RFI
អន្តរជាតិ
កូរ៉េខាង​ត្បូង​បង្កាត់​ស្រូវ​ជាមួយ​កោសិកាគោ​ដើម្បី​បង្កើន​ជាតិ​ប្រូតេអ៊ីន​អង្ករ
18, Feb 2024 , 10:00 am        
រូបភាព
អង្ករបង្កាត់ជាមួយកោសិកាគោ ។ Yonsei University
អង្ករបង្កាត់ជាមួយកោសិកាគោ ។ Yonsei University
ដោយ៖ អៀង សុខម៉ិញ/RFI ខេមរភាសា
 
អ្នក​វិទ្យាសាស្ត្រជាតិ​កូរ៉េខាង​ត្បូង កំពុងស្រាវជ្រាវ​​បង្កាត់​ពូជ​ស្រូវ​ជា​មួយ​កោសិកា​របស់សត្វ​គោ។ ជា​ពូជ​ស្រូវថ្មី មាន​លក្ខណៈ​​កូន​កាត់​ តែ​ជា​អាហារ​អនាគត​មាន​ប្រូតេអ៊ីនខ្ពស់ ដែល​អាច​ជួយបញ្ចៀស​​វិបត្តិ​ស្បៀង​អាហារ​ និង​​ការ​ប្រែប្រួល​អាកាសធាតុ។

ដើម្បី​បាន​ពូជ​ស្រូវកូនកាត់​​ថ្មី​នេះ អ្នក​វិទ្យាសាស្ត្រ​ជាតិ​កូរ៉េខា​ងត្បូង​ បាន​យក​គ្រាប់​ស្រូវ​ធម្មតា​​មក​បង្កាត់ជាមួយ​នឹង​កោសិការ​សាច់​ដុំ​និងកោសិកា​ខ្លាញ់​របស់​សត្វ​គោ ដោយ​មាន​រុំជាតិ​ស្អិត​gélatine​របស់​​ត្រី​ ជា​ជំនួយ​ឱ្យ​កោសិកា​គោ​តោង​ជាប់​ស្រូវ។​ បន្ទាប់​មកទើប​គេ​យកគ្រាប់​ស្រូវ​នោះ​ទៅ​បណ្តុះ​រយៈ​ពេល​១១​ថ្ងៃ។
 
ពូជ​ស្រូវ​បង្កាត់​ថ្មី​នេះ​កំពុងដាំដុះ​​នៅក្នុងស្រែ​​​មន្ទីរ​ពិសោធន៍​របស់​សកលវិទ្យាល័យ​Yonsei ក្រុង​សេអ៊ូល​។ បើ​តាម​ក្រុម​អ្ន​ក​ស្រាវជ្រាវដដែល គ្រាប់​​ស្រូវ​ពូជ​នេះ​នឹង​មាន​ពណ៌ផ្កាឈូក ហើយ​អាច​ជា​បរិភោគ​ជា​អាហារ​ជំនួស​សាច់​ ក្នុង​តម្លៃ​ថោកហើយមាន​និរន្តរភាព​​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត ព្រោះ​វា​បន្សល់​ស្នាម​ឧស្ម័ន​ពុលកាបូនទាប​ណាស់។
 
អង្ករ​មាន​ផ្ទុក​អាហារ​រូបត្ថម្ភ​ខ្ពស់​ស្រាប់​ហើយ ហើយ​ថែម​កោសិកា​សត្វទៀត អង្ករ​កាត់​គោ កាន់​តែមាន​សារធាតុ​ចិញ្ចឹម​ខ្ពស់។ ​ អង្ករ​ពូជ​ស្រូវកូនកាត់នេះមាន​ផ្ទុក​សារធាតុ​ប្រូតេអ៊ីន​៨% ខ្លាញ់​៧% លើស​​ពូជ​ស្រូវ​ធម្មតា ហើយ​មាន​សណ្ឋាន​ជា​គ្រាប់​ណែន​​និង​ស្រស់​ស្រួយ​ល្អ​ដូច​គ្រាប់​អង្ករ​ធម្មជាតិ​ទូទៅ។ នេះ​បើ​តាម​ការ​លម្អិត​របស់ប៉ាក់ សូយិន Park So-hyeonសហប្រធាន​ដឹកនាំ​កា​រសិក្សា​ស្រាវ​ជ្រាវ ដោយសំលឹង​ឃើញ​​ថា​ ពេល​នេះ​នរណា​ក៏​មាន​លទ្ធភាព​មាន​អាហារ​កូនកាត់ដែរ។
 
អង្ករបង្កាត់​ជាមួយ​គោ ដែល​អាច​ចូល​រួម​ចំណែក​នៅ​ថ្ងៃ​ណាមួយ​ជា​អាហារ​ជំនួយប្រឈម​នឹង​​គ្រោះ​ទុរ្ភិក្ស ឬ​ជា​អាហារ​សម្រាប់​យុទ្ធជន​ ឬ​សម្រាប់​អវកាសយានិក ជា​​​អាហារ​គោរព​បរិស្ថាន​។

នៅក្នុង​ការ​ដាំ​ដុះសាកល្បង​ចុងក្រោយ​ក្នុង​មន្ទីរពិសោធន៍​ ការ​ដាំស្រូវ​នេះ​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក​ទាប​ជាងហូប​សាច់​ឆ្ងាយណាស់ ព្រោះ​​ការ​ចិញ្ចឹម​សត្វ​ត្រូវ​ការ​ទឹក​ ច្រើន​ហើយ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន។ ស្រូវ​កូនកាត់ផ្តល់​​ប្រូតេអ៊ីន​១០០​ក្រាម បញ្ចេញ​ឧស្ម័ន​​ឌីអុកស៊ីត​មិន​ដល់​៦,២៧គ.ក្រ.ផង ពោល​គឺ​តិច​ជាង​ការ​ផលិត​សាច់​គោ​ដល់​ទៅ​៨​ដង​។
 
ក្រុម​អ្នក​ស្រាវជ្រាវ​ចង់​បង្កាត់​ពូជស្រូវ​នេះ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរថែម​ទៀត ដោយ​គ្រោង​ឱ្យ​កោសិកា​សត្វ​គោ​អាច​ជ្រាប​កាន់​តែខ្លាំង​ក្នុង​ពេល​គ្រាប់​ស្រូវ​លូតលាស់ ដើម្បី​បង្កើន​កំរិតអាហារូបត្ថម្ភ​ឱ្យ​បាន​កាន់​ខ្ពស់ មុន​នឹង​ចាប់​ផ្តើម​លក់​ស្រូវ-អង្ករ​កូន​កាត់​នៅ​លើ​ទីផ្សារ៕

© រក្សាសិទ្ធិដោយ thmeythmey.com