សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចអុីស្រាអែលធ្លាក់ចុះជិត ២០ភាគរយ ក្រោយមានសង្រ្គាមជាមួយក្រុមហាម៉ាស
21, Feb 2024 , 4:59 pm        
រូបភាព
មនុស្សម្នាទិញឥវ៉ាន់នៅផ្សារមួយកន្លែងភាគខាងត្បូងតំបន់កាហ្សា ។ រូបភាព ៖ AFP
មនុស្សម្នាទិញឥវ៉ាន់នៅផ្សារមួយកន្លែងភាគខាងត្បូងតំបន់កាហ្សា ។ រូបភាព ៖ AFP
សេដ្ឋកិច្ចរបស់អ៊ីស្រាអែលបានធ្លាក់ចុះជិត២០ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្នុងបរិបទដែលប្រទេសនេះបានលះបង់ធនធាន សម្រាប់សង្គ្រាមនៅតំបន់កាហ្សាជាមួយកម្លាំងហាម៉ាស។​  ​

 
ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប (GDP)របស់អ៊ីស្រាអែល គឺមានទំហំធំជាងអ្វី ដែលអ្នកវិភាគបានព្យាករពីមុន។ ការណ៍នេះបានកើតឡើងពេលទាហានបម្រុងអ៊ីស្រាអែលរាប់សែននាក់ ត្រូវបានចល័តទៅកាន់សមរភូមិ នៅពេលដែលសង្រ្គាមបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
 
កំណើនសេដ្ឋកិច្ចអ៊ីស្រាអែលបានថយចុះ ១៩,៤ភាគរយនៅក្នុងត្រីមាសទី៤ បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ បើតាមទីភ្នាក់ងារស្ថិតិអ៊ីស្រាអែលកងកម្លាំងបម្រុងជាង ៣០០ពាន់នេះ បានទុកការងាររបស់ពួកគេ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលបណ្តាលឱ្យកម្លាំងការងាររបស់ប្រទេសនេះ ធ្លាក់ចុះ៧ភាគរយ ។
 
កត្តាដែលបណ្តាលឱ្យសេដ្ឋកិច្ចអ៊ីស្រាអែលធ្លាក់ចុះ គឺកម្មវិធីឧបត្ថម្ភលំនៅដ្ឋានរបស់រដ្ឋាភិបាលសម្រាប់មនុស្សជាង ១២០ពាន់នាក់ ដែលជម្លៀសចេញពីតំបន់ភាគខាងជើង និងភាគខាងត្បូងរបស់ប្រទេស។
 
បន្ទាប់ពីសង្គ្រាមផ្ទុះឡើង អ៊ីស្រាអែលបានដាក់ការរឹតបន្តឹងយ៉ាងតឹងរ៉ឹង លើកម្មករប៉ាឡេស្ទីនពីតំបន់ West Bank ចូលមកក្នុងប្រទេស។ កង្វះ​ប្រភព​កម្លាំង​ពលកម្ម​មួយ​ផ្សេង​ទៀត ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ឧស្សាហកម្ម​សំណង់​របស់​អ៊ីស្រាអែល ដែល​បង្កើន​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។
 
យ៉ាងណាមិញ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចអ៊ីស្រាអែល នឹងនៅតែមានភាពលូតលាស់ក្នងអត្រា ២ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ប៉ុន្តែកំណើននេះ នៅតែទាបជាងឆ្នាំ២០២២ ដែលមានអត្រាកើនឡើងរហូតដល់ ៦,៥ភាគរយ។ 
 
ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានកើនឡើង ៨៨ភាគរយក្នុងរយៈពេល៣ខែ បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងបើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ លើសពីនេះ ការ​ប្រើ​ប្រាស់​របស់​អ៊ីស្រាអែល​បាន​ធ្លាក់​ចុះ ២៧ភាគរយក្នុង​ត្រី​មាស​ទី ៤ ខណៈការ​នាំ​ចូល​ទំនិញ និង​សេវាកម្ម​បាន​ធ្លាក់​ចុះ ៤២ភាគរយ។ ចំណែកការ​នាំ​ចេញ​បាន​ថយ​ចុះ ១៨ភាគរយ ហើយការវិនិយោគបានថយចុះ ៦៧,៨ភាគរយ៕

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com