កីឡាអន្តរជាតិ
អន្តរជាតិ
Ten Hag សរសើរសមត្ថភាព និងចរិតរបស់ Hojlund
19, Feb 2024 , 1:59 pm        
រូបភាព
Erik ten Hag សរសើរចរិតនឹងធឹង និងសម្ថភាពរបស់ Rasmus Hojlund ក្រោយរូបគេរកបានពីរគ្រាប់ជួយ Manchester United ឈ្នះ Luton ២-១ ក្នុងការប្រកួត Premier League។ ខ្សែប្រយុទ្ធដាណឺម៉ាក រងការរិះគន់យ៉ាងខ្លាំង អំឡុងបង្ហាញខ្លួនដំបូងៗឱ្យ Man Utd។



ត្រឹមរយៈពេល៧នាទី Hojlund អាចរកបាន២គ្រាប់ នៅ Old Trafford ដើម្បីជួយបិសាចក្រហមទទួលបាន៣ពិន្ទុពី Luton នៅជំនួបលីគសប្តាហ៍ទី២៥ ថ្ងៃទី១៨ ខែកុម្ភៈ។
 
នេះជាការស៊ុតបញ្ចូលទី នៅ៦ប្រកួតចុងក្រោយជាប់ៗគ្នារបស់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ និងជាគ្រាប់ទី១៣ ចំណោម៣០ប្រកួត ចាប់តាំងពីផ្ទេរទៅកាន់ទឹកដីអង់គ្លេសពី Atalanta ក្នុងតម្លៃ៩០លានដុល្លារនៅដើមរដូវកាល ២០២៣-២៤។ មុនរកបានគ្រាប់បាល់ជាបន្តបន្ទាប់នេះ Hojlund រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Man Utd។
 
លោក Ten Hag អ្នកចាត់ការបិសាចក្រហម បានមើលឃើញពីការរិះគន់ខាងលើ ប៉ុន្តែមកដល់ពេលនេះ Hojlund ពិតជាមិនធ្វើឱ្យខ្លួនខកចិត្តឡើយ។
 
«យើងសប្បាយចិត្ត នឹងការជ្រើសរើសតួអង្គដ៏ត្រឹមត្រូវសម្រាប់តំណែងនេះ។ Hojlund ស្ថិតក្រោមសម្ពាធរិះគន់យ៉ាងខ្លាំង ប៉ុន្តែគាត់នៅតែអាចបង្ហាញទេពកោសល្យដែលគាត់មាន»។ នេះជាការអះអាងរបស់លោក Ten Hag មុនលើកសរសើរកីឡាករដាណឺម៉ាកថាមានសមត្ថភាព មានចរិតរឹងមាំ និងការអត់ធ្មត់ខ្ពស់។
 
តាមរយៈជ័យជម្នះនេះ បានជួយក្រុម Man Utd រក្សាចំណាត់ថ្នាក់ទី៦ មាន៤៤ពិន្ទុ ប្រកៀកក្រុម Tottenham Hotspur និង Aston Villa ក្នុងការប្រជែងតំណែង Top 4 រដូវកាលនេះ។ Aston Villa នៅរក្សាចំណាត់ថ្នាក់ទី៤ មាន៤៩ពិន្ទុ ក្រោយឈ្នះ Fulham ២-១ ស្របពេល Spurs នៅលេខ៥ មាន៤៧ពិន្ទុ បន្ទាប់ពីចាញ់ Wolverhampton Wanderers ២-១។
 
ដោយឡែក Liverpool នៅរក្សាកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នដដែលដោយកើន៥៧ពិន្ទុ បន្ទាប់ពីឈ្នះ Brentford ៤-១ នាំមុខគូប្រជែង Arsenal ២ពិន្ទុ និងម្ចាស់ការពារតំណែងជើងឯក Manchester City ៤ពិន្ទុ។ Arsenal បន្តឈ្នះ Burnley ដល់ទៅ ៥-០ នៅសប្តាហ៍ទី២៥ ស្របពេល Man City ស្មើ Chelsea ១-១។ ក្រុមមេឃខៀវ ទើបប្រកួត២៤លើកប៉ុណ្ណោះ។
 
Everton, Burnley និង Sheffield United នៅតំបន់ត្រូវកាត់ចោលដដែល៕
 

Tag:
 Rasmus Hojlund
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com