សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមនាំមុខក្នុងតំបន់អាស៊ាន ដែលមាននិស្សិតសិក្សានៅបរទេសច្រើន
20, Feb 2024 , 8:29 am        
រូបភាព
និស្សិតវៀតណាមសិក្សានៅសកលវិទ្យាល័យ Ritsumeikan Asia Pacific ក្នុងប្រទេសជប៉ុន ៖ រូបភាពពីវិឌីអូ ៖ Ritsumeikan APU
និស្សិតវៀតណាមសិក្សានៅសកលវិទ្យាល័យ Ritsumeikan Asia Pacific ក្នុងប្រទេសជប៉ុន ៖ រូបភាពពីវិឌីអូ ៖ Ritsumeikan APU
វៀតណាមបានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស បានច្រើនជាងគេក្នុងតំបន់អាស៊ាន។ ប្រទេសគោលដៅទាំង៥ សម្រាប់និស្សិតវៀតណាមមានដូចជា ជប៉ុន កូរ៉េខាងត្បូង អាម៉េរិក អូស្ដ្រាលី កាណាដា។ នេះបើតាមសារពត៌មាន Nikkie Asia នៅថ្ងៃទី១៦ ខែកុម្ភៈ។

 
អង្គការប្រឹក្សាអប់រំអន្តរជាតិ Acumen ដែលបានដកស្រង់ស្ថិតិពីអង្គការយូណេស្កូ បានបង្ហាញថា វៀតណាមមាននិស្សិតជាង ១៣២០០០នាក់ទៅសិក្សានៅក្រៅប្រទេសក្នុងអំឡុងឆ្នាំ ២០២១ - ២០២២។ តាមពីក្រោយដោយម៉ាឡេស៊ី និងឥណ្ឌូណេស៊ីដែលមាននិស្សិតទៅសិក្សានៅបរទេសជាង ៥៦០០០នាក់រៀងគ្នា ខណៈថៃមានប្រមាណ ៣២០០០នាក់។ 
 
គោលដៅកំពូលពីរសម្រាប់និស្សិតវៀតណាមបន្តការសិក្សានៅក្រៅប្រទេសនោះ មានជប៉ុនជាង ៤៤១០០នាក់ និងកូរ៉េខាងត្បូងជិត ២៥០០០នាក់។ ទន្ទឹមនេះ និស្សិតឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃវិញបានកំណត់គោលដៅទៅរៀននៅអង់គ្លេស និងអូស្ត្រាលីមានចំនួនច្រើន។ សម្រាប់ការសិក្សានៅអាម៉េរិកវិញ ចំនួននិស្សិតវៀតណាមក៏នាំមុខប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរមានចំនួនជាង ២៣ ១០០នាក់។
 


ក្រៅពីប្រទេសចំនួន ៣ខាងលើ និស្សិតវៀត​ណាម បាន​សិក្សា​នៅអូស្ត្រាលីជាង​១៤១០០​នាក់ និង​កាណាដាជិត​៩០០០នាក់។
 
វៀតណាមបានស្ថិតនៅកំពូលតារាងទាំង១០ នៃនិស្សិតអន្តរជាតិដែលសិក្សានៅអាម៉េរិកអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ តាមទិន្នន័យផ្លូវការក្នុងឆ្នាំ ២០២២ វៀតណាមជាប់ចំណាត់ថ្នាក់ទី៥ ទាក់ទងនឹងចំនួននិស្សិតដែលកំពុងសិក្សានៅអាម៉េរិក។ នេះជាកំណត់ត្រាដ៏ខ្ពស់បំផុតរបស់វៀតណាម ដែលមិនធ្លាប់មានពីមុនមក។ 
 
ICEF Monitor ដែលជាគេហទំព័រព័ត៌មានស្តីពីការអប់រំអន្តរជាតិបានបញ្ជាក់ថា វៀតណាមស្ថិតក្នុងចំណោមទីផ្សារកំពូលទាំង១០ របស់ពិភពលោកសម្រាប់ការសិក្សានៅបរទេស។ ក្នុងនោះ​ វៀតណាមស្ថិតនៅលំដាប់កំពូលទាំង៥ ក្នុងចំណោមនិស្សិតអន្តរជាតិនៅអាម៉េរិក លេខ២ នៅជប៉ុន លេខ៦ នៅអូស្ត្រាលី និងនាំមុខគេនៅតៃវ៉ាន់។
 
ដោយឡែក ចិនមិនមាននៅក្នុងបញ្ជីទិន្នន័យរបស់អង្គការយូណេស្កូទេ ប៉ុន្តែក៏ជាគោលដៅកំពូលសម្រាប់និស្សិតពីអាស៊ីអាគ្នេយ៍ដែរ។
 
រដ្ឋាភិបាលចិនមិនបានបញ្ចេញទិន្នន័យនិស្សិតអន្តរជាតិចាប់ពីឆ្នាំ២០២០។ ប៉ុន្តែនៅឆ្នាំ ២០១៩ ប្រទេសនេះបានទទួលនិស្សិតអន្តរជាតិ ២៨៦០០នាក់ ពីថៃ , ១៥០០០នាក់ពីឥណ្ឌូណេស៊ី, ១១៣០០នាក់ពីវៀតណាម និង ៩៥០០នាក់ពីម៉ាឡេស៊ី។
 
របាយការណ៍របស់ Acumen បង្ហាញថាប្រទេសលោកខាងលិចប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែច្រើនពីជប៉ុន កូរ៉េខាងត្បូង និងចិន ក្នុងការទាក់ទាញនិស្សិតអាស៊ីអាគ្នេយ៍។
 
គោលដៅរបស់ជប៉ុនគឺ បង្កើនការទទួលនិស្សិតអន្តរជាតិឱ្យដល់ ៤០០ពាន់នាក់នៅឆ្នាំ ២០២៧ ខណៈកូរ៉េខាងត្បូងឲ្យបានចំនួន ៣០០ពាន់នាក់ ហើយមហាអំណាចអាស៊ីបូព៌ាទាំងពីរបានសន្យាថានឹងផ្តល់ឱកាសការងារបន្ថែមទៀតសម្រាប់និស្សិតបរទេសដែលបានបញ្ចប់ការសិក្សា៕ 

Tag:
 វៀតណាម​
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com