ដោយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ដើម្បីអបអរទិវាជាតិ ២៤ កុម្ភៈ លើកទី ២៥ ស្តីពីការយល់ដឹងអំពីមីន សហរដ្ឋអាមេរិកសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួន ចំពោះសកម្មភាពមីនមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់ថវិកាចំនួនជាង ២០៨ លានដុល្លារ សម្រាប់ដោះយុទ្ធភណ្ឌផ្ទុះសល់ពីសង្គ្រាម គិតតាំងពីឆ្នាំ ១៩៩៣ មក។ យើងមានកិត្តិយសក្នុងការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះគោលដៅធ្វើឲ្យលែងមានគ្រាប់មីននៅកម្ពុជា នៅត្រឹមឆ្នាំ ២០២៥ ដោយផ្តល់ជំនួយបន្ថែមចំនួន ១២ លានដុល្លារ ជាជំនួយសម្រាប់ការដោះមីនសម្រាប់ឆ្នាំ ២០២៤។ ការប្តេជ្ញាចិត្តរបស់យើង បានជួយសង្គ្រោះជីវិត និងជួយប្រជាជនកម្ពុជា ឲ្យបន្តនូវការអភិវឌ្ឍ។
ជំនួយរបស់សហរដ្ឋអាមេរិក បានគាំទ្រដល់ការខិតខំជារួម និងប្រកបដោយជោគជ័យ ក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានសុវត្ថិភាព និងជាកន្លែងមានអំណោយផលល្អ សម្រាប់ពលរដ្ឋខ្លួន និងភ្ញៀវអន្តរជាតិ តាមរយៈការបោសសម្អាតមីន ការអប់រំពីគ្រោះថ្នាក់ និងការកម្ទេចអាវុធធុនតូច។ ថ្វីបើសហរដ្ឋអាមេរិក មិនដើរតួនាទីក្នុងការពង្រាយគ្រាប់មីន នៅក្នុងសង្គ្រាមរាប់ទសវត្សរ៍នៅកម្ពុជាក្តី ក៏ជំនួយថវិកាមនុស្សធម៌របស់សហរដ្ឋអាមេរិក បានជួយក្នុងការដោះមីនចំនួនជាង ១០០ ០០០ គ្រាប់ គិតតាំងពីឆ្នាំ ១៩៩៣ មក ដោយធ្វើឲ្យផ្ទៃដីចំនួន ១៥៧ លានម៉ែត្រការ៉េ លែងមានគ្រាប់មីន សម្រាប់សហគមន៍។ លទ្ធផលនេះបានលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ដោយបានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍន៍ និងសកម្មភាពសេដ្ឋកិច្ចជាបន្តទៀត។
កម្ពុជាគឺជាប្រទេសឈានមុខគេ ក្នុងការដោះមីននៅក្នុងប្រទេស ដែលជាស្នាដៃសម្រេចបានគួរឲ្យសរសើរ គាំទ្រដោយសហគមន៍អន្តរជាតិ ដែលមានប្រទេសរាប់សិប មានការប្តេជ្ញាចិត្តចំពោះសកម្មភាពមីនមនុស្សធម៌ និងចំពោះប្រជាជនកម្ពុជា។ ប្រទេសរួមចំណែកធំៗ ចំពោះសកម្មភាពមីននៅកម្ពុជា ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ បានចំណាយប្រាក់សរុបចំនួន ៦០០ លានដុល្លារ តាំងពីឆ្នាំ ១៩៩៣ មក ដើម្បីដោះមីន ផ្តល់ការអប់រំស្តីពីគ្រាប់មីន ផ្តល់គ្រឿងបរិក្ខារ ជួយជនរងគ្រោះ ដោយរួមទាំងផ្តល់ជើងសិប្បនិមិ្មតផងដែរ។
ប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមរាប់ទសវត្សរ៍ ហើយស្ថិតក្នុងចំណោមប្រទេសដែលមានគ្រាប់មីនច្រើនជាងគេ នៅក្នុងពិភពលោក ក្លាយជាប្រទេសឈានមុខគេក្នុងការដោះមីន និងក្នុងការរួមវិភាគទាន ក្នុងពិភពលោក។ ព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនអ្នកបច្ចេកទេសក្នុងការកម្ទេចយុទ្ធភណ្ឌផ្ទុះ ឲ្យចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅអាហ្រ្វិក និងមជ្ឈិមបូព៌ា។ ក្រៅពីនេះ កម្ពុជាបានធ្វើការផ្លាស់ប្តូរចំណេះដឹង ជាមួយអ្នកដោះមីន និងអ្នកបច្ចេកទេសកម្ទេចយុទ្ធភណ្ឌផ្ទុះ នៅប្រទេសកូឡុំប៊ី អ៊ីរ៉ាក់ និងប្រទេសអង់ហ្គោឡា ហើយបានបង្រៀនសមភាគីរបស់គេនៅប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រទេសរុស្ស៊ីប្រើគ្រាប់មីនប្រឆាំងមនុស្សខុសច្បាប់មកលើ បណ្តាលឲ្យជនស៊ីវិលរងរបួសនិងស្លាប់ ហើយបង្កការរាំងស្ទះដល់ផលិតកម្មស្បៀង។
ប្រទេសកម្ពុជានឹងធ្វើជាប្រធាននៃសន្និសីទលើកទី ៥ ស្តីពីការត្រួតពិនិត្យលើអនុសញ្ញាលើការហាមប្រាមគ្រាប់មីន នៅខែវិច្ឆិកា នាឆ្នាំនេះ ។ វាជាឱកាសសំខាន់សម្រាប់ប្រទេសមួយដែលធ្លាប់តែរងគ្រោះដោយចំការមីនជាច្រើន។ ដោយដឹកនាំដោយអាជ្ញាធរមីន (CMAA) ការធ្វើជាប្រធាននៃព្រឹត្តិការណ៍អន្តរជាតិ ឆ្នាំ ២០២៤ គឺជាលើកដំបូងហើយដែលប្រទេសអាស៊ីមួយនេះ ធ្វើជាម្ចាស់ផ្ទះផង និងធ្វើជាប្រធានផង នៃសន្និសីទត្រួតពិនិត្យឡើងវិញ ចាប់តាំងពីអនុសញ្ញាហាមប្រាមគ្រាប់មីនប្រឆាំងមនុស្សបានចូលជាធរមាន នៅឆ្នាំ ១៩៩៩។
សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តក្នុងការព្យាបាល និងការងើបចេញពីផលវិបាកនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងគ្រាប់បែកចង្កោម ដោយផ្តល់ការគាំទ្រដល់គោលដៅដ៏សំខាន់របស់កម្ពុជា ស្តីពីការធ្វើឲ្យលែងមានយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលភាគច្រើនមាននៅភាគខាងកើតនៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកបានជួយកាត់បន្ថយបរិមាណយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកប់ក្នុងដី រួមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមានប្រភពដើមពីសហរដ្ឋអាមេរិកផងដែរ ក្នុងនាមជាប្រទេសផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនាំមុខគេ សម្រាប់អង្គភាពដោះមីនទី ៥ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) ដែលធ្វើការស្ទង់មើលផ្ទៃដីដែលអាចមានគ្រាប់បែកចង្កោមចំនួន ៣៥ លានម៉ែត្រការ៉េ ហើយចូលរួមយ៉ាងសកម្ម ក្នុងការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ជាមួយ CMAC ឆ្លងកាត់រយៈពេល ៣ ទសវត្សរ៍មកហើយ ហើយបានក្លាយជាកម្លាំងសម្រេច ក្នុងការលើកកម្ពស់ការងារសង្គ្រោះប្រជាជនកម្ពុជា។
ក្រៅពីការងាររបស់យើង ជាមួយស្ថាប័នយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងដោះមីនកម្ពុជា អាជ្ញាធរមីន (CMAA) ហើយនិង CMAC សហរដ្ឋអាមេរិក ជួយគាំទ្រដៃគូអនុវត្តសកម្មភាពការងារក្នុងស្រុក និងក្រុមអនុវត្តការងារអន្តរជាតិនានា ដែលមានជំនាញ ហើយធ្វើការនៅកន្លែងជួរមុខ ក្នុងការរាវរក និងដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមានដូចជាអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍កម្ពុជា (NPA) អង្គការហាឡូត្រាស្ត (HALO) អង្គការក្រុមផ្តល់ប្រឹក្សាអំពីមីន (MAG) មូលនិធិមនុស្សធម៌ Golden West អង្គការជនពិការអន្តរជាតិ Humanity & Inclusion អង្គការដោះមីនកម្ពុជា (CSHD) និងអង្គការដទៃទៀត។ ខ្ញុំមានមោទនភាពចំពោះកិច្ចសហការគ្នាជាដៃគូទាំងនេះ ដែលជាការប្តេជ្ញាស៊ីជម្រៅរបស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជា និងនៅទូទាំងពិភពលោក និងមានមោទនភាពដោយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលធ្វើការដើម្បីឲ្យប្រជាជនកម្ពុជាចាកផុតពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៕