កីឡាជាតិ
ជាតិ
សួន ចាន់ដារ៉ូ សោកស្តាយមិនអាចជួយវិសាខាលើកពានតេជោលីគតាមបំណង
19, Feb 2024 , 5:59 pm        
រូបភាព
កីឡាករ សួន ចាន់ដារ៉ូ ប្រធានក្រុមសមាគមបាល់ទះវិសាខា សោកស្តាយ ដែលមិនអាចសម្រេចតាមក្តីបំណង ក្នុងការជួយក្រុមគ្រងជើងឯកពានរង្វាន់លីគបាល់ទះកម្ពុជា«តេជោលីគ» រដូវកាលទីមួយ ។ ក្រុមបាល់ទះវិសាខា ចាញ់ក្រុមបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣-១ នាវគ្គផ្តាច់ព្រ័ត្រ ។

 

មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមវិសាខា បានយកឈ្នះលើបញ្ជាការដ្ឋានកងអង្គរក្ស២លើកហើយ។ ក្នុងនោះជុំទី១ ឈ្នះ៣-២សិត ហើយជុំទី២ ឈ្នះ៣-០ ។
 
«សម្រាប់ខ្ញុំគឺសោកស្តាយមែនទែន ប៉ុន្តែមិនដឹងថាធ្វើយ៉ាងម៉េចព្រោះថាកីឡាយើងមានឈ្នះមានចាញ់ យើងមិនអាចកំណត់បាន ហើយពួកកីឡាកររបស់ខ្ញុំក៏បានប្រឹងប្រែងអស់ពីសមត្ថភាពរួចរាល់ផងដែរ។»។ កីឡាករ សួន ចាន់ដារ៉ូ បាននិយាយបញ្ជាក់មកកាន់អ្នកសារព័ត៌មានថ្មីៗបែបនេះ។
  


វិសាខា ត្រូវបានគេស្គាល់ថា ជាក្រុមដ៏ខ្លាំងបំផុតមួយប្រចាំការប្រកួតលីគបាល់ទះ«តេជោលីគ» លើកដំបូងរបស់កម្ពុជា ចាប់តាំងពីការប្រកួតជុំទីមួយ និងជុំទីពីរ។ ក្រុមជើងខ្លាំងប្រចាំកម្ពុជា រក្សាកំណត់ត្រាឈ្នះការប្រកួត មិនដែលចាញ់សូម្បីតែមួយលើក ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនេះ។
 
ទោះជាការប្រកួតនៅវគ្គពាក់កណ្តាលធ្វើបានល្អ ដោយយកឈ្នះលើក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលទ្ធផលសិត ៣-០ ក្តី ប៉ុន្តែក៏មិនអាចសម្រេចបំណងនាវគ្គផ្តាច់ព្រ័ត្រដែរ ។ ក្រុមវិសាខា ជួបបញ្ហារអាក់រអួលប្រព័ន្ធលេង ខណៈកីឡាករខ្មែរ និងបរទេស ហាក់លេងមិនយល់ចិត្តគ្នា នាពេលប្រកួត។



ប្រធានក្រុមដដែល បានអះអាងដូច្នេះថា៖«ព្រោះដោយសារតែសិតទីមួយ និងសិតទីពីរ យើងពិបាកក្នុងចាប់ការសេវាឱ្យបានល្អ ដើម្បីអាចធ្វើឱ្យបានល្អតាមប្រព័ន្ធលេងដែលយើងចង់លេងបាន។ ខ្ញុំមើលឃើញសម្រាប់អង្គរក្សនៅការប្រកួតនេះ ពួកគេធ្វើបានល្អខ្លាំងទាំងព្រម ទាំងរនាំង ទាំងបញ្ជូលបាល់ ទាំងស្មាត់ ល្អមួយចប់ ។ ហើយខ្ញុំក៏បានដឹងមុនថា ការប៉ះអង្គរក្សគឺនឹងពិបាកខ្លាំង ព្រោះនឹងមិនអាចមានការប្រកួត ដូចកាលពីវគ្គវិលតាមជុំនីមួយៗនោះឡើយ។»។
 
បន្ទាប់ពីរបូតពានរង្វាន់នេះ ​សួន ចាន់ដារ៉ូ បញ្ជាក់ថា ក្រុមវិសាខា នឹងត្រូវស្វែងរកនូវបច្ចេកទេសប្រព័ន្ធលេងថ្មីបន្ថែមទៀត ដើម្បីប្រកួតប្រជែងកម្រិតខ្ពស់ នៅរដូវកាលក្រោយៗទៀត៕

Tag:
 បាល់ទះ
  តេជោលីគ
  សួន ចាន់ដារ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com