ជាតិ
តំណែងថ្មី នឹងធ្វើឱ្យលោក ហ៊ុន ម៉ានី ដឹកនាំកំណែទម្រង់រដ្ឋបាលសាធារណៈបានលឿន
21, Feb 2024 , 3:59 pm        
រូបភាព
ព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤ បានផ្តល់របត់មួយទៀតនៅក្នុងជីវិតនយោបាយរបស់លោក ហ៊ុន ម៉ានី។ តំណាងរាស្ត្រវត្តមានចំនួន១២០រូប ដែលរួមមានទាំងសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបោះឆ្នោតជាឯកច្ឆ័ន្ទផ្ដល់សេចក្ដីទុកចិត្តតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី, លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី។


តំណែងថ្មីនេះ បាននាំលោក ហ៊ុន ម៉ានី ឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១ របស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយអ្នកនយោបាយបន្តវេន។
 
លោក ហ៊ុន ម៉ានី ធ្លាប់ជាអ្នកតំណាងរាស្ត្ររយៈពេល១០ឆ្នាំមកហើយ ដោយរាប់ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០២៣ (នីតិកាលទី៥ និងទី៦)។ 
 
មានអ្នកគាំទ្រជាច្រើន ទាំងមន្ត្រី មិត្តភក្តិ និងជាពិសេសយុវជនដែលធ្លាប់ស្គាល់ និងធ្លាប់បំពេញការងារជាមួយលោក ហ៊ុន ម៉ានី កំពុងផ្ញើសារជូនពរលោក ហ៊ុន ម៉ានី តាមប្រព័ន្ធសារព័ត៌មាន និងបណ្ដាញសង្គម។ គេនៅមិនទាន់លឺការអត្ថាធិប្បាយអ្វីពីលោកឧបនាយករដ្ឋមន្ត្រីថ្មី អំពីការឡើងតំណែងនេះនៅឡើយទេ។ ប៉ុន្តែអ្នកស្គាល់លោក ម៉ានី ច្បាស់នោះ ពិតជានៅចាំពាក្យលោក ម៉ានី ដែលតែងតែនិយាយថា តួនាទីគឺជាកិត្តិយស តែវានាំមកជាមួយនូវការទទួលខុសត្រូវ។
 
នៅក្នុងអាណត្តិនៃអ្នកដឹកនាំបន្តវេននេះ លោក ហ៊ុន ម៉ានី គឺជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ដោយសារតែ រដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវផ្តោតអាទិភាពលើការពង្រឹងស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប និងជាពិសេសការពង្រឹងគុណភាពមន្ត្រីនោះ គេសង្កេតឃើញ លោក ហ៊ុន ម៉ានី បានធ្វើការងារសិ្នទ្ធជាមួយសម្ដេចនាយករដ្ឋមន្ត្រី។
 
លោក ហ៊ុន ម៉ានី កំពុងទទួលបន្ទុកកិច្ចការងារស្នូលមួយប្រចាំអាណត្តិទី៧នេះ។ កំណែទម្រង់រដ្ឋបាលសាធារណៈ ដែលគ្របដណ្ដប់ដល់ដំណើរការរបស់ស្ថាប័ន និងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល គឺជាការដ្ឋានការងារមួយដ៏ធំសម្បើម។ ទន្ទឹមគ្នានេះ ការរៀបចំយន្តការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក៏ជាការងារចាំបាច់ និងបន្ទាន់ផងដែរ។ 
 
នៅក្នុងសេចក្ដីថ្លែងហេតុដែលត្រូវបានជម្រាបជូនរដ្ឋសភាពេញអង្គ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការស្នើតែងតាំងបេក្ខជន៣រូប ជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីនោះ «គឺជាតម្រូវការចាំបាច់ក្នុងការជំរុញអនុវត្តឱ្យសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុតនូវកម្មវិធីនយោបាយរបស់រដ្ឋាភិបាល។»។
 
នៅក្នុងន័យនេះហើយ ទើបសម្ដេចធិបតីនាយករដ្ឋមន្ត្រីសម្រេចតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដើម្បីអាចដឹកនាំអនុវត្តការងាររដ្ឋមួយចំនួនធំទាក់ទងនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ ខណៈដែលរដ្ឋមន្ត្រីនៃក្រសួងមួយចំនួន មានតួនាទីជាឧបនាយករដ្ឋមន្ត្រីរួចហើយនោះ។
 
លោក ហ៊ុន ម៉ានី ត្រូវបានសាធារណជនសម្គាល់ថា ជាអ្នកនយោបាយដែលដឹកនាំការងារច្រើន ទាំងការងារស្នូលរបស់រដ្ឋ និងទាំងកិច្ចការសង្គម។ ទន្ទឹមនឹងការដឹកនាំចលនាយុវជនដ៏ធំ និងមានឥទ្ធិពល លោក ម៉ានី ក៏កំពុងដឹកនាំគម្រោងជាច្រើនទៀតក្នុងវិស័យបច្ចេកវិទ្យា មនុស្សធម៌ ជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com