អន្តរជាតិ
លោកប្រាបូវ៉ូបន្តនាំមុខបេក្ខជនផ្សេងទៀត ក្រោយសន្លឹកឆ្នោតរាប់បាន ៦៥ភាគរយ
18, Feb 2024 , 10:20 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ខណៈសន្លឹកឆ្នោតរាប់បាន ៦៥ភាគរយ លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី នៅតែបន្តនាំមុខដ៏ច្រើនសន្ធឹកពីបេក្ខជនផ្សេងទៀត នៅថ្ងៃទី១៧ ខែកុម្ភៈ។ អ្នកបោះឆ្នោតឱ្យលោកប្រាបូវ៉ូ ភាគច្រើនជាយុវជន។

បើទោះការបោះឆ្នោតបានរំលងជាច្រើនថ្ងៃក៏ដោយ គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី មិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោតជាច្រើនលានពីមណ្ឌលបោះឆ្នោតចំនួន ៨២ម៉ឺនកន្លែង នៅទូទាំងប្រទេសឡើយ។ គិតត្រឹមម៉ោង ២រសៀលថ្ងៃទី១៧ ខែកុម្ភៈ (ម៉ោងនៅឥណ្ឌូណេស៊ី) សន្លឹកឆ្នោតត្រូវបានរាប់លើសពី ៦៥ភាគរយហើយ ដោយលទ្ធផលចុងក្រោយនេះ មិនទាន់មានការប្រែប្រួលអ្វីច្រើនឡើយ បើធៀបលទ្ធផលចាស់កន្លងមក។  
 
លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី នៅតែបន្តនាំមុខបេក្ខជនប្រធានាធិបតី ២នាក់ទៀត គឺលោក លោក Anies Baswedan និងលោក Ganjar Pranowo។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe លោកប្រាបូវ៉ូ និងលោក Gibran Rakabuming Raka បេក្ខជនអនុប្រធានាធិបតី និងជាកូនប្រុសលោកចូកូ វីដូដូ ទទួលបានសំឡេងគាំទ្រ ៤៧,៦១លានសន្លឹក។ ចំណែកលោក Anies Baswedan ទទួលបាន ២៤,៦ភាគរយ ឬ ២០,៣៦លានសន្លឹក។ ចំណែកលោក Ganjar Pranowo ទទួលបាន១៤,៧៩លានសន្លឹក ឬ១៧,៨៩ភាគរយ។ 
 
ប្រសិនបើលទ្ធផលនៅតែបែបនេះ វាជាលទ្ធផលដ៏ល្អមួយសម្រាប់លោកប្រាបូវ៉ូ ក្នុងការទទួលបានកៅអីប្រធានាធិបតី ត្រឹមតែជុំទីមួយ។ តាមការបញ្ជាក់របស់លោក Budiman Sudjatmiko អនុប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតជាតិរបស់លោកប្រាបូវ៉ូ បានបញ្ជាក់ថា លទ្ធផលនេះ គឺលើសពីការរំពឹងទុក ដោយដំបូងឡើយ គឺប៉ាន់ប្រមាណត្រឹម ៥៥ភាគរយប៉ុណ្ណោះ។ 
 
លោក Budiman បានបញ្ជាក់ផងដែរថា សន្លឹកឆ្នោតគាំទ្រភាគច្រើន គឺបានមកពីយុវជន ដែលជាក្រុមមនុស្សមានចំនួនច្រើនក្នុងការបោះឆ្នោតឥណ្ឌូណេស៊ី ឆ្នាំ២០២៤។ យុវជនក្រោមវ័យ៤០ឆ្នាំ មានរហូតដល់៥៦ភាគរយឯណោះ នៃចំនួនប្រជាជនបោះឆ្នោតសរុបរបស់ឥណ្ឌូណេស៊ី៕
 

Tag:
 (ឥណ្ឌូណេស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com