ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤៖ ក្រុមហ៊ុនលក់គ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋានអន្តរជាតិឈានមុខគេ គ្លូប៊ល ហៅស៍ ខេមបូឌា (Global House Cambodia) ដែលមានទំនិញដ៏សម្បូរបែប រហូតដល់ទៅរាប់លានមុខបានសម្ពោធសាខាទី២ របស់ខ្លួននៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាខេត្តជង្រុកស្រូវដ៏ធំបំផុតមួយរបស់កម្ពុជា កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ កន្លងទៅ។ ការពង្រីកសាខាថ្មីនវ គឺក្នុងគោលបំណងផ្តល់នូវជម្រើសផលិតផលកាន់តែច្រើន ភាពងាយស្រួល និងបទពិសោធន៍ដ៏អស្ចារ្យទៅកាន់អតិថិជន បន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លា និងឈរជើងយ៉ាងរឹងមាំនៅទីផ្សារកម្ពុជា។
កម្មវិធីសម្ពោធដាក់ឱ្យដំណើរការសាខាទី២ នៃក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា នេះមានការអញ្ជើញចូលរួមពី លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក លីយ៉ុង ផាត់ ដែលជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៃក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា លោក អភិសិដ្ឋ រុជិកៀតកាំចន (Apisit Rujikeatkamjorn) ប្រធានអគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុននេះ ដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
នៅក្នុងកម្មវិធីសម្ពោធសាខាទី២ នេះក៏មានការសម្តែងរបាំជូនពរ និងការចាក់បញ្ចាំងវីដេអូខ្លីស្ដីអំពី គ្លូប៊ល ហៅស៍ ខេមបូឌា ផងដែរ។
លោក លីយ៉ុង ផាត់ បានថ្លែងក្នុងពិធីនេះថា៖“ដើម្បីរក្សាអតិថិជនរបស់ខ្លួន ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា មានគោលការណ៍ប្រកាន់ខ្ជាប់នូវប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាព ដើម្បីបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា។ គោលការណ៍នេះ បានធ្វើឱ្យអតិថិជនមានទំនុកចិត្តខ្ពស់លើគុណភាពទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនដែលជាកត្តាកំណត់ជោគជ័យនៃអាជីវកម្ម។ ជោគជ័យរបស់ក្រុមហ៊ុន គឺជាជោគជ័យរបស់អតិថិជន ក៏ដូចជាជោគជ័យរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានឡើយ ពីការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងកត្តាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះ និងជាអំណោយផលយ៉ាងល្អបំផុតដល់ការវិនិយោគ។ ក្នុងន័យនេះ ក្រុមហ៊ុន LYP Group តែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបោះទុនវិនិយោគដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ វត្តមានរបស់ គ្លូប៊ល ហៅស៍ ខេមបូឌា សាខាទី២ក្នុងខេត្តបាត់ដំបង នេះគឺជាឧទាហរណ៍ស្រាប់”។
ទន្ទឹមនឹងនេះដែរ លោក អភិសិដ្ឋ រុជិកៀតកាំចន (Apisit Rujikeatkamjorn) ប្រធានអគ្គនាយកក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ក៏បានថ្លែងក្នុងពិធីនេះដែរថា “គ្លូប៊ល ហៅស៍ (Global House) គឺជាក្រុមហ៊ុនថៃ ដំបូងគេបង្អស់ដែលនាំយកគំនិតច្នៃប្រឌិតប្រព័ន្ធពាណិជ្ជកម្មទំនើបបែប (Modern Trade) មកប្រើប្រាស់ជាមួយហាងផ្គត់ផ្គង់គ្រឿងសំណង់បែបពីមុន ដោយផ្លាស់ប្តូរមកជាឃ្លាំងលក់ទំនិញ ឬ ហៅបានថា Warehouse Store ដែលមានផ្គត់ផ្គង់ទំនិញគ្រឿងសំណង់ ស៊ីម៉ងត៍ ក្បឿងដំបូល ដែកសរសៃ ដែកទីប សម្ភារៈបន្ទប់ទឹក ការ៉ូ អំពូលភ្លើង ឧបករណ៍អគ្គិសនី សម្ភារៈអគ្គិសនី ទុយោ ម៉ាស៊ីនបូមទឹក ទ្វារបង្អួច និង ឧបករណ៍ជាង រួមទាំងផលិតផលតុបតែងគេហដ្ឋានដែលមានទំនិញរាប់លានមុខនៅក្នុងកន្លែងតែមួយ ដើម្បីសម្រួលដល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសទំនិញ”។
លោកបានបន្ថែមទៀតថា៖ “លើសពីនេះ ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា សាខាខេត្តបាត់ដំបង បាននាំយកប្រព័ន្ធ Automated Storage and Retrieval System ឬ អាចហៅបានថាជាប្រព័ន្ធ ASRS មកប្រើប្រាស់ ដែលជាប្រព័ន្ធរៀបចំឃ្លាំងស្តុកទំនិញដោយស្វ័យប្រវត្តិ ដោយគ្រប់គ្រងដោយប្រព័ន្ធ Computer គ្រប់បែបយ៉ាង ដែលឧបករណ៍នេះចាត់ចែងរៀបចំទំនិញបានយ៉ាងលឿន ឆាប់រហ័ស ច្បាស់លាស់។ ចំណុចពិសេសនៃប្រព័ន្ធ ASRS គឺការផ្ទុកទំនិញបែបជាជួរបញ្ឈរ ជួយក្នុងការចាត់ចែងទីធ្លាសម្រាប់ស្តុកទុកទំនិញក្នុងឃ្លាំង និងកាត់បន្ថយពេលវេលាធ្វើការ ថែមទាំងអាចចែកចាយទំនិញដល់អតិថិជនបានលឿនជាងមុន”។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា) ខូ អិលធីឌី (Global House (Cambodia) Co., LTD) បានតម្កល់ប្រាក់ដើមទុន ដើម្បីចុះបញ្ជីចំនួនជាទឹកប្រាក់ ២០ លានដុល្លារអាម៉េរិក ដែលមានក្រុមហ៊ុន សាយ៉ាម គ្លូប៊ល ហៅស៍ ចំកាត់ (SIAM GLOBAL HOUSE) ភាគីខាងថៃ ជាអ្នកកាន់កាប់ភាគហ៊ុនចំនួន 55% និងភាគីកម្ពុជា ដែលមានក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ ជាអ្នកកាន់កាប់ភាគហ៊ុនចំនួន 45%។
គ្លូប៊ល ហៅស៍ (Global House) បានទទួលការជឿទុកចិត្តពីអតិថិជនទូទាំងប្រទេសថៃ អស់រយៈពេលជាង 26 ឆ្នាំ និងបើកបានដំណើរការជាង 84 សាខា។
សូមបញ្ជាក់ថា ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា បានឈានជើងចូលទីផ្សារកម្ពុជា ដំបូងតាមរយៈការបើកសម្ពោធសាខាទី១ របស់ខ្លួននៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៨ ពោលគឺ៦ឆ្នាំមុននេះ៕
(អត្ថបទពាណិជ្ជកម្ម)