អន្តរជាតិ
លោកថាក់ស៊ីន រួចពីទោសជាផ្លូវការ ក្រោយអនុវត្ដទោសបាន ៦ខែ
18, Feb 2024 , 2:40 pm        
រូបភាព
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុងសភាចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី១៨ ខែកុម្ភៈ។ រូបភាព AFP
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុងសភាចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី១៨ ខែកុម្ភៈ។ រូបភាព AFP
ពីក្នុងរថយន្តយីហោ Mercedes លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចាញចេញពីមន្ទីពេទ្យប៉ូលិសក្នុងក្រុងបាងកក នៅថ្ងៃទី១៨ ខែកុម្ភៈ ដែលជាថ្ងៃអតីតនាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានរួចពីទោសមុនពេលកំណត់ ក្រោយអនុវត្តទោសបានជាង ៦ខែ ដោយមិនធ្លាប់ជាប់ពន្ធនាគារ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃដ៏មានឥទ្ធិពល ត្រូវបានរួចពីទោសហើយ និងបានចាកចេញពីមន្ទីរពេទ្យប៉ូលិស ក្នុងសភាពដៃរុំបង់ ហើយស្ថិតនៅក្នុងរថយន្ត យីហោ Mercedes ពណ៌ខ្មៅ។ 
 
ក្នុងដំណើរចាកចេញពីមន្ទីរពេទ្យនេះ លោកស្រី Paetongtarn Shinawatra ប្រធានបក្សភឿថៃ បានទៅទទួលឪពុកដោយផ្ទាល់ និងបានឆ្ពោះទៅផ្ទះក្នុងក្រុងបាងកកប្រមាណជា ២៥នាទី ក្រោយ។ 
 
«លោកថាក់ស៊ីន បានមកដល់ផ្ទះហើយ។ សង្ឃឹមថា លោកមានសុខភាពល្អ»។ លោកស្រី Paetongtarn បានសរសេរសារលើបណ្តាញសង្គម X បែបនេះ នៅថ្ងៃទី១៨ ខែកុម្ភៈ។ 
 
មហាសេដ្ឋីថៃរូបនេះ អាចរួចពីទោសមុនពេលកំណត់ គឺដោយសារតែអាយុ, លក្ខខណ្ឌសុខភាព និងរយៈពេលជាប់ពន្ធនាគារ។ 
 
អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានចំណាយពេលនៅក្រៅប្រទេសរហូតដល់ ១៥ឆ្នាំឯណោះ ដើម្បីគេចពីបទចោទ និងការជាប់ពន្ធនាគារ។​ យ៉ាងណាមិញ ស្របពេលបក្សភឿថៃ ទទួលបានសំឡេងគ្រប់គ្រាន់ក្នុងសភា ក្នុងការរៀបចំរដ្ឋាភិបាល លោកថាក់ស៊ីន បានសម្រេចត្រលប់មកប្រទេសវិញ ហើយត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ដោយសារតែការរំលោភអំណាច, ការផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនាស់ផលប្រយោជន៍ជាដើម។ 
 
ប៉ុន្មានខែក្រោយ មហាក្សត្រថៃ បានបន្ធូរបន្ថយទោសលោកថាក់ស៊ីន មកត្រឹមមួយឆ្នាំ។ យ៉ាងណាមិញ លោកថាក់ស៊ីន បានចំណាយពេលជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យប៉ូលិសទាំងស្រុង ដោយជាប់ពន្ធនាគារត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារបញ្ហាសុខភាព សម្ពាធឈាមឡើងខ្ពស់ និងចុកទ្រូងជាដើម៕

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com