អន្តរជាតិ
ប្រទេស​ម៉ិកស៊ិក​ឈ្នះចិន​ដោយ​ក្លាយ​ជា​ប្រភព​នាំមុខ​នៃ​ទំនិញ​ដឹកជញ្ជូន​ចូល​មក​លក់​នៅអាម៉េរិក
18, Feb 2024 , 4:30 pm        
រូបភាព
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងធ្វើការនៅក្នុងរោងចក្រស្បែកជើងមួយ នៅទីក្រុង Leon ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងធ្វើការនៅក្នុងរោងចក្រស្បែកជើងមួយ នៅទីក្រុង Leon ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន — នេះជា​លើក​ដំបូងក្នុងពេល​ជាងពីរទសវត្សរ៍​ដែល​កាលពី​ឆ្នាំកន្លងទៅ​ប្រទេសម៉ិកស៊ិកបានឈ្នះ​ចិនជាប្រភពនាំមុខ​នៃទំនិញ​ត្រូវដឹកជញ្ជូនចូលក្នុង​សហរដ្ឋអាមេរិក។ ការ​ប្រែប្រួល​នេះឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ភាពតានតឹងកើន​ឡើង​រវាងរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោននិងរដ្ឋាភិបាលក្រុង​ប៉េកាំង និងការប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ដឹកទំនិញចូល​ពីបណ្តាប្រទេសជិតស្និទ្ធនិង​នៅ​ជិត​ជាង​ចិន​។

តួលេខចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈដោយក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បង្ហាញថា ​តម្លៃ​ទំនិញដឹក​ជញ្ជូន​ពី​ប្រទេសម៉ិកស៊ិក​ចូល​ក្នុងអាមេរិក​កើនឡើង​ជិត ៥% ពីឆ្នាំ ២០២២ ​ដល់​ឆ្នាំ​ ២០២៣ កើន​ដល់​ជាង ៤៧៥ ពាន់លានដុល្លារ។​ នៅ​ពេលជាមួយគ្នា​នេះ តម្លៃ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិនបាន​ចុះថយ ២០%​ មក​នៅ​ត្រឹម ៤២៧ ពាន់លានដុល្លារ។​
 
ពេល​ចុង​ក្រោយ​បំផុតដែលទំនិញ​ម៉ិកស៊ិក​ដឹក​ចូលអាមេរិក​មាន​តម្លៃ​លើស​ទំនិញ​ចិនដឹកចូលអាមេរិកគឺឆ្នាំ ២០០២។
 
កាលពី​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាងសហរដ្ឋអាមេរិកនិងប្រទេស​ចិនបាន​ចុះថមថយ​ច្រើន ​នៅពេល​រដ្ឋាភិបាលក្រុងប៉េកាំង​បាន​ប្រយុទ្ធ​ស្វិតស្វាញ​ខាងពាណិជ្ជកម្ម​និងបាន​គំរាមកំហែង​ខាងយោធា​នៅតំបន់ចុងបូព៌ា។​
 
រដ្ឋបាលលោក​ Trump បានចាប់ផ្តើម​ដាក់កំហិត​ពន្ធដារ​លើទំនិញ​ចិន​ដឹក​ចូល​អាមេរិក​ក្នុង​ឆ្នាំ ២០១៨ ដោយ​និយាយ​បង្ហាញ​ហេតុផល​ថា ការធ្វើ​ពាណិជ្ជកម្មរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រំលោភលើ​បទបញ្ញត្តិ​ពាណិជ្ជកម្ម​សាកល។ ​លោកប្រធានាធិបតី Joe Biden បាន​រក្សា​ទុកពន្ធ​ដារ​ទាំង​នេះនៅ​ក្រោយលោក​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ ២០២១​ ដោយបង្ហាញ​ច្បាស់លាស់​ថាបដិបក្ខភាពចំពោះចិន​ជា​ផ្នែក​មួយ​ដែល​បណ្តា​ប្រទេស​ប្រកាន់ប្រជាធិបតេយ្យនិង​សាធារណរដ្ឋមានមតិ​ដូចគ្នា។
 
ជា​ជម្រើស​មួយដើម្បី​ជំនួស​ការ​ផលិត​ទំនិញ​នៅក្នុង​ប្រទេស​ចិន ដែលសាជីវកម្មអាមេរិក​បានធ្វើយូរមកហើយ​នោះ ​រដ្ឋាបាលលោក Biden បាន​សុំ​ដល់​ក្រុមហ៊ុននានា​ឱ្យ​ស្វះស្វែង​រក​ការ​ផ្គត់ផ្គង់ទំនិញ​នៅក្នុង​ពួកប្រទេសសម្ព័ន្ធមិត្ត ឬ​ផលិតទំនិញទាំង​នេះនៅ​ក្នុង​សហរដ្ឋអាមេរិក​វិញ។ ការ​បង្អាក់​សង្វាក់ផ្គត់ផ្គង់ទាក់ទិននឹង​ការ​រាតត្បាត​ជំងឺកូវីដ១៩ ក៏​បាននាំឱ្យក្រុមហ៊ុនអាមេរិក​ស្វះស្វែង​រក​ការផ្គត់ផ្គង់នៅ​ជិត​សហរដ្ឋអាមេរិកដែរ។
 
ប្រទេសម៉ិកស៊ិក​ស្ថិតក្នុង​ចំណោមពួក​ប្រទេស​ទទួល​ផល​ចំណេញពីការ​ងាក​ចេញ​ពី​ការពឹងពាក់លើ​រោងចក្រ​ចិន។ ​ប៉ុន្តែ​ជាក់ស្តែង​ទៅ​ វាមាន​ភាព​សាំញ៉ាំជាងអ្វីៗដែល​ហាក់កើតមាន។ ក្រុមហ៊ុនចិន​ខ្លះ​បាន​បង្កើតរោងចក្រ​នៅ​ម៉ិកស៊ិកដើម្បីទាញយក​ផលប្រយោជន៍​ពីកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​មាន​រយៈពេលបីឆ្នាំមក​ហើយរវាងសហរដ្ឋអាមេរិក ​ម៉ិកស៊ិក​និងកាណាដា​ ដែលអនុញ្ញាតឱ្យមានពាណិជ្ជកម្ម​មិនយក​ពន្ធដារ​ក្នុង​អាមេរិក​ខាងជើង​សម្រាប់ផលិត​កម្មជាច្រើនប្រភេទ។
 
ប្រធានាធិបតីប្រទេស​ម៉ិកស៊ិក​លោក Andrés Manuel López Obrador​ បាន​និយាយកាលពី​ពេល​ថ្មីៗនេះថា​ ឋានៈពាណិជ្ជកម្ម​ផ្តល់អានុភាព​ថ្មី​ឱ្យម៉ិកស៊ិក ដោយលោក​បានថ្លែង​ថា​វា​ជាការពិបាក​ឱ្យ​សហរដ្ឋអាមេរិកបិទព្រំដែន​រវាងប្រទេស​ទាំងពីរ​ដើម្បី​កម្រិតការ​ធ្វើ​អន្តោប្រវេសន៍ ដូចដែលមានស្នើនៅក្នុងកិច្ចចរចា​អំពី​សេចក្តី​ព្រាង​ច្បាប់​អំពី​ព្រំដែន​នៅក្នុងព្រឹទ្ធសភា​សហរដ្ឋអាមេរិក។
 
លោកបាន​ថ្លែង​ថា៖ «ការចរចា​គ្នាស្នើឱ្យបិទព្រំដែន។ តើលោកអ្នក​យល់ថាជនជាតិអាមេរិកឬជនជាតិ​ម៉ិកស៊ិក ជា​ពិសេសពួក​អាមេរិកាំងនឹងយល់​ព្រម​តាម​ការស្នើនេះឬទេ? ​ក្រុមអ្នក​ជំនួញមិនព្រមតាមសំណើនេះទេ ពួក​គេប្រហែលព្រមនៅ​ថ្ងៃ​ណា​មួយ​ តែ​មិនមែនក្នុង​ពេលមួយអាទិត្យ​ទេ។
 
ឧស្សាហកម្មខ្លះ ជា​ពិសេសក្រុមហ៊ុន​ផលិតរថយន្ត​ បាន​កសាង​រោងចក្រ​នៅ​លើ​ផ្នែកទាំងពីរនៃព្រំដែនដែល​ពឹងពាក់​គ្នា​ដើម្បីឱ្យមាន​ការផ្គត់ផ្គង់​គ្រឿង​បន្លាស់​ដោយ​គ្មាន​បង្អាក់។
 
លោក Derek Scissors ជា​អ្នកជំនាញខាងកិច្ចការប្រទេស​ចិន​នៅវិទ្យាស្ថាន American Enterprise ដែល​ជា​អង្គការ​អភិរក្ស​និយម។ លោក​បានកត់សម្គាល់​ថា ការចុះថយ​ច្រើនបំផុតនៃ​ទំនិញ​ចិនដឹក​ចូល​អាមេរិកគឺ​កុំព្យូទ័រ​ ​គ្រឿងអេឡិចត្រូនិច សារធាតុគីមី​និង​ឱសថ-ដែល​សុទ្ធ​តែ​ជា​ប្រភេទ​ទំនិញរសើបខាងនយោបាយ។
 
លោក Scissors ថា៖ ​«​ខ្ញុំ​មិនឃើញ​ថាសហរដ្ឋអាមេរិកស្រួលចិត្តជា​មួយការមកវិញ​នៅក្នុងផ្នែក​ទាំង​នេះក្នុង​ឆ្នាំ ២០២៤ ​និង​ឆ្នាំ ២០២៥ទេ »ដោយលោកទស្សន៍​ទាយការ​ប្រែក្រឡាស់របស់ចិននិងម៉ិកស៊ិក​ក្នុងការដឹក​ទំនិញចូល​អាមេរិកទំនង​ជា «មិនមែន​ប្រែ​ប្រួល​តែមួយឆ្នាំទេ»។
 
លោក Scissors ថា ការថយចុះ​នៃ​ការ​ពឹងពាក់​របស់សហរដ្ឋ​អាមេរិកលើ​ទំនិញ​ចិន​ឆ្លុះបញ្ចាំងដោយផ្នែក​អំពីការប្រយ័ត្នប្រយែង​នៃ​គោលនយោបាយសេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi​ Jinping។ ​វិធី​រាំងខ្ទប់តឹងរ៉ឹង​របស់លោក Xi ដើម្បីកុំឱ្យជំងឺ​កូវីដ១៩​រាលដាលនាំឱ្យមានផលមិនល្អច្រើន​ដែល​ធ្វើឱ្យសេដ្ឋកិច្ចចិន​គាំង​ក្នុង​ឆ្នាំ ២០២២ ហើយ​ពួក​មន្ត្រីរបស់លោក​បាន​ឆ្មក់​ចូល​ក្នុងក្រមហ៊ុនបរទេសដើម្បី​ធ្វើការស៊ើបអង្កេតទប់ទល់នឹង​ចារកម្ម។
 
លោក​បាន​ថ្លែងថា៖ «ខ្ញុំយល់​ថា ក្រុមហ៊ុន​អាមេរិកាំង​ទាំង​ឡាយសម្រេច​ថា​មិន​គួរ​ជឿទុកចិត្ត​លោក​ Xi ទេ»។
 
ជាសរុប ឱនភាពពាណិជ្ជកម្ម​ទំនិញអាមេរិក​ជា​មួយ​ប្រទេស​ឯទៀតៗ​ក្នុង​ពិភពលោក គឺ​គម្លាតរវាងតម្លៃ​ទំនិញដែល​អាមេរិក​លក់​និង​តម្លៃ​ទំនិញ​ដែល​ខ្លួនទិញ​ពី​ប្រទេស​ក្រៅ បាន​ចុះថយ​ ១០% ​កាល​ពីឆ្នាំទៅ​មកនៅត្រឹម ១,០៦ លានលាន​ដុល្លារ៕

© រក្សាសិទ្ធិដោយ thmeythmey.com