កីឡាអន្តរជាតិ
អន្តរជាតិ
​Real Madrid សង្ឃឹមខ្ពស់បាន Mbappe ខណៈដំណើរការចរចាកិច្ចសន្យា
20, Feb 2024 , 6:19 pm        
រូបភាព
ក្លិប Real Madrid កំពុងស្ថិតក្នុងការជជែងគ្នាជាមួយនឹង Kylian Mbappe ខ្សែប្រយុទ្ធ Paris Saint Germain ចំពោះលទ្ធភាពចុះកិច្ចសន្យាដោយគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរដើមរដូវកាលក្រោយ។ ក្លិបយក្សអេស្ប៉ាញ មានសុទិដ្ឋិនិយមថានឹងទទួលបានផ្លែផ្កាក្នុងពេលដ៏ឆាប់។ នេះបើតាមការផ្សាយរបស់កាសែត EPSN។



កាលពីសប្តាហ៍មុន ESPN បានចុះផ្សាយថា Mbappe បានប្រាប់ក្លិប PSG កំពុងស្ថិតនៅលេខ ១ កំពូលតារាងលីគកំពូលបារាំងថា រូបគេនឹងចាកចេញដោយគ្មានតម្លៃខ្លួន ក្រោយបញ្ចប់រដូវកាល ២០២៣-២៤។ 
 
ក្លិប Real Madrid ត្រូវបានគេដឹងថាជាបេក្ខភាពតែមួយគត់ដែលនឹងអាចយកកីឡាករវ័យ ២៥ឆ្នាំ ទៅចូលរួមបាន ហើយក្លិបយក្សអេស្ប៉ាញក៏បានផ្ញើសំណើររួចរាល់លើការផ្ទេរទៅកាន់ PSG កាលពីខែមករា កន្លងទៅ។ យ៉ាងណាក្លិបយក្សបារាំងនៅតែរំពឹងក្នុងការបញ្ចុះបញ្ចូលឱ្យតារាបាល់ទាត់ម្ចាស់ World Cup 2018 បន្តស្នាក់នៅ ស្រប់ពេលក្រុមកំពុងធ្វើបានល្អក្រោមការដឹកនាំរបស់លោក ​Luis Enrique។
 
បើតាម ESPN ក្លិប Real Madrid កំពុងមានក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់កិច្ចព្រមព្រៀងក្នុងពេលដ៏ឆាប់ខាងមុខ ប៉ុន្តែមិនទាន់បានចុះកុងត្រានៅឡើយទេ។
 
ទំនាក់ទំនងរវាង Mbappe និង Real Madrid បានកើតឡើងរយៈពេលជិត ៣ឆ្នាំ រួចមកហើយ ដោយ​កីឡាកររូបនេះគឺជាគោលដៅផ្ទេរធំបំផុតរបស់ក្លិបយក្សអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ២០២១ មក។ ​កាលពីឆ្នាំ ២០២២ Real ហៀបនឹងយកបានកីឡាករវ័យ ២៥ឆ្នាំ ម្តងរួចទៅហើយ ប៉ុន្តែព្រោះតែការបញ្ចុះបញ្ចូលពីក្លិប PSG ទើបធ្វើឱ្យរូបគេផ្លាស់ប្តូរចិត្តបន្តស្នាក់នៅទឹកដីបារាំង។
 
បច្ចុប្បន្ន Mbappe កំពុងតែបង្ហាញទម្រង់លេងល្អខ្លាំងឡើងវិញស្ថិតជាមួយ PSG ខណៈការប្រកួតក្របខណ្ឌ Ligue 1 សប្តាហ៍នេះរូបគេជួយដល់ក្រុមយកឈ្នះលទ្ធផល ២-០ លើក្រុម Nantes។ បើទោះជាមានរឿងរ៉ាវច្រើនលើបញ្ហាអនាគត ប៉ុន្តែ Mbappe ស៊ុតបាល់បញ្ចូលទី ៣៦គ្រាប់រាល់ពានរង្វាន់ដែលក្លិប PSG បានលេងគិតមកដល់ពេលនេះ។
 
Real Madrid ស្ថិតនៅកំពូលតារាងក្របខណ្ឌ La Liga ដោយរកបាន ៦២ពិន្ទុ នាំមុខក្រុមលេខ ២ Girona ៦ពិន្ទុ និង Barcelona ចំនួន៨ពិន្ទុ ក្រោយការប្រកួត១៥លើកដូចគ្នា៕

Tag:
 Kylian Mbappe
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com