ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យតេស្តគ្រឿងញៀនលើមន្ត្រីទាំងអស់
20, Feb 2024 , 4:40 pm        
រូបភាព
មន្ត្រីរាជការស៊ីវិល ដែលប្រើប្រាស់ និងប្រព្រឹត្តិបទល្មើសពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌភ្លាមៗ។ សម្ដេច ហ៊ុន ម៉ាណែត បានចេញចំណាត់ការបន្ថែមទៀត នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ កុម្ភៈ។

 
«យើងត្រូវសម្អាតផ្ទះយើងឱ្យសិន» ។ នេះជាពាក្យស្លោក ដែលសម្ដេច ហ៊ុន ម៉ាណែត បានប្រកាសម្ដងហើយ ម្ដងទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេច ក៏បានប្រកាសឱ្យរៀបចំការធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា វិធានការលុបបំបាត់គ្រឿងញៀននេះ ត្រូវអនុវត្តដូចគ្នា ទាំងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស៊ីវិល ហើយបើរកឃើញបុគ្គលណា ប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្ដង ដោយមិនចាំបាច់លើកលែងឱ្យទេ។
 
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏បានណែនាំគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
 
«គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕
 

Tag:
 ហ៊ុន ម៉ាណែត
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com