RFI
អន្តរជាតិ
តុលាការយុត្តិធម៌អន្តរជាតិពិភាក្សាអំពីផលប៉ះពាល់ នៃការដាក់អាណានិគមអ៊ីស្រាអែលលើដីប៉ាឡេស្ទីន សំណង់អគារផ្ទះនិគមជនជ្វីហ្វអ៊ីស្រាអែល នៅតំបន់ Givat Ze'ev ក្នុងតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។ រូបថត ថ្ងៃទី ១៨ មិថុនា ២០២៣ AP - Ohad Zwigenberg
×
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
ចាប់ពីថ្ងៃចន្ទ ទី១៩កុម្ភៈ តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ នឹងបើកសវនាការ ពិភាក្សាអំពីផលប៉ះពាល់ផ្នែកច្បាប់ ដែលបណ្តាលមកពីការដាក់អាណានិគមអ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន គិតចាប់ពីឆ្នាំ១៩៦៧មក។ សវនាការពិភាក្សានេះ គឺត្រូវបានធ្វើឡើង ដោយអនុលោមទៅតាមសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០២២។ ចៅក្រមតុលាការក្រុងឡាអេ នឹងស្តាប់អំណះអំណាង ពីតំណាងប្រទេសជាង៥០ប្រទេស។
ក្នុងរយៈពេលពេញមួយសប្តាហ៍ តំណាងប្រទេសចំនួន៥២ប្រទេស នឹងចូលបន្តគ្នា ថ្លែងអំណះអំណាងចំពោះមុខចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដោយមានទាំងសហរដ្ឋអាមេរិក ចិន រុស្ស៊ីជាដើម។ ក្នុងសវនាគេនឹងពិភាក្សា អំពីផលប៉ះពាល់ផ្នែកច្បាប់ទាំងឡាយ ដែលកើតចេញពី គោលនយោបាយ និងការអនុវត្តរបស់អ៊ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានដាក់អាណានិគម តាំងតែពីឆ្នាំ១៩៦៧មក ដោយរាប់ទាំងទីក្រុងហ្សេរុយសាឡឹមខាងកើតផង។
សូមរំលឹកថា សវនាការពិភាក្សា ដែលតុលាការក្រុងឡាអេ បានចាប់ផ្តើមបើកជាផ្លូវការនេះ គឺជាលទ្ធផលនៃសេចក្តីសម្រេចចិត្តរបស់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០២២។ ប្រទេសចំនួន៨៧បានបោះឆ្នោតយល់ព្រម ទល់នឹង២៦ប្រឆាំង ហើយ៥៣អនុប្បវាទ។ សេចក្តីសម្រេចចិត្តនេះ បានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ ត្រូវពិនិត្យមើលឲ្យបានស៊ីជម្រៅ ទាក់ទិននឹងផលប៉ះពាល់ផ្នែកគតិយុត្តិ ដែលកើតចេញពី ការរំលោភបំពានឥតស្រាកស្រាន្ត បង្កឡើងដោយអ៊ីស្រាអែល ទៅលើសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនការមានឯករាជ្យភាព។
សេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិនេះ គឺសំដៅទៅលើ ការដាក់អាណានិគមយូរអង្វែង លើដែនដីប៉ាឡេស្ទីន គិតចាប់ពីឆ្នាំ១៩៦៧។ តុលាការក្រុងឡាអេ នឹងពិនិត្យផងដែរ អំពីវិធានការទាំងឡាយទាំងពួងរបស់អាជ្ញាធរអ៊ីស្រាអែល ដែលសំដៅធ្វើឲ្យប្រែប្រួលដល់ល្បាយប្រជាជន ព្រមទាំងលក្ខន្តិកៈនៃទីក្រុងហ្សេរិយសាឡឹម។ ហើយបន្ថែមពីនេះ អង្គការសហប្រជាជាតិ បានស្នើទោចៅក្រុមតុលាការក្រុងឡាអេ ត្រូវពិនិត្យលើ វិធានការផ្សេងទៀតរបស់អាជ្ញាធរអ៊ីស្រាអែល ដែលអាចលក្ខណៈជាវិធានការរើសអើងពូជសាសន៍ ធ្វើទៅលើប្រជាជនប៉ាឡេស្ទីន។
គួរបញ្ជាក់ថា សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលដោះស្រាយវិវាទរវាងប្រទេសនិងប្រទេស គឺមានតម្លៃចាប់បង្ខំ បើទោះបីជាតុលាការមិនសូវមានមធ្យោបាយចាប់បង្ខំជាក់ស្តែងក៏ដោយ។ តែដោយឡែក នៅក្នុងសំណុំរឿង ដែលគេកំពុងបើកការពិភាក្សានេះ គឺសាលក្រមតុលាការ នឹងមិនមានតម្លៃចាប់បង្ខំទេ គឺមានតម្លៃត្រឹមតែជាអនុសាសន៍តែប៉ុណ្ណោះ។
តាមការគ្រោងទុក តុលាការក្រុងឡាអេ នឹងអនុវត្តនីតិវិធីបន្ទាន់ ដោយសម្រេចចេញសាលក្រម ឲ្យបានមុនដាច់ឆ្នាំ២០២៤។
អ៊ីស្រាអែលមិនចូលរួមនៅក្នុងសវនាការពិភាក្សានេះទេ។ លោកបេនចាមិន នេតាន់យ៉ាហ៊ូ ធ្លាប់បានរិះគន់ខ្លាំងៗ ទៅលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ សូមរំលឹកថាដែរថា កាលពីឆ្នាំ២០០៤ តុលាការក្រុងឡាអេ ធ្លាប់បានចេញសាលក្រមមួយរួចហើយ ដោយបានចាត់ទុក ផ្នែកខ្លះនៃជញ្ជាំងបេតុង ដែលអ៊ីស្រាអែលបានសាងសង់ខណ្ឌចែក នៅលើដីប៉ាឡេស្ទីន ថាជាអំពើខុសច្បាប់ ហើយត្រូវតែរុះរើវាយរលំចោល។
បញ្ហាការដាក់អាណានិគមរបស់អ៊ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីនតំបន់ស៊ីហ្សកដានី គឺជាចំណុចខ្ទាស់មួយយ៉ាងធំ និងដ៏ស្មុកស្មាញ នៅក្នុងដំណើរការកសាងសន្តិភាពឈានទៅប្រកាសរដ្ឋប៉ាឡេស្ទីន ក្នុងថ្ងៃអនាគត។ ហើយបញ្ហានេះ ក៏ជាប្រភពដែលតែងតែបង្កឲ្យមានភាពតានតឹង ផ្ទុះអំពើហិង្សា រវាងប្រជាជនប៉ាឡេស្ទីន និងប្រជាជនអ៊ីស្រាអែល៕
© រក្សាសិទ្ធិដោយ thmeythmey.com