អន្តរជាតិ
ចិនព្រមានចាត់វិធានខ្លាំងក្លា ក្រោយអ្នកនេសាទ២នាក់ស្លាប់ ព្រោះការដេញតាមពីទូកល្បាតតៃវ៉ាន់
18, Feb 2024 , 8:20 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ឧប្បត្តិការណ៍នៃការស្លាប់អ្នកនេសាទចិន ២នាក់ ដោយសារការដេញតាមពីទូកល្បាតតៃវ៉ាន់ បានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង និងបានប្រកាសចាត់វិធានការបន្ថែម នៅថ្ងៃទី១៧ ខែកុម្ភៈ។ ហេតុការណ៍នេះ រឹតតែបន្ថែមភាពតានតឹងរវាងចិន និងតៃវ៉ាន់។

 
ទូកល្បាតតៃវ៉ាន់ នៅថ្ងៃទី១៥ ខែកុម្ភៈ បានដេញតាមទូកនេសាទចិនមួយគ្រឿង ដែលបានចូលទៅក្បែរដែនកោះរបស់ខ្លួន Kinmen។ ការប្រដេញបែបនេះ បានធ្វើឱ្យទូកល្បឿនលឿនរបស់អ្នកនេសាទចិន ក្រឡាប់ និងបង្កឱ្យមនុស្សចំនួន ២នាក់ស្លាប់ ខណៈពីរនាក់ទៀត ត្រូវបានជួយសង្រ្គោះ។ 
 
ហេតុការណ៍បែបនេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខ្លាំងសម្បារយ៉ាងខ្លាំង និងព្រមានចាត់វិធានការបន្ថែម។ បើតាមចិន តំបន់នេសាទដែលក្បែរឆ្នេររបស់ខ្លួននោះ មិនស្ថិតក្នុងការរឹតត្បិតសម្រាប់ការនេសាទ។​
 
«ក្រុងប៉េកាំង សូមរក្សាសិទ្ធិក្នុងការចាត់វិធានការបន្ថែម ហើយតៃវ៉ាន់ត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ»។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយបន្តថា ក្រុងប៉េកាំងតែងមានឆន្ទៈល្អ ចំពោះប្រជាជនតៃវ៉ាន់ ប៉ុន្តែខ្លួននឹងមិនលើកលែងចំពោះសកម្មភាពរបស់រដ្ឋាភិបាលក្រុងតៃប៉ិឡើយ។ 
 
ឧបទ្ទវហេតុនេះ រឹតតែបង្កភាពតានតឹងបន្ថែមទៀតសម្រាប់ទំនាក់ទំនងដែនដីទាំងពីរ។ កន្លងមក ចិនតែងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន ហើយថែមទាំងប្តេជ្ញាបង្រួបបង្រួមដែនដីទាំងពីរថែមទៀត។
 
សូមបញ្ជាក់ថា កោះKinmen ត្រូវបានគ្រប់គ្រងដោយតៃវ៉ាន់ ចាប់តាំងពីសង្រ្គាមស៊ីវិលបានបញ្ចប់នៅក្នុងឆ្នាំ១៩៤៩ ហើយកោះមួយនេះ ស្ថិតនៅក្បែរក្រុង Xiamen និងក្រុង Quanzhou៕

Tag:
 (ចិន
  តៃវ៉ាន់)
© រក្សាសិទ្ធិដោយ thmeythmey.com