ជាតិ
សង្គមជាតិ
ជនជាតិអាមេរិកម្នាក់ ត្រូវបានបណ្ដេញពីកម្ពុជា ដើម្បីសុវត្ថិភាពកុមារ
20, Feb 2024 , 2:16 pm        
រូបភាព
លោក Wilfred Willis Holley​ ជនជាតិអាមេរិក ដែលត្រូវសមត្ថកិច្ចកម្ពុជាបណ្ដេញចេញ។ រូបពី CPU
លោក Wilfred Willis Holley​ ជនជាតិអាមេរិក ដែលត្រូវសមត្ថកិច្ចកម្ពុជាបណ្ដេញចេញ។ រូបពី CPU
ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ ហើយបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។ នេះបើតាមអង្គភាពការពារកុមារ (Child Protection Unit) ចេញផ្សាយលើទំព័រហ្វេសប៊ុក នាថ្ងៃទី២០ កុម្ភៈ។

 
អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI), សន្តិសុខមាតុភូមិ (HSI), អង្គភាពការពារកុមារជាដើម បានរួមគ្នា ស៊ើបអង្កេតស៊ីជម្រៅទៅលើអត្តចរិត និងសកម្មភាពប្រចាំថ្ងៃរបស់បុរសជនជាតិអាមេរិក លោក Wilfred Willis Holley​ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ជាលទ្ធផលនៃការស៊ើបអង្កេត និងការឃ្លាំមើលសកម្មភាព ឬទំនាក់ទំនងជាមួយកុមារ មានភាពមិនប្រក្រតីមួយចំនួន។ 
 
សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឡើយ។ 
 
បើតាមអង្គភាពការពារកុមារ, លោកWilfred Willis Holley ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ ដែលប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួន។ 
 
អង្គភាពការពារកុមារ បានកោតសរសើរកម្ពុជាយ៉ាងដូច្នេះ៖ «លោក Holley គឺជាហានិភ័យដ៏ធំសម្រាប់កុមារ។ ដូច្នេះខ្ញុំសូមថ្លែងការកោតសរសើរដល់រាល់ស្ថាប័ន ដែលបានចូលរួមក្នុងការស៊ើបអង្កេតមួយនេះ និងជាពិសេសចំពោះការឆ្លើយតបរហ័ស ពីរាជរដ្ឋាភិបាលកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការបណ្តេញបុគ្គលនេះ ចេញពីប្រទេសកម្ពុជា។»។
  
អង្គភាពការពារកុមារ បានចាត់ទុកការស៊ើបអង្កេតករណីនេះ គឺជាគំរូដ៏ល្អមួយបង្ហាញអំពីការប្តេជ្ញារបស់ស្ថាប័នពាក់ព័ន្ធទាំងឡាយ ក្នុងកិច្ចការពារកុមារ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com