សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សហគ្រាសធុនតូច និងមធ្យមថៃស្នើឱ្យរដ្ឋាភិបាលទប់ស្កាត់ទំនិញថោកៗពីចិន
19, Feb 2024 , 8:29 pm        
រូបភាព
មនុស្សម្នាដើរមើលសម្លៀកបំពាក់នៅ Chinatown ក្នុងទីកក្រុងបាងកក។ រូបភាព ៖ XIinhua
មនុស្សម្នាដើរមើលសម្លៀកបំពាក់នៅ Chinatown ក្នុងទីកក្រុងបាងកក។ រូបភាព ៖ XIinhua
សហព័ន្ធសហគ្រាសធុនតូន និងមធ្យមថៃបានស្នើឱ្យក្រសួងពាណិជ្ជកម្មដោះស្រាយលើការហូរចូលទំនិញថោកៗពីចិន ជាពិសេសអត្រាពន្ធនាំចូលលើប្រភេទទំនិញដែលប៉ះពាល់ដល់សហគ្រាសក្នុងស្រុក។

 
សហព័ន្ធសហគ្រាសថៃ បានស្នើឱ្យក្រសួងពាណិជ្ជកម្មជួយដល់ការលក់ផលិតផលថៃតាមអនឡាញ និងអនុវត្តច្បាប់ឱ្យតឹងរ៉ឹងប្រឆាំងនិងការរត់ពន្ធទំនិញថោកៗពីចិន។ ប្រធានសហព័ន្ធសហគ្រាសធុនតូន និងមធ្យមថៃ លោក Saengchai Teerakulvanich និយាយថា សហព័ន្ធបានស្នើឱ្យក្រសួងហិរញ្ញវត្ថុពិចារណាដំឡើងពន្ធលើតម្លៃបន្ថែម (VAT) លើផលិតផលនាំចូលពីចិន។ 
 
ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុថៃគ្រោងនឹងចាប់ផ្តើមប្រមូលពន្ធលើតម្លៃបន្ថែមជុំវិញផលិតផលដែលលក់តាមប្រព័ន្ធអនឡាញជាមួយនឹងតម្លៃចាប់ពី ១០០០បាត (២៧,៨ដុល្លារ) ជំនួសឱ្យ ១៥០០បាតដូចពីមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី១៨ ខែកុម្ភៈ។
 
យ៉ាងណាមិញ ក្រសួងហិរញ្ញវត្ថុបានបដិសេធមិនលុបចោលការលើកលែងពន្ធលើតម្លៃបន្ថែមចំពោផលិតផលក្រៅប្រទេសទេ ដោយសារវាអាចបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
 
បើតាមលោក Saengchai សហព័ន្ធក៏បានស្នើទៅក្រសួងពាណិជ្ជកម្មជួយគាំទ្រដល់កសិករថៃ និងសហគ្រាសធុនតូច និងមធ្យម ដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតរបស់ចិនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជំនួសឱ្យការនាំចូលពីចិន។
 
ថ្មីៗនេះ ក្រសួងឧស្សាហកម្មថៃបានប្រាប់ទៅវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI)ឱ្យ ធ្វើការជាមួយនាយកដ្ឋានគយ ដើម្បីត្រួតពិនិត្យលើគុណភាពទំនិញនាំចូល ជាពិសេសទំនិញដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ TISI ក្នុងគោលបំណងបញ្ឈប់ការនាំចូលទំនិញដែលមិនមានគុណភាព។ 
 
បើតាមសហព័ន្ធឧស្សាហកម្មថៃ លំហូរចូលនៃទំនិញចិនដែលមានតម្លៃថោកកំពុងវាយប្រហារក្រុមហ៊ុនក្នុងស្រុកប្រមាណ ២០វិស័យរួមមាន ដែកថែប អាលុយមីញ៉ូម ប្លាស្ទិក សេរ៉ាមិច គីមីឥន្ធនៈ និងឱសថ៕

Tag:
 ថៃ
  ចិន
  សហគ្រាសធុនតូច និងមធ្យម
© រក្សាសិទ្ធិដោយ thmeythmey.com