កីឡាអន្តរជាតិ
អន្តរជាតិ
Napoli ប្តូរគ្រូ មុនជួប Barcelona វគ្គ១៦ក្រុម UCL
20, Feb 2024 , 3:19 pm        
រូបភាព
ក្រុម SSC Napoli បណ្តេញអ្នកចាត់ការក្រុមលោក Walte Mazzarri មុនពេលជំនួបវគ្គ ១៦ក្រុម ជើងទីមួយ ពានរង្វាន់ UEFA Cha​​mpions League ទល់នឹងក្រុម Barcelona ក្នុងកីឡដ្ឋាន Diego Armando Maradona នៅថ្ងៃទី២២ ខែកុម្ភៈ។



ក្រុមជើងឯកលីគកំពូលអ៊ីតាលី បានប្រកាសថាគ្រូបង្វឹកក្រុមជម្រើសជាតិស្លូវ៉ាគី លោក Francesco Calzona នឹងចូលកាន់តំណែងជំនួសលោក Mazzarri រហូតដល់ចប់រដូវកាល ២០២៣​-២៤។
 
ទោះបីត្រូវកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន នៅ Napoli ប៉ុន្តែលោក Calzona វ័យ ៥៥ឆ្នាំ នឹងនៅតែបន្តកាន់កាប់តំណែងរបស់ក្រុមជម្រើសជាតិស្លូវ៉ាគី ដដែល ហើយលោកក៏នឹងត្រូវដឹកនាំក្រុមស្លូវ៉ាគី ប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់។
 
Napoli ស្មើ ១​-១ ក្នុងទឹកដីទ ល់នឹងក្រុម Genoa បាននាំឱ្យឈានដល់ការបញ្ចប់តំណែងរបស់លោក Mazzarri ដែលជាបុរសបានចូលកាន់តំណែងជំនួសលោក Rudi Garcia តាំងពីខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
 
​​មូលហេតុឈានដល់ការបញ្ចប់តំណែងនេះ ព្រោះតែលោក Mazzarri វ័យ ៦៧ឆ្នាំ ដឹកនាំក្រុមធ្វើមិនបានល្អខ្លាំង ដោយការប្រកួត ១៧លើកចុងក្រោយបង្អស់ រកបានជ័យជម្នះត្រឹមតែ ៦​ប្រកួតតែប៉ុណ្ណោះ។ លទ្ធផលដ៏អាក្រក់ក្រោយពេលក្រុមគ្រងជើងឯកលីគកំពូលអ៊ីតាលី រដូវកាលមុនរួចមក បានបង្ខំចិត្តដល់លោក Aurelio De Laurentiis ប្រធានក្លិប​សម្រេចចិត្តបញ្ចប់តំណែងគ្រូបង្វឹកមុនពេលការប្រកួតទល់ Barca នៅ ២ថ្ងៃបន្ទាប់។
 
បន្ទាប់ពីប្រកួតស្មើទល់នឹងក្រុម Genoa ក្រុមការពារជើងឯក បន្តឈរនៅចំណាត់ថ្នាក់លេខ៩ ក្នុងតារាងក្របខណ្ឌ Serie A ហើយមានមានគម្លាតពិន្ទុដល់ទៅ២៧ពិន្ទុ ក្នុងការប្រជែងស្វែងរកតំណែងកៅអីពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ។ Inter Milan បច្ចុប្បន្នជាក្រុមកាន់តំណែងកំពូលតារាង Serie A។
 
ចំណែកលោក Calzona ដែលកាន់តំណែងគ្រូបង្វឹកក្រុមស្លូវ៉ាគីក្នុងឆ្នាំ២០២២ ក៏ធ្លាប់ជាជំនួយការរបស់លោក Spalletti ដែលបានចាកចេញពីតំណែងទៅដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី​។ សម្រាប់លោក Calzano បានក្លាយជាគ្រូបង្វឹកទី៣ ដែលនឹងមកកាន់កាប់តំណែងនៅក្លិប សម្បូរទៅដោយបញ្ហាលើគ្រូបង្វឹកហើយបរាជ័យ នាំក្រុមប្រកួតប្រជែងនៅកម្រិតខ្ពស់ ចាប់តាំងពីក្រុមធ្លាប់បានស្ថិតក្រោមការដឹកនាំរបស់លោក Luciano Spalletti កាលពីរដូវកាលមុនមក។
 
បុរសសញ្ជាតិអ៊ីតាលី នឹងដឹកនាំការប្រកួតដំបូងរបស់ Napoli ទល់នឹងក្រុមខ្លាំង Barca ក្នុងក្របខណ្ឌ UEFA Champions League សប្តាហ៍នេះ ហើយដោយនឹងមានការប្រកួតក្នុងលីគ​ទល់ក្រុម Cagliari, Sassuolo, Juventus និង Torino បន្ថែមទៀត មុនពេលវិលត្រឡប់ទៅការប្រកួតនៅទឹកដីអេស្ប៉ាញ នៅថ្ងៃទី១២ ខែមីនា៕

Tag:
 SSC Napoli
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com