អន្តរជាតិ
WHO បញ្ចប់ការជម្លៀសអ្នកជំងឺពីមន្ទីរពេទ្យមានការប្រយុទ្ធនៅកាហ្សាជាលើកទីពីរ រូបភាព Xinhua
× អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២០ ខែកុម្ភៈបានបញ្ចប់បេសកកម្មជម្លៀសអ្នក ជំងឺជាលើកទីពីរពីមន្ទីរពេទ្យ Nasser របស់កាហ្សា ក្រោយបានបញ្ចូនអ្នកជំងឺធ្ងន់ធ្ងរសរុបចំនួន ៣២ នាក់រួមទាំងកុមារចេញពីកន្លែងនោះ ចំពេលមានការប្រយុទ្ធគ្នារវាងកម្លាំងអុីស្រាអែល និងហាម៉ាស។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ WHO បាននិយាយថា មន្ទីរពេទ្យ Nasser នៅទីក្រុង Khan Younis បានឈប់ដំណើរការកាលពីសប្តាហ៍មុន បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលមួយសប្តាហ៍ និងការវាយឆ្មក់។ បុគ្គលិករបស់ WHO លើកឡើងថា មន្ទីរពេទ្យបានរងការខូចខាតយ៉ាងខ្លាំងដែលមិនអាចពិពណ៌នាបាន ហើយបានបង្ហាញពីការព្រួយបារម្ភចំពោះអ្នកជំងឺដែលឈឺ និងរបួសសរុបប្រមាណ ១៣០នាក់ និងគ្រូពេទ្យចំនួន ១៥ នាក់ដែលនៅមិនទាន់ត្រូវបានជម្លៀសចេញពីទីនោះនៅឡើយ។
អុីស្រាអែល ចាត់ទុកថា មន្ទីរពេទ្យមួយនេះ ត្រូវបានក្រុមហាម៉ាសយកជាខែលសម្រាប់ការពារខ្លួន ក្នុងប្រតិបត្តិការយោធានៅតំបន់កាហ្សា។ ក្រុមហាម៉ាសបានច្រានចោលរឿងនេះ ហើយថ្លែងការពារថា ការចោទប្រកាន់របស់អុីស្រាអែលជាលេស ដើម្បីបំផ្លាញប្រព័ន្ធថែទាំសុខភាព នៅក្នុងតំបន់។
«WHO ភ័យខ្លាចចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកជំងឺ និងបុគ្គលិកសុខាភិបាល ដែលនៅសេសសល់ក្នុងមន្ទីរពេទ្យ ហើយព្រមានថាការរំខានបន្ថែមទៀតដល់ការថែទាំ សង្គ្រោះជីវិតសម្រាប់អ្នកជំងឺ និងរបួសនឹងនាំឱ្យមានការស្លាប់កាន់តែច្រើន»។ WHO បានបង្ហោះសារលើបណ្ដាញសង្គម X បែបនេះ នៅថ្ងៃទី២០ ខែកុម្ភៈ។
អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា កិច្ចខិតខំដើម្បីផ្ទេរអ្នកជំងឺដែលនៅសល់កំពុងបន្ត ខណៈដែល មន្ទីរពេទ្យនោះមិនមានអគ្គិសនី ឬទឹកប្រើប្រាស់ ហើយកាកសំណល់វេជ្ជសាស្រ្ត និងសម្រាមកំពុង បង្កើតជាកន្លែងបង្កាត់ពូជសម្រាប់ជំងឺផ្សេងៗផងដែរ។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ថា ស្ថានភាពបានឈានដល់កម្រិតមហន្តរាយ ហើយកងកម្លាំងអុីស្រាអែលបានបំប្លែងទីតាំងឱ្យទៅជាបន្ទាយយោធា ដែលធ្វើឱ្យជីវិតរបស់អ្នកដែលនៅសល់នៅទីនោះកំពុងរងការគំរាមកំហែងដោយផ្ទាល់។
បើតាមរបាយការណ៍របស់អ្នកស្រាវជ្រាវឯករាជ្យនៅអាម៉េរិក និងអង់គ្លេស នៃសកលវិទ្យាល័យសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចនៃទីក្រុងឡុងដ៍ និងមជ្ឈមណ្ឌលJohns Hopkins សម្រាប់សុខភាពមនុស្សធម៌ មនុស្សប្រហែល ៨ពាន់នាក់ទៀត នៅតែអាចស្លាប់នៅទីនោះក្នុងរយៈពេលប្រាំមួយខែខាងមុខ ដោយសារវិបត្តិសុខភាពសាធារណៈ ទោះការប៉ះទង្កិចគ្នានឹងបញ្ចប់ក៏ដោយ៕
Tag:
WHO
អុីស្រាអែល
ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com