អន្តរជាតិ
អាល្លឺម៉ង់ស្វែងរកការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីចំពោះការស្លាប់របស់លោកNavalny
19, Feb 2024 , 9:24 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅថ្ងៃទី១៩ ខែកុម្ភៈបានលើកឡើងថា អាល្លឺម៉ង់នឹងស្នើដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្កូ ជុំវិញការស្លាប់របស់អ្នកនយោបាយ ប្រឆាំងនឹងរដ្ឋាបាលរុស្ស៊ីដ៏សំខាន់ម្នាក់គឺ លោក Alexei Navalny នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) ដែលត្រូវចូលរួមដោយភរិយាលោក Navalny​ ផងដែរ។

 
«យើងបានឃើញកម្លាំងដ៏ឃោរឃៅរបស់ប្រធានាធិបតីរុស្ស៊ីគាបសង្កត់ប្រជាពលរដ្ឋខ្លួនឯង ដែលដើរតាមផ្លូវ ធ្វើបាតុកម្មទាមទារសេរីភាព ឬសរសេរអំពីវានៅក្នុងកាសែត»។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock សង្កត់ធ្ងន់បែបនេះរួចបន្តថា អាល្លឺម៉ង់នឹងស្នើដាក់ទណ្ឌកម្មថ្មី ទាក់ទង នឹងការស្លាប់របស់លោក Navalny។
 
លោកស្រី Baerbock សង្ឃឹមថា EU ដែលមានសមាជិក ២៧ ប្រទេសនឹងយល់ព្រមក្នុង ពេលឆាប់ៗនេះលើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ខណៈមន្ត្រី EU សម្គាល់ថា ពួកគេអាច អនុម័តសំណើជាបណ្តោះអាសន្ននៅថ្ងៃទី២១ ខែកុម្ភៈបាន ប្រសិនបើហុងគ្រីផ្តល់ភ្លើងបៃតង។ ហុងគ្រីមិនបានថ្លែងសារអ្វីឡើយបន្ទាប់ពីការស្លាប់របស់ Navalny កាលពីថ្ងៃទី១៦ ខែកុម្ភៈ។
 
រដ្ឋមន្ត្រីការបរទេស EU ទាំងអស់ត្រូវដល់ពេលពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មទី ១៣ របស់ប្លុកមួ យនេះប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្កូបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក។ 
 
ទន្ទឹមនេះ អ្នកការទូតកំពូលរបស់ EU បានស្នើថា មន្ត្រីពន្ធនាគាររុស្សីដែលមានទំនាក់ទំនង នឹងការស្លាប់របស់លោក Navalny អាចនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មនេះផងដែរ។ យ៉ាងណាមិញ ការលើកឡើងមិនមានផ្ដោត​អំពី​វិធានការ​លំបាក​ណា​មួយផ្សេង ​ដែល​អាច​កំណត់​គោល​ដៅ​សេដ្ឋកិច្ច​ទូលំទូលាយ​របស់​រុស្ស៊ីឡើយ។
 
ក្នុងថ្ងៃដដែល ភរិយាលោក Navalny​ លោកស្រី Yulia Navalnaya បាននិយាយទាំងកំសត់ថា លោកស្រីនឹងបន្តការតស៊ូរបស់ស្វាមី ដើម្បីទទួលបានសេរីភាពរុស្ស៊ី ហើយបានអំពាវនាវឱ្យអ្នកគាំទ្របន្តប្រឆាំងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនផងដែរ។ លោក Navalny បានស្លាប់នៅក្នុងពន្ធនាគារ នៅតំបន់Arctic។
 
ប្រធាន​នៃ​កិច្ច​ពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស EU ​ប្រធាន​គោលនយោបាយ​ការបរទេស​លោក Josep Borrell មានប្រសាសន៍ថា រដ្ឋ​សមាជិក EU នឹង​ស្នើ​ទណ្ឌកម្ម​ជា​ប្រាកដ​ចំពោះ​អ្នក​ដែល​ទទួល​ខុសត្រូវ​ដែលលោកសំដៅលើចំៗលើប្រធានាធិបតីពូទីន។ រដ្ឋមន្ត្រី EU ក៏គ្រោង នឹងពិភាក្សាអំពីការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែនក្នុងពេលដែលអាម៉េរិកកំពុងជួបការ លំបាកក្នុងការសម្រេចបានការយល់ព្រមលើជំនួយបន្ថែមទៀតដល់ទីក្រុងកៀវ ហើយខណៈ ដែលរុស្ស៊ីបានអះអាងពីជ័យជំនះលើសមរភូមិដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនខែមកនេះ។
 
គួរបញ្ជាក់ថា លោក Navalny ដែលជាអតីតមេធាវីវ័យ ៤៧ ឆ្នាំបានលេចមុខមាត់ល្បីល្បាញ ក្នុងយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅរុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីន។ លោកត្រូវបានស្គាល់ឈ្មោះដោយសារវោហាសាស្ត្រដ៏ក្ដៅគគុករបស់លោកនៅឯការតវ៉ាជាសាធារណៈ, នៅក្នុងបន្ទប់សវនាការ ព្រមទាំងការបញ្ចេញមតិនៅលើប្រព័ន្ធបណ្ដាញសង្គម និងវីដេអូបកស្រាយពីការស៊ើបអង្កេតក្រុមរបស់លោកទាក់ទងនឹងអំពើពុករលួយរបស់រដ្ឋជាដើម៕

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com