RFI
អន្តរជាតិ
ប្រ​មុខ​ទូតចិន៖ កាណាដា​ និង ចិន គ្មានភាពជាសត្រូវ​នឹងគ្នាទេ
19, Feb 2024 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសកាណាដា និងសមភាគីចិន បានជួបគ្នានៅអាល្លឺម៉ង់ ។ © AFP
រដ្ឋមន្ត្រីការបរទេសកាណាដា និងសមភាគីចិន បានជួបគ្នានៅអាល្លឺម៉ង់ ។ © AFP
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
រដ្ឋមន្ត្រីការបរទេសកាណាដា ​និងសមភាគីចិន បាន​ជួបគ្នា​នៅអាល្លឺម៉ង់ កាលពី​ចុងសប្តាហ៍​​។ ប្រមុខ​ទូត ​លោក វ៉ាង យី បាន​ថ្លែង​ថា ​ប្រទេស​ទាំងពីរ​ គ្មានភាពជាសត្រូវ​នឹងគ្នាទេ​ ហើយ​ចិន​បដិសេធ​ច្រានចោល​«ព័ត៌មាន​មិនពិត» ដែល​​ចោទប្រកាន់ថា រដ្ឋបាលក្រុង​ប៉េកាំងជ្រៀងជ្រែក​កិច្ចការ​ផ្ទៃក្នុង​​របស់​កាដាណា។ ប្រភពពីក្រសួងការបរទេសកាណាដាវិញ បាន​ឲ្យដឹងថា​ ភាគីទាំងពីរយល់ព្រម​បន្ត​ជជែកគ្នា ដោយ​ស្មារតី​គោពទៅវិញទៅមក។ គួរជ្រាបថា សញ្ញាណ​​សម្របសម្រួល​ផ្លូវ​ការទូត​នេះ គឺ​បន្ទាប់ពី ប្រទេស​ទាំងពីរ​ បាន​ឈ្លោះ​ទាស់​សម្តី​គ្នា​ជាច្រើន​ឆ្នាំមកហើយ។

 
«​​ទំនាក់ទំនងលំបាក​​តាន​តឹង​រវាង ចិន ​និង កាដាណា គឺ​ប្រទេស​ចិន​មិនចង់​ឃើញ​សោះឡើយ។​»​។ នេះជាអ្វីដែល ប្រមុខ​ទូត​ចិន លោក វ៉ាង យី បាន​បញ្ជាក់​ប្រាប់ទៅ​កាន់​ ​រដ្ឋមន្ត្រីការ​បរទេស​កាណាដា នៅក្នុង​​ជំនួបទ្វេភាគី​ ដាច់ដោយឡែក នាឱកាស​សន្និសីទក្រុងម៉ុយនិចស្តីពី​សន្តិសុខ នៅអាល្លឺម៉ង់​។​  អ្នក​ការទូត​ចាស់វស្សា លោក វ៉ាង យី ក៏​បាន​អះអាងទៀត​ថា «ប្រទេសទាំងពីរ គ្មានរឿង​ត្រូវ​ឈ្លោះគ្នាទេ ហើយនិង ​រឹងតែ​ពុំមែន​សត្រូវនឹងគ្នាទៅទៀត។ មិនតែប៉ុណ្ណោះ ប្រទេស​ទាំងពីរ គួរតែត្រូវ​វិល​ទៅរក​កិច្ចសហការ ​ក្នុងភាព​ជាដៃគូ​នឹងគ្នា»។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់ក្រសួង​ការបរទេស​ចិន ចេញផ្សាយ នៅថ្ងៃអាទិត្យ ទី​១៨កុម្ភៈ​ ដោយ​បញ្ជាក់​ទៀតថា ភាគី​​ចិនបដិសេធច្រានចោលព័ត៌មានមិនពិតប្រឌិត​ក្លែងក្លាយ ដែល​​នាំឲ្យ​សង្ស័យថា រដ្ឋអំណាចចិន​​ប៉េកាំង ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងរបស់​​កាដាណា។
 
សំណុំ​រឿង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នេះ បាន​ជំរុញ​ឲ្យ រដ្ឋាភិបាល​កាណាដា បើកការស៊ើប​អង្កេតកាលពី​ឆ្នាំទៅមិញ ដើម្បី​បំភ្លឺ​ករណី​លួច​ស៊ើប​ការណ៍​សម្ងាត់ បម្រើ​ផលប្រយោជន៍​រដ្ឋ​បរទេស។ ការជ្រៀតជ្រែក​ពី​បរទេស ក្នុង​​ទីនេះ គឺមាន​ ចិន រុស្ស៊ី និង​ឥណ្ឌា។
 
នាប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ​ ទំនាក់ទំនង​ចិននិងកាណាដា បាន​ជួប​ភាពល្អក់កកជា​ខ្លាំង ​បន្ទាប់ពី តម្រួត​នគរបាល​​កាណាដា បាន​ចាប់ឃាត់ខ្លួនអ្នក​ស្រី ម៉េង វ៉ាន់ចូវ ​ថ្នាក់ដឹកនាំក្រុមហ៊ុន​បច្ចេកវិទ្យាចិន​ Huawei នៅឆ្នាំ​២០១៨។ ​ ជាការសងសឹក​ រដ្ឋអំណាច​ចិន ​បាន​ចាប់​ឃុំ​ខ្លួន​ បុរស​​​កាដាណា​ ២ នាក់​វិញដែរ​។ ជនជាតិ​កាដាណា​ទាំងពីរ​រូប​ ​លោក Michael Spavor និងលោក Michael Kovrig​ បាន​ជាប់ពន្ធនាគារ​ចិន​ ប្រមាណ​ ៣ ឆ្នាំ​។
 
ការ​សាច់ទឹក​ដាក់គ្នាកើត​មានជាហូរហែ​ ហើយ​និងឈានដល់​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ចំពោះ​គ្នាទៀតផង។​ កាណាដា​ ​បាន​ចោទប្រកាន់​ រដ្ឋអំណាច​ចិន ថា​ធ្វើ​ចារកម្ម​ស៊ើប​យក​ការណ៍​សម្ងាត់ ហើយ​និង​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​រដ្ឋ​សហព័ន្ធ​កាណាដា ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១។ ​ដើមឆ្នាំ​២០២៤ ថ្មីៗនេះ​ ក្រុម​ប៉ូលិសស៊ើបការណ៍​សម្ងាត់​របស់​កាណាដា ក៏​បានដាក់​ការ​​សង្ស័យ​​ថា រដ្ឋអំណាច​ចិន​ ​បង្កប់​ក្រុម​ឈ្លបស៊ើបការណ៍ក្នុង​សហគម​គ្រួសារ​ចិន​​នៅកាណាដា ​​ ក្នុងទី​ក្រុង​ម៉ុង​រ៉េអាល់​។​
 
​​ទោះជា​យ៉ាងណាក៏ដោយចុះ ​ក្នុង​សេចក្តីថ្លែងការណ៍ចុះផ្សាយ​ថ្ងៃសៅរ៍​ ​ទី​១៧កុម្ភៈ ​ក្រសួងការបរទេសកាណាដា ​បាន​ឲ្យដឹង​ថា ​លោកស្រី​ មេឡានី ចូលី ប្រមុខទូតកាណាដា ​ បាន​ជួប​សំណេះសំណាល​​ជាមួយនឹង លោក វ៉ាង យី ប្រធាន​ការិយាល័យ​នយោបាយ​គណៈមជ្ឈិមបក្សកុម្មុយនិស្តចិន ទទួល​បន្ទុក​កិច្ចការបរទេស​ និងជា រដ្ឋមន្ត្រីការបរទេស​ចិន។ ​​សមភាគីទាំងពីរ បាន​​ពិភាក្សាអំ​ពី​ទំនាក់ទំនង​ទ្វេភាគី ហើយ​និង​ សំណុំ​បញ្ហា​សន្តិសុខសកលលោក រួម​ទាំង​ការ​ឈ្លានពាន​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន ហើយ​និង​វិបត្តិ​នៅតំបន់​​មជ្ឈិ​បូព៌ា​។ បើតាម​ក្រសួ​ង​ការ​បរទេស​កាណាដា គឺ ប្រមុខ​ការទូត​នៃប្រទេស​ទាំង​ពីរ​ បាន​យល់​ព្រមព្រៀង​គ្នាថា ត្រូវ​​បន្តជជែក​គ្នា​ថែមត​ទៀត ដោយ​ឈរលើស្មារតី​ប្រាកដ​និយម​​និង​ស្ថាបនា​ គោរពគ្នា​ទៅ​វិញ​ទៅ​មក ហើយ​និង ​ទាក់ទង​គ្នា​ឲ្យ​បាន​ទៀងទាត់​៕​

© រក្សាសិទ្ធិដោយ thmeythmey.com