អន្តរជាតិ
ប៉ាឡេស្ទីនទាមទារឱ្យបញ្ចប់ការកាន់កាប់របស់អុីស្រាអែល នៅតុលាការពិភពលោក
20, Feb 2024 , 9:45 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki បានទាមទារឱ្យបញ្ចប់ភ្លាមៗចំពោះ ការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អុីស្រាអែល ក្នុងសវនាការរបស់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ក្នុងថ្ងៃបើកសវនាការ នៅថ្ងៃទី១៩ ខែកុម្ភៈ។


 
រដ្ឋជាង ៥០ ចាប់ផ្តើមបង្ហាញទឡ្ហីករណ៍នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុង ឡាអេរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីសំណើឆ្នាំ ២០២២ ពីមហាសន្និបាតអង្គការសហ ប្រជាជាតិសម្រាប់ការផ្តល់យោបល់ ឬមតិពាក់ព័ន្ធនឹងការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អុីស្រាអែល។។
 
ចំពោះមុខតុលាការ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki បានចោទប្រកាន់អ៊ីស្រាអែលពីបទដាក់សម្ពាធលើជនជាតិប៉ាឡេស្ទីនដូចជាការរើសអើងជាច្រើនទសវត្សរ៍ និងការរើសអើងជាតិសាសន៍។ 
 
«ដំណោះស្រាយតែមួយគត់ដែលស្របតាមច្បាប់អន្តរជាតិ គឺឱ្យការកាន់កាប់ខុសច្បាប់នេះឈានដល់ទីបញ្ចប់ភ្លាមៗដោយគ្មានលក្ខខណ្ឌ និងទាំងស្រុង»។ លោក Al-Maliki មាន ប្រសាសន៍បែបនេះ។ 
 
ចំណែក លោក Riyad Mansour អ្នកតំណាងប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ បានថ្លែងថា ការទទួលខុសត្រូវ គឺសំខាន់ណាស់ ដោយសារវាអាចនាំភាពយុត្តធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន។ ត្រង់ចំណុចនេះ ប្រេសិតប៉ាឡេស្ទីន បានចាត់ទុកយុត្តិធម៌ជាសន្តិភាពសម្រាប់ប្រជាជន។ 
 
ក្រុមប្រឹក្សាចៅក្រមទាំង ១៥ រូបរបស់ ICJ ត្រូវបានស្នើឱ្យពិនិត្យមើលឡើងវិញនូវ ការកាន់កាប់ ការតាំងទីលំនៅ និងការបញ្ចូលឧបសម្ព័ន្ធរបស់អុីស្រាអែល រួមទាំងវិធានការនានាក្នុងគោល បំណងផ្លាស់ប្តូរសមាសភាពប្រជាសាស្រ្ត ចរិតលក្ខណៈ និងស្ថានភាពនៃទីក្រុង Holy Jerusalem ការអនុម័តច្បាប់ ហើយព្រមទាំងវិធានការរើសអើងដែលពាក់ព័ន្ធ។ ចៅក្រម ត្រូវបានរំពឹងនឹងចំណាយពេលប្រហែលប្រាំមួយខែ ដើម្បីចេញមតិលើសំណើនេះដែលស្នើឱ្យពួកគេពិចារណាអំពីស្ថានភាពផ្លូវច្បាប់នៃការកាន់កាប់ និងផលវិបាក។
 
អ៊ីស្រាអែល​ ​មិន​ចូល​រួម​សវនាការ​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជូន​ការ​សង្កេត​ជា​លាយលក្ខណ៍អក្សរ។ ការណ៍ដែលអ៊ីស្រាអែលបានព្រងើយកន្តើយចំពោះមតិផ្លូវច្បាប់ ព្រោះវាអាចបង្កើនសម្ពាធ នយោបាយលើជម្លោះនៅកាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ២៩០០០ នាក់៕

Tag:
 ប៉ាឡេស៊ី
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com