កីឡាអន្តរជាតិ
អន្តរជាតិ
IOC មិនអនុញ្ញាត Pacquiao ទៅប្រជែងមេដាយនៅអូឡាំពិកប៉ារីស
19, Feb 2024 , 4:00 pm        
រូបភាព
Manny Pacquiao នៅថ្ងៃទី១៩ ខែកុម្ភៈ បង្ហាញការខកចិត្ត បន្ទាប់ពីក្តីសុបិន​ទៅចូលរួមប្រជែងមេដាយនៅអូឡាំពិកក្រុងប៉ារីស ត្រូវរលាយ ដោយសារគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បដិសេធ។



បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ស្ថាប័ន IOC បានច្រានចោលសំណើពិសេសមួយរបស់គណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) ដើម្បីឱ្យកំពូលអ្នកប្រដាល់អាស៊ី Pacquiao បានបង្ហាញខ្លួននៅអូឡាំពិកនៅប្រទេសបារាំង ឆ្នាំ២០២៤។
 
ប្រធាន POC លោក Abraham Tolentino កាលពីឆ្នាំ ២០២៣ បានស្នើសុំ IOC សម្រាប់កៅអីឱ្យ Pacquiao ទៅអូឡាំពិកក្នុងប៉ារីស ខណៈស្តេចប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីនរូបនេះ មិនធ្លាប់មានវត្តមានម្តងសោះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
 
អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ស្ថាប័ន វ័យ ៤៥ ឆ្នាំ ដែលបានព្យួរស្រោមដៃពីអាជីពប្រដាល់នៅឆ្នាំ ២០២១ មុនការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន បង្ហាញការសោកស្តាយ ប៉ុន្តែរូបគេគោរពការសម្រេចចិត្តរបស់ IOC ដែលមានដែនកំណត់ត្រឹមអាយុ ៤០ សម្រាប់អ្នកប្រដាល់អូឡាំពិក។
 
«ខ្ញុំមានអារម្មណ៍សោកសៅ និងខកចិត្តយ៉ាងខ្លាំង ដែលអស់ឱកាសទៅអូឡាំពិក។ ប៉ុន្តែ ខ្ញុំយល់ និងទទួលយកច្បាប់កំណត់អាយុរបស់ស្ថាប័នកីឡាពិភពលោកមួយនេះ»។ នេះជាការអះអាងរបស់ Pacquiao។
 
ទោះមិនបានចូលរួម ប៉ុន្តែ Pacquiao នឹងបន្តគាំទ្រ និងលើកទឹកចិត្តអត្តពលិកហ្វីលីពីនដែលចូលរួមប្រកួតកីឡាអូឡាំពិកលើកទី៣៣ នៅខែកក្កដា។ 
 
Pacquiao ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែលថា ខ្លួននឹងត្រូវប្រកួតទល់នឹងកីឡាករថៃ Buakaw Banchamek ក្នុងជំនួបពិព័រណ៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៤ នៅក្រុងបាងកក។ សម្រាប់ជំនួបនេះ ជំនួយការ Pacquiao បញ្ជាក់ថា នឹងត្រូវប្រកួតក្រោមច្បាប់ប្រដាល់អន្តរជាតិ៕
 

Tag:
 Manny Pacquiao
  អូឡាំពិក
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com