ជាតិ
របរចិញ្ចឹមក្រពើនៅភូមិព្រែកទាល់ បឹងទន្លេសាប មិនសូវមានទីផ្សារល្អដូចមុន
19, Feb 2024 , 8:59 pm        
រូបភាព
បាត់ដំបង៖  អ្នកស្រី ព្រឿន សុភាព ជាអ្នកចិញ្ចឹមក្រពើ នៅ​​ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលស្ថិតក្នុងបឹងទន្លេសាប។​ តម្លៃក្រពើរបស់អ្នកស្រី ធ្លាប់លក់បាន ៥០០ដុល្លារក្នុង១ក្បាល តែធ្លាក់មកត្រឹម៣០ដុល្លារ ដោយសារគ្មានទីផ្សារ។ បើតាម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ទីផ្សារ​​ក្រពើ​ បាន​ធា្ល​ក់​ចុះ​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ​ការធា្លក់ថ្លៃនៃក្រពើទាំងនោះ បានធ្វើឱ្យអ្នកស្រី ភាព ខាតដើមទុនច្រើន ក្នុងការចិញ្ចឹមក្រពើ ។




តម្លៃ​ក្រពើ​ចេះតែ​បន្ត​ធា្ល​ក់​ថ្លៃ​ អ្នកស្រី ព្រឿន សុភាព  បាន​កាត់បន្ថយ​ការចិញ្ចឹម​ក្រពើ ដោយ​បច្ចុប្បន្នក្រពើ​របស់អ្នកស្រីនៅសល់តែ​ជាង២០០​ក្បាល​ប៉ុណ្ណោះ​។ អ្នកស្រី សុភាព ថ្លែង​ដូច្នេះ​​៖ «​ពីមុន​ក្រពើ​១​ក្បាល ខ្ញុំ​លក់បាន៥០០​ទៅ​៦០០​ដុល្លារ​ តែ​ពេលនេះ បែរជា​តម្លៃ​ក្រពើ​លក់​បាន​៣០​ដុល្លារ​​ក្នុង​១​ក្បាល​»​។ 
 
ជាមួយគ្នានេះ អ្នកស្រី  សុភាព ចំណាយដើមទុនជាច្រើន ដើម្បីទិញចំណីឱ្យក្រពើ ប៉ុន្តែទីផ្សារក្រពើ ធ្លាក់ចុះខ្លាំង។ អ្នកចិញ្ចឹមក្រពើលើទន្លេស្លាបជាង១០ឆ្នាំរូបនេះ មិនមានភាពភ័យខ្លាចក្នុងការចិញ្ចឹមក្រពើឡើយ ព្រោះតែអ្នកស្រី សុភាព បានយល់ច្បាស់ពីប្រៀបចិញ្ចឹមតាំងនៅកុមារភាព។ 
 
របរចិញ្ចឹមក្រពើនេះ ជារបរមួយដែលបានបន្សល់ពីម្ដាយរបស់អ្នកស្រី ព្រឿន សុភាព។ បន្ថែមពីនេះ ស្រ្ដីវ័យ៤៤ឆ្នាំរូបនេះ  បានបញ្ជាក់ថា​ បើតម្លែក្រពើបន្តធ្លាក់ចុះ អ្នកស្រី អាចឈប់ចិញ្ចឹម ព្រោះមិនមានលុយទិញចំណីឱ្យក្រពើទៀតនោះទេ។ ពីមុន អ្នកស្រីដាក់ចំណីឱ្យក្រពើមួយខែ៣ទៅ៤ដង ប៉ុន្តែបច្ចុប្បន្ននេះ មួយខែ អ្នកស្រី សុភាព ដាក់ចំណីឱ្យវាស៊ី១ ទៅ២ ម្ដងតែប៉ុណ្ណោះ។ ក្រៅពីនេះ ចំណីក្រពើដែលអ្នកស្រី ដាក់ឱ្យក្រពើស៊ីទាំងនោះ គឺជាសាច់ត្រី។ 
 
ក្នុងមួយឆ្នាំ អ្នកស្រី សុភាព ចំណាយថវិកាចិញ្ចឹមក្រពើអស់ប្រមាណ ៣ពាន់ដុល្លារ។ ក្រៅពីលក់ក្រពើទាំងមូល អ្នកស្រី សុភាព ក៏មានលក់កូនក្រពើផងដែរ៕  

Tag:
 ក្រពើ
  ធ្លាក់ចុះ
© រក្សាសិទ្ធិដោយ thmeythmey.com