RFI
អន្តរជាតិ
ហ្កាហ្សា៖ ក្តីសង្ឃឹមឈានទៅ​មានបទឈប់បាញ់ ហាក់​នៅឆ្ងាយសែនឆ្ងាយសន្លឹម
19, Feb 2024 , 9:59 pm        
រូបភាព
កុមារប៉ាឡេស្ទីនកំពុងប្រញ៉ាយគ្នាទទួលបានអាហារបរិភោគ នៅតំបន់រ៉ាហ្វា ថ្ងៃទី ១៦ កុម្ភៈ ២០២៤ AP - Fatima Shbair
កុមារប៉ាឡេស្ទីនកំពុងប្រញ៉ាយគ្នាទទួលបានអាហារបរិភោគ នៅតំបន់រ៉ាហ្វា ថ្ងៃទី ១៦ កុម្ភៈ ២០២៤ AP - Fatima Shbair
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
 
សង្គ្រាមនៅតំបន់​ហ្កាហ្សា នៅតែបន្ត​ដោយ​គ្មានក្តីសង្ឃឹម ថានឹងអាចមានបទឈប់បាញ់​ ក្នុងរយៈពេល​ខ្លីខាងមុខនេះទេ។​ ភាគីកាតាដែលជាអ្នកសម្របសម្រួលការចរចា រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស បានទទួលស្គាល់ថា មិនបានលទ្ធផលវិជ្ជមាន​​ដូចការរំពឹងទុកឡើយ​។ ចំណែក​លោកណេតាន់យ៉ាហ៊ូវិញ បាន​ប្រកាសប្តេជ្ញាថាកងទ័ពអ៊ីស្រាអែលនឹងសំរុកចូលទៅ​តំបន់រ៉ាហ្វា ដោយ​មិនស្តាប់ការដង្ហើយ​ហៅរបស់ សហគមន៍​អន្តរជាតិនោះទេ។

 
សំណុំរឿងសង្គ្រាមនៅ​ហ្កាហ្សា ត្រូវបានគេលើកយកទៅជជែកយ៉ាងសកម្ម នៅឯជំនួប​កំពូលស្តីពីសន្តិសុខ ដែល​ប្រព្រឹត្តិធ្វើទៅ នៅទីក្រុងមុយនីឆ ប្រទេសអាល្លឺម៉ង់។ ថ្នាក់ដឹកនាំប្រទេសខ្លះ បានលើកឡើងអំពីដំណោះស្រាយឈានទៅប្រកាសរដ្ឋប៉ាឡេស្ទីនជាផ្លូវការ​។
 
ផ្អែកតាមអ្នករាយ​ការណ៍ព័ត៌មាន ប្រចាំនៅ​ជំនួបកំពូលក្រុងមុយនីឆ គឺនៅថ្ងៃអាទិត្យ​ទី​១៨កុម្ភៈ លោក​ប្រមុខការទូតអាមេរិក អង់តូនី ប្លីងកិន បាន​លើកឡើងថាជំនួបកំពូលនេះជាឱកាស ដើម្បជជែកឲ្យ​បានស៊ីជំរៅ ស្តីពីការយល់ឃើញ​របស់​ភាគីពាក់ព័ន្ធ ដែលមានជាអាទិ៍​ក្រុមប្រទេសអារ៉ាប់​។ អ្វីដែល​បន្ទាន់នាពេលនេះ គឺ​ត្រូវ​រកដំណោះស្រាយឈានទៅ​បិទបញ្ចប់​សោកនាដកម្ម​នៅហ្កាហ្សាជាមុនសិន។ លោកប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog ដែលមានវត្តមាននៅមុយនីឆដែរ បាន​លើកឡើងថា ជាការពិតណាស់ នេះគឺជាឱកាសដើម្បីជជែក​គ្នា​ ដើម្បីរកដំណោះស្រាយ​សន្តិភាព​​។​ ដោយឡែក លោក​ប្រមុខការទូតអឺរ៉ុប Josep Borrell បានប្រាប់អ្នកកាសែតថា គ្រប់គ្នានិយាយពី​ការប្រកាសរដ្ឋប៉ាឡេស្ទីន ដោយលើកឡើងតែពីបញ្ហាហ្កាហ្សា តែគេ​ភ្លេចគិត​ ពី​ភាពតានតឹងបង្កឡើងដោយ​​ការដាក់អាណានិគមន៍​អ៊ីស្រាអែល​​ ​នៅតំបន់ស៊ីហ្សកដា​នី​។​
 
គួរកត់សំគាល់ថា ថ្នាក់ដឹកនាំអារ៉ាប់ដែលមានវត្តមាននៅ​មុយនីឆ សុទ្ធតែបានប្រកាសជំហរថា ដំណោះស្រាយតែមួយគត់ ដើម្បីកសាងសន្តិភាព គឺត្រូវតែប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​។​ លោក​ប្រមុខការទូតអារ៉ាប៊ីសាអូឌីតវិញ បានអះអាងថា ក្រុមប្រទេសអារ៉ាប់មានចេតនាចង់មានសន្តិភាពជាមួយអ៊ីស្រាអែល​ ក៏ប៉ុន្តែអ៊ីស្រាអែល ត្រូវតែសុខចិត្ត​ទទួលយកលក្ខខណ្ឌខ្លះដែរ។ ដោយឡែកលោករដ្ឋមន្ត្រីការបរទេសកាតាវិញ បានទទួលស្គាល់ថា ការចរចាដើម្បីឈានទៅ​មានបទឈប់បាញ់ ប៉ុន្មានថ្ងៃមកនេះ មិនបានលទ្ធវិជ្ជមាន​ប៉ុន្មានទេ​។
 
គួរបញ្ជាក់ថា គំនិត​ស្នើឲ្យ​ប្រកាសរដ្ឋប៉ាឡេស្ទីន​ជាផ្លូវការ​​​​ ត្រូវបាន​លោកណេតាន់យ៉ាហ៊ូ ច្រានចោលមិនទទួលយកទេ សម្រាប់ពេលនេះ​។ លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថា ការប្រកាសរដ្ឋប៉ាឡេស្ទីន អាចធ្វើទៅ​បាន​ គឺទាល់តែ​ឆ្លងកាត់ក្របខណ្ឌ​ នៃការចរចាសន្តិភាព​​ដោយ​ផ្ទាល់ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។​ កាលពីថ្ងៃសៅរ៍ លោកនេតាន់យ៉ាហ៊ូ បាន​ប្រកាសជាថ្មីម្តងទៀត ថា​កងទ័ពអ៊ីស្រាអែល នឹងសម្រុកចូលទៅ​ក្នុង​តំបន់​រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ដើម្បី​បោសសំអាត​ក្រុមហាម៉ាសឲ្យ​អស់។ លោក​បានបន្លឺ​ថា អ្នកណាដែលស្រែកឃាត់អ៊ីស្រាអែលមិនឲ្យចូលទៅ​តំបន់រ៉ាហ្វា គឺអ្នកនោះចង់​ឲ្យអ៊ីស្រាអែលចាញ់សង្គ្រាមនេះ​។ លោក​អះអាងថា អ៊ីស្រាអែលនឹងមិនចាញ់ជាដាច់ខាត គឺត្រូវតែមានៈសម្រេចកម្មវត្ថុ​សង្គ្រាម​ឲ្យ​បាន​។
 
សូមបញ្ជាក់ថា មានការព្រួយបារម្ភខ្លាំងណាស់ ទាក់ទិននឹងស្ថានការណ៍​នៅតំបន់រ៉ាហ្វា ដែលបច្ចុប្បន្ន​ប្រជាជនប៉ាឡេស្ទីន​ប្រមាណ​១លាន​៣សែននាក់ កំពុងស្ថិតនៅកកកុញយ៉ាងលំបាកវេទនាជាទីបំផុត។ ផ្អែកតាម​អាជ្ញាធរសុខាភិបាលហាម៉ាស គិតត្រឹមពេលនេះ មានមនុស្សស្លាប់សរុប ២៨៩៨៥នាក់​។ ដោយឡែក​នៅអ៊ីស្រាអែលវិញ ក្រុមគ្រួសារ​ចំណាប់ខ្មាំង​និង​ប្រជាជន​អ៊ីស្រាអែលមួយចំនួន​​ បានបន្តធ្វើ​បាតុកម្មទាមទារ​ឲ្យ​រដ្ឋាភិបាល​លោកនេតាន់យ៉ាហ៊ូ ត្រូវតែចរចារំដោះចំណាប់ខ្មាំង ដែលនៅសល់​ចំនួន​១៣០នាក់​ ​មកវិញឲ្យ​បាន​​ មិនត្រូវបន្តសង្គ្រាមមហាប្រល័យនេះទៀតទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com