កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េ​ខាង​ត្បូង ផ្តល់សំណង ៧,៥លាន​ដុល្លារដល់ Klinsmann ចំពោះការបញ្ចប់តំណែង
20, Feb 2024 , 10:29 am        
រូបភាព
លោក Jurgen Klinsmann ទទួលបានសំណងប្រហែល ៧,៥  លានដុល្លារ ក្រោយត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA)។



KFA បានប្រកាសជាផ្លូវការ ដោយបញ្ចប់លោក Klinsmann ពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ដឹកនាំកូរ៉េខាងត្បូងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup។ លោក Klinsmann ត្រូវបញ្ចប់តំណែងមុនកាលកំណត់ ខណៈសុពលភាពរហូតដល់ចុងបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦។
 
ដោយសារកិច្ចសន្យា​ត្រូវបញ្ចប់មុនកាលកំណត់ ដូច្នេះ KFA បានយល់ព្រមបង់ប្រាក់សំណង ដល់បុរសវ័យ៥៩ឆ្នាំ និងក្រុមគ្រូបង្វឹករបស់ខ្លួន ចំនួន ១០ពាន់លានវ៉ុន ប្រហែល ៧,៥ លានដុល្លារ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស្ថាប័ន KFA អះអាងថាខ្លួនបង្ខំចិត្តបញ្ចប់តំណែងលោក Klinsmann ដែលដឹកនាំមិនទាន់បាន១ឆ្នាំផងនោះ ដោយសារខ្លួនខកចិត្តខ្លាំងនៅ Asian Cup ឆ្នាំ២០២៣។
 
ទោះបីជាមានកីឡាករពោរពេញដោយគុណភាព ឬហៅថាកីឡាករជំនាន់មាសនៅក្នុងដៃក៏ដោយ ប៉ុន្តែ Klinsmann មិនអាចនាំកូរ៉េខាងត្បូង ឈានទៅវគ្គផ្តាច់ព្រ័ត្រ ឬ លើកពាន Asian Cup ក្រោយចាញ់ ហ្ស៊កដានី ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
KFA មិនទាន់បង្ហាញតម្រុយណាមួយឡើយ ពាក់ព័ន្ធនឹងបេក្ខភាពជំនួសតំណែងលោក Klinsmann៕

Tag:
 Jurgen Klinsmann
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com