កីឡាជាតិ
ជាតិ
NOCC គ្រោងរៀបចំវគ្គសិក្សាសម្រាប់មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំស្ថាប័ន ឆ្នាំ២០២៥
20, Feb 2024 , 8:59 am        
រូបភាព
ការបិទវគ្គសិក្សាស្ដីពីរដ្ឋបាលកីឡា រូបពី NOCC
ការបិទវគ្គសិក្សាស្ដីពីរដ្ឋបាលកីឡា រូបពី NOCC
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំវគ្គសិក្សាកម្រិតខ្ពស់ សម្រាប់មន្ដ្រី និងថ្នាក់ដឹកនាំស្ថាប័នកីឡា Advanced Sports Management Courses ដែលនឹងត្រូវធ្វើនៅឆ្នាំ២០២៥។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំតាមសហព័ន្ធកីឡាជាតិ បានពង្រឹងចំណេះដឹងបន្ថែមលើការគ្រប់គ្រងស្ថាប័នខ្លួន ឲ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍ដឹកនាំរបស់ចលនាអូឡាំពិកកម្ពុជា។



ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) តែងរៀបចំវគ្គសិក្សាស្ដីពីរដ្ឋបាលកីឡា ៣ ទៅ៤វគ្គ។ ដោយឡែកចាប់ពីឆ្នាំ២០២៥ NOCC នឹងរៀបចំវគ្គគ្រប់គ្រងកីឡាកម្រិតខ្ពស់ ដល់ថ្នាក់ដឹកនាំតាមបណ្ដាសហព័ន្ធកីឡាជាតិទាំងអស់។ តាមការបញ្ជាក់ពី NOCC វគ្គសិក្សានេះ មាន៦ផ្នែកគឺ៖ អង្គការ ឬអភិបាលកិច្ច, ការគ្រប់គ្រងយុទ្ធសាស្ដ្រ, ការគ្រប់គ្រងធនធានមនុស្ស, ការគ្រប់គ្រងហិរញ្ញវត្ថុ, ទីផ្សារ និងការរៀបចំព្រឹត្តិការណ៍កីឡានានា។ គម្រោងសិក្សានាឆ្នាំ២០២៥នោះ នឹងមានរយៈពេល ១៥ថ្ងៃ (៩០ម៉ោង) និងស្វ័យសិក្សារយៈពេល ១៨ថ្ងៃ (១០៨ម៉ោង)។
 
NOCC រៀបចំគម្រោងវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់នេះចាប់ពីឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ បានពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមទៀតក្នុងការគ្រប់គ្រងស្ថាប័នកីឡា ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក។
 
គួរបញ្ជាក់​ថា កាលពីថ្ងៃទី១២-១៥ ខែកុម្ភៈ NOCC បានបើកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡាដោយមានសិក្ខាកាមចូលរួមចំនួន៧០នាក់ ក្នុងនោះមាន​មន្ត្រីស្ម័គ្ររបស់NOCCចំនួន៩ នាក់, មន្ត្រី​សហព័ន្ធកីឡាជាតិ(៥០សហព័ន្ធ) ចំនួន៥៨នាក់ និងបុគ្គលិកអង្គភាពសារព័ត៌មានចំនួន៣នាក់៕

Tag:
 NOCC
  Advanced Sports Management Courses
© រក្សាសិទ្ធិដោយ thmeythmey.com