អន្តរជាតិ
លោកហ្សេលេនស្គី អញ្ជើញលោកត្រាំ ទៅតំបន់ប្រយុទ្ធក្នុងអ៊ុយក្រែន
18, Feb 2024 , 5:20 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព Xinhua
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព Xinhua
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៧ ខែកុម្ភៈ បានអញ្ជើញអតីតប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ទៅតំបន់ជួរមុខ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ បើតាមលោក ហ្សេលេនស្គី លោកនឹងអមដំណើរលោកត្រាំទៅដោយផ្ទាល់ បើលោកត្រាំហ៊ាន។

ពីសន្និសីទសន្តិសុខក្រុងMunich អាល្លឺម៉ង់ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសអញ្ជើញលោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ទៅតំបន់ជួរមុខនៃសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ដើម្បីពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់។ 
 
«លោកត្រាំ បើគាត់នឹងទៅ ខ្ញុំត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការទៅជាមួយគាត់នៅតំបន់ជួរមុខ»។ ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងបែបនេះពីលើឆាក ក្នុងវេទិកាសន្និសីទសន្តិសុខក្រុងMunichនៅថ្ងៃទី១៧ ខែកុម្ភៈ។ នៅចំពោះមុខអ្នកចូលរួម លោក ហ្សេលេនស្គី បានយល់ថា វាមានចាំបាច់សម្រាប់អ៊ុយក្រែន ក្នុងការបន្តទំនាក់ទំនងល្អជាមួយបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។ 
 
បើតាមលោក ហ្សេលេនស្គី ការអញ្ជើញលោកត្រាំ ទៅតំបន់ជួរមុខនៃសង្រ្គាម គឺសំខាន់ណាស់ ដើម្បីបង្ហាញអ្នកសម្រេចចិត្ត ពិនិត្យមើលពីស្ថានភាពសង្រ្គាមជាក់ស្តែង។ ការអញ្ជើញរបស់មេដឹកនាំអ៊ុយក្រែន ធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នៅខែវិច្ឆិកា ខណៈលោកត្រាំ ជាបេក្ខជនដ៏សំខាន់មួយនៅក្នុងបក្សសាធារណរដ្ឋ។ 
 
កន្លងមក លោកត្រាំ ​បាន​គំរាម​បោះ​បង់​សមាជិក​ណាតូ​ដែល​មិន​បាន​រួម​ចំណែក​ថវិកា​គ្រប់គ្រាន់ ក្នុងអង្គការណាតូស ​ក្នុង​ករណី​ដែល​ពួក​គេ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​រុស្ស៊ី បើសិនបើលោកក្លាយជាប្រធានាធិបតីជាថ្មី៕

Tag:
 (អ៊ុយក្រែន
  អាម៉េរិក)
© រក្សាសិទ្ធិដោយ thmeythmey.com