សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
យន្តហោះចិន C919 ហោះទៅក្រៅប្រទេសលើកដំបូង
19, Feb 2024 , 11:15 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
យន្តហោះ C919 ដែលផលិតនៅ​​ចិន បាន​​ហោះ​ហើរ​ដំបូង​ទៅ​ក្រៅ​ប្រទេស ​ដើម្បីចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​ 2024 Singapore Airshow នៅសិង្ហបុរី នាថ្ងៃទី ២០-២៥ ខែកុម្ភៈ។

 
សិង្ហបុរី ជាគោលដៅបរទេសទីមួយរបស់យន្តហោះចិន C919 ។ ដ្បិតធ្វើដំណើរទៅចូលរួមពិព័រណ៍អាកាសក្ដី វត្តមាន C919 នៅក្រៅប្រទេសលើកដំបូងនេះ បង្ហាញពីសមត្ថភាពរបស់ចិនក្នុងវិស័យអាកាសចរណ៍។
 
យន្តហោះខ្លួនធំរបស់ចិន បានហោះហើរសាកល្បងនៅថ្ងៃទី១៨ ខែកុម្ភៈ មុនពេលកម្មវិធី Singapore Air Show។ យន្តហោះនេះត្រូវបានផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (Comac)។
 
ព្រឹត្តិការណ៍តាំងពិព័រណ៍នៅសិង្ហបុរី ជាឱកាសមួយសម្រាប់ C919 ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅទីផ្សារបរទេសដែលក្ដោបក្ដាប់ដោយក្រុមហ៊ុន Airbus និង Boeing ។ ក្នុងពិធីនេះ ក្រុមហ៊ុន Airbus បង្ហាញតែយន្តហោះប្រភេទ A350-1000 ប៉ុណ្ណោះ ខណៈ Boeing ក៏​មិន​នាំ​យន្តហោះ​ពាណិជ្ជកម្ម​ទៅ​សិង្ហបុរី​ដែរ គឺ​មាន​តែ​យន្តហោះ​យោធា​។
 
ក្រុមហ៊ុន Comac បានអភិវឌ្ឍយន្តហោះប្រភេទ C919 រយៈពេល ១៤ឆ្នាំ ហើយបានសាកល្បងហោះហើរកាលពីចុងខែកញ្ញា ឆ្នាំ២០២២។ នេះ​ជា​គំរូ​យន្តហោះ​រាង​តូច​ល្មមដែលអាច​ផ្ទុក​អ្នក​ដំណើរ​បាន​ពី ១៥៨ ទៅ ១៦៩ នាក់ និងអាចហោះបាន​រយៈ​ចម្ងាយ​ជាង ៥៥០០ គីឡូម៉ែត្រ។ C919 ជាដៃគូប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus 320។
 
ចិនបាន​វិនិយោគ​យ៉ាង​ច្រើន​ក្នុង​ការ​ផលិត​យន្តហោះក្នុងស្រុក ដែលមាន​គោលបំណង​ប្រជែងក្រុមហ៊ុន​យក្ស​លោកខាងលិច​ទាំងពីរ។ យន្តហោះ​នេះ​ទើប​តែ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចិន ហើយ​ទើប​តែ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុន China Eastern Airlines។ 
 
នៅខែធ្នូ ឆ្នាំ២០២៣ យន្តហោះ C919 បានចាកចេញពីចិនដីគោកជាលើកដំបូងដោយចូលរួមក្នុងការតាំងពិព័រណ៍នៅហុងកុង។ នៅក្នុងព្រឹត្តិការណ៍នោះ យន្តហោះ C919 និង ARJ-21 ដែលផលិតដោយ Comac ដែរនោះត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង។ 
 
បើតាមមន្ត្រីក្រុមហ៊ុន Comac ពួកគេនឹងវិនិយោគរាប់សិបពាន់លានយ័នក្នុងរយៈពេល ៣-៥ឆ្នាំខាងមុខ ដើម្បីពង្រីកផលិតកម្ម C919 ។ មន្ត្រីអាកាសចរណ៍ចិនបាននិយាយថា ពួកគេនឹងស្វែងរកវិធីដើម្បីឲ្យយន្តហោះ C919 ទទួលបានការអនុម័តដោយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប (EASA) ដែរ។
 
បើតាមសារព័ត៌មាន Reuters បច្ចុប្បន្នមានតែយន្តហោះ C919 ចំនួន៤ ប៉ុណ្ណោះដែលកំពុងប្រតិបត្តិការនៅចិន។  យ៉ាងណាមិញ នៅក្នុងបរិបទនៃវិស័យអាកាសចរណ៍ខ្វះយន្តហោះ Comac កំពុងទាក់ទាញការចាប់អារម្មណ៍ពីពិភពលោកកាន់តែខ្លាំងឡើង។ លោក Adam Cowburn នៅក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ Alton Aviation Consultancy បានប្រាប់ Reuters ថា ៖« អតិថិជនរបស់យើងកាន់តែច្រើនឡើងកំពុងដាក់ C919 នៅក្នុងការពិចារណារបស់ពួកគេ»។
 
មកទល់ពេលនេះ C919 បានទទួលការបញ្ជាទិញច្រើនជាង ១ពាន់គ្រឿងដែលសុទ្ធសឹងតែជាក្រុមហ៊ុនហោះហើរក្នុងស្រុក។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជាអតិថិជនដំបូងគេ។ នៅខែកញ្ញាក្រុមហ៊ុននេះបានបញ្ជាទិញ ១០០គ្រឿងទៀតពី Comac ដែលមានតម្លៃប្រហែល ១០ពាន់លានដុល្លារ៕

Tag:
 C919
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com