អន្តរជាតិ
Messi ព្យាយាមប្រើបណ្តាញសង្គមចិន បកស្រាយមូលហេតុមិនចូលប្រកួតនៅហុងកុង
20, Feb 2024 , 11:39 am        
រូបភាព
Lionel Messi ប្រើប្រាស់បណ្តាញសង្គមយក្សរបស់ចិន Weibo ដើម្បីបកស្រាយជុំវិញមូលហេតុដែលរូបគេមិនបានចូលរួមក្នុងជំនួបដែល Inter Miami យកឈ្នះក្រុមហុងកុង កាលពីដើមខែកុម្ភៈ។



ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ មិនបានចូលលេងព្រោះតែបញ្ហារបួសសាច់ដុំ បង្កឱ្យក្រុមអ្នកនយោបាយ និងអ្នកគាំទ្រហុងកុងខកខិត្ត និងផ្ទុះកំហឹងយ៉ាងខ្លាំង ហើយថែមទាំងបានទាមទារក្រុមហ៊ុន រៀបចំការប្រកួតសង់ថ្លៃសំបុត្រវិញ។
 
ចាប់តាំងពេលមានបញ្ហារបស់ Messi ជាមួយនឹងក្រុមហុងកុងរួចមក រដ្ឋបាលទីក្រុងហាងចូវ និងប៉េកាំង របស់ប្រទេសចិន បានសម្រេចចិត្តលុបចោលការប្រកួតមិត្តភាព របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលនឹងធ្វើឡើងនៅក្នុងខែមីនាផងដែរ។ 
 
យ៉ាងណាពេលនេះ Messi បានប្រើប្រាស់បណ្តាញសង្គមដ៏ធំរបស់ចិន Weibo ក្នុងការបកស្រាយពីស្ថានការណ៍ដែលបានជួបប្រទះ អំឡុងពេលប្រកួតទល់ហុងកុង។
  


«ខ្ញុំបានអាន និងឮពីរឿងជាច្រើនដែលបាននិយាយ បន្ទាប់ពីការប្រកួតនៅហុងកុង។ ខ្ញុំចង់ថតវីដេអូនេះ ហើយផ្តល់ឱ្យអ្នកនូវកំណែពិត។ ដូច្នេះគ្មាននរណាម្នាក់ ត្រូវបន្តអានរឿងមិនពិតទៀតនោះទេ ហើយខ្ញុំធ្លាប់ឮគេនិយាយថា ខ្ញុំមិនចង់លេងដោយសារហេតុផលនយោបាយ និងហេតុផលច្រើនទៀតដែលមិនពិតទំាងស្រុង។ បើអ៊ីចឹង ខ្ញុំមិនចាំបាចធ្វើដំណើរទៅប្រទេសជប៉ុន ឬលេងនៅប្រទេសចិនទេ ព្រោះខ្ញុំមានច្រើនដងហើយ តាំងពីចាប់ផ្តើមអាជីពរបស់ខ្ញុំមក។ ខ្ញុំមានទំនាក់ទំនងជិតស្និទ្ធ និងពិសេសជាមួយប្រទេសចិន។»។ Messi បាននិយាយតាមរយៈវីដេអូ ដែលបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិន។
 
ក្នុងវីដេអូដដែលនោះ តារាបាល់ទាត់វ័យ ៣៦ឆ្នាំ បានរៀបរាប់ដដែលៗពីហេតុផល សម្រាប់បញ្ហាអវត្តមានរបស់គេពីការប្រកួត ដែលអ្នកគាំទ្ររំពឹងទុកខ្ពស់ចង់ឃើញការប្រកួតរបស់​គេទល់ជាមួយនឹងក្រុមហុងកុង កាលពីថ្ងៃទី៤ ខែកុម្ភៈ។
 
Messi បន្តត្រង់ចំណុចនេះដូច្នេះថា៖«​​ដូចដែលខ្ញុំបាននិយាយនៅក្នុងសន្និសីទកាសែត ខ្ញុំបានជួបបញ្ហារបួស។ ហើយខ្ញុំមិនអាចលេងនៅក្នុងការប្រកួតដំបូងនៅប្រទេសអារ៉ាប៊ីសាអូឌីត ​ជាពេលដែលខ្ញុំមានអារម្មណ៍ថា វាពិតជាបញ្ហាដ៏សោកស្តាយ។»។
 
ម្ចាស់ពាន Ballon d’Or ៨សម័យ បានបញ្ជាក់ថា ខ្លួនបានព្យាយាមចង់ចូលលេងនៅវគ្គទីពីរ ក្នុងរយៈពេលដ៏ខ្លីណាមួយ ប៉ុន្តែបញ្ហារបួស គឺពិតជាអាក្រក់ខ្លាំង៕

Tag:
 Lionel Messi
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com