ជាតិ
អ្នកដឹកនាំរឿងជើងចាស់ មុត ថារី ដឹងខ្លួនវិញហើយ ប៉ុន្តែនៅតែឈឺក្បាលខ្លាំង ក្រោយអស់ជាតិថ្នាំ
21, Feb 2024 , 12:09 pm        
រូបភាព
ភ្នំពេញ៖ ពេលនេះលោក មុត ថារី អ្នកដឹកនាំរឿងជើងចាស់ ដែលត្រូវជាកូនប្រសាកវី គង្គ ប៊ុនឈឿន បានដឹងខ្លួនវិញហើយ ក្រោយចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ អស់ជាច្រើនថ្ងៃ ដោយសារជំងឺ ស្ទះសរសៃឈាម និងមានសរសៃឈាមខ្មៅ ក្នុងខួរក្បាល។ ទោះជាយ៉ាងណា លោកនៅតែមានអាការឈឺក្បាលខ្លាំង ក្រោយអស់ជាតិថ្នាំ។



លោក សាវិន ហ្វីលីព ដែលជាតួសម្ដែងភាពយន្ត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ជំងឺរបស់លោក មុត ថារី មានហានិភ័យខ្លាំង ដោយសារតែលោកមានជន្មាយុច្រើន ហើយការងារជាអ្នកដឹកនាំរឿងរបស់លោក ត្រូវប្រើគំនិតខ្លាំង។ លោក ហ្វីលីព ថា ទោះបីពេលនេះ លោក ថារី បានដឹងខ្លួនហើយក៏ពិតមែន ប៉ុន្តែស្ថានភាពរបស់លោក នៅពុំទាន់ប្រសើរឡើយ។ 
 
«ចុងក្រោយនេះ គាត់ដឹងខ្លួនវិញហើយ ប៉ុន្តែពេលដែលអស់ជាតិថ្នាំ គាត់ឈឺក្បាលខ្លាំង។ ដោយសារតែស្ទះសរសៃឈាម និងមានសរសៃឈាមខ្មៅក្នុងខួរក្បាល។ ការងារអ្នកដឹកនាំរឿង ត្រូវគិតច្រើនណាស់ ដូច្នេះធ្វើឱ្យគាត់តាមតឹងខ្លាំង វាមិនមែនជាការងារងាយស្រួលទេ។ គាត់ចាស់ហើយ អាយុ៦៩ឆ្នាំទៅហើយ ហើយគាត់មានជំងឺបែបនេះទៀត ហានិភ័យណាស់។ គាត់ធ្វើការលើសម៉ោង ដល់យប់ជ្រៅរហូត ដូច្នេះធ្វើឱ្យគាត់លេបថ្នាំមិនទៀតទាត់ ជួនកាលគាត់ភ្លេចលេបទៀត»។ នេះជាការបញ្ជាក់របស់លោក ហ្វីលីព។
 
លោក មុត ថារី កំពុងសង្គ្រោះបន្ទាន់ នៅអគារប្រព័ន្ធប្រសាទសម្ដេចតេជោ(កាល់ម៉ែត) ដោយ​លោកស្ទះសរសៃឈាមខ្មៅក្នុងខួរក្បាល ខណៈកំពុងដឹកនាំរឿងស្ដីពីជីវិតពិត របស់អ្នកឧកញ៉ា សៀង ណាំ ក្នុងខេត្តបាត់ដំបង ។
 
លោក ហ្វីលីព រំលឹក៖«ពេលនៅកន្លែងកំពុងថត គាត់ចាប់ផ្ដើមធ្វើទុក្ខ គាត់ឡើងឈាម ហើយគាត់ឈឺក្បាលខ្លាំង។ គាត់ចូលពេទ្យនៅបាត់ដំបងដូចជាមួយថ្ងៃ។ ប៉ុន្តែគាត់ខ្លាចហួសពេល ក៏បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង»។ 
 
បើតាមលោក សាវិន ហ្វីលីព ,លោក ថារី ផ្ទាល់ ទើបតែបានដឹងថា ខ្លួនមានជំងឺ ស្ទះសរសៃឈាមខ្មៅ​ក្នុងខួរក្បាល នៅពេលលោកចូលពេទ្យសង្គ្រោះបន្ទាន់នេះប៉ុណ្ណោះ។ 
 
កន្លងមកលោក មុត ថារី បានដឹងថា ខ្លួនមានជំងឺលើឈាម តាំងពីយូរមកហើយ និងតែងតែលេបថ្នាំប្រចាំជានិច្ច។ ប៉ុន្តែដោយសារតែការងាររបស់លោក រវល់ខ្លាំងពេក ទើបលោកតែងតែភ្លេចលេបថ្នាំជាញឹកញយ។ 
 
សារព័ត៌មានថ្មីៗ នៅពុំទាន់អាចសុំការបញ្ជាក់បន្ថែម ពីសាច់ញាតិរបស់លោក មុត ថារី បាននៅឡើយ៕ 

Tag:
 សិល្បៈ
  ជំងឺ
  ភាពយន្ត
 
© រក្សាសិទ្ធិដោយ thmeythmey.com