Orthodox ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ប្រទេស​នេះ​ក៏​ដោយ។​
 
ច្បាប់​ថ្មី​នេះ​នឹង​ផ្តល់​ការអនុញ្ញាត​ឱ្យ​អ្នក​ដែល​មាន​ភេទ​ដូច​គ្នា​អាច​រៀបការ​ជាមួយ​គ្នា​បាន និង​មាន​សិទ្ធិ​ក្នុង​ការ​សុំ​កូន​មក​ចិញ្ចឹម​ផង​ដែរ។​ ​ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​ច្បាប់​នេះ​មិនបាន​អនុញ្ញាត​ឱ្យ​មានការ​ពរ​ពោះ​ជំនួស​ឡើយ​ សម្រាប់ដៃគូដែល​ជាភេទប្រុស​ដូច​គ្នា ដែល​ការ​នេះ​ធ្វើ​ឱ្យ​មាន​ការរិះគន់​ដល់​សហគមន៍​ដែលស្រឡាញ់​ភេទ​ដូច​គ្នា​ថា​ ច្បាប់​នេះនៅ​មិន​ទាន់​ល្អ​ទាំង​ស្រុង​នោះ​ឡើយ​សម្រាប់​ពួក​គេ។
 
ប្រទេស​ក្រិក​នៅ​ពេល​នេះ​បាន​ក្លាយ​ជា​ប្រទេស​កាន់​សាសនា​គ្រិស្ត​និកាយ​ Orthodox ទី​ ១​ និង​ជាសមាជិកសហភាព​អឺរ៉ុប​ទី​ ១៦​ ​និងជា​ប្រទេស​ទី ​៣៧ ​នៅ​លើ​ពិភពលោក​ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបការ​ភេទ​ដូច​គ្នា។​
 
នាយករដ្ឋមន្ត្រី​ប្រទេស​ក្រិក​លោក ​Kyriakos Mitsotakis​ បាន​និយាយ​លើ​សារ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម X​ ថា​៖ «​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​សិទ្ធិមនុស្ស​ ដែលឆ្លុះបញ្ចាំងពី​ស្ថានភាព​ក្នុង​ប្រទេស​ក្រិក​នា​ពេល​បច្ចុប្បន្ន​ ​ថា​ជា​ប្រទេស​ដែល​មាន​សង្គម​ជឿនលឿននិង​មាន​ប្រជាធិបតេយ្យ​ ដោយ​មានការ​តាំង​ចិត្ត​លើ​គុណ​តម្លៃអឺរ៉ុប»៕

Tag:
 ស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com